34 C
Phnom Penh

​​​មេធាវី​​​ការ​​​ពារ​​​ក្តី​​​ឲ្យ​​​ ខៀវ សំផន បន្ត​​​ចំអក​​​ឲ្យ​​​សាលាក្តីខ្មែរ​​​ក្រហម 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមេធាវីការពារក្តីឲ្យ ខៀវ សំផន បានបន្តចំអកឱ្យសាលាក្តីខ្មែរក្រហមកាលពីម្សិលមិញ ដោយចោទប្រកាន់អង្គជំនុំជម្រះនេះថា មិនសូវចាប់អារម្មណ៍នៅក្នុងការធានាការបើកសវនាការដោយយុត្តិធម៌ហើយបានប្រកាសថា សាលាក្តីនេះសម្រេចបេសកកម្មរបស់ខ្លួនរួចហើយនៅក្នុងការផ្តន្ទាទោសឲ្យប្រមុខរដ្ឋនៅសម័យខ្មែរក្រហម រូបនេះជាប់ពន្ធនាគារអស់មួយជីវិត។

លោកស្រី អានតា ហ្គីស្សេ (Anta Guisse) មេធាវីការពារក្តីអន្តរជាតិបានលើកឡើងថា “លោក ខៀវ សំផន នឹងទទួលមរណភាពនៅក្នុងពន្ធនាគារ”។ លោកស្រីលើកឡើងយ៉ាងដូច្នេះខណៈពេលលោកស្រីចាប់ផ្តើមធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលនៅក្នុងសវនាការដែលមានរយៈពេល២ឆ្នាំកន្លះនេះ ។

មេធាវីជនជាតិបារាំងរូបនេះបានប្រកាស នៅក្នុងសេចក្តីសន្និដ្ឋានដែលមានគោលដៅលើអង្គចៅក្រមថា “គាត់នឹងទទួលមរណភាពនៅក្នុងពន្ធនាគារ ហើយគាត់ក៏ដឹងខ្លួនឯងដែរ។ មេធាវីការពារក្តីឱ្យគាត់ក៏ដឹងដែរ ហើយអ្នកក៏ដឹងដូចគ្នា”។

លោកស្រីបានមានប្រសាសន៍បន្ថែមថា  “បេសកកម្មសម្រេចហើយ។ អ្នកបានផ្តន្ទាទោសឲ្យគាត់ជាប់ទោសអស់មួយជីវិត នោះហើយគឺជាគោលដៅរបស់សវនាការជាប្រវត្តិសាស្ត្រមួយនេះ គឺផ្តន្ទាទោសឲ្យលោក ខៀវ សំផន ជាប់ ពន្ធនាគារអស់មួយជីវិត”។

ខៀវ សំផន អាយុ៨៥ឆ្នាំ និងបងធំទី២នៅរបបខ្មែរក្រហមគឺ នួន ជា ដែលមានអាយុ៩០ឆ្នាំ ជិតឈានដល់ពេលបញ្ចប់ការបើកសវនាការលើកទី២ហើយ ពីបទឧក្រិដ្ឋយ៉ាងច្រើនដែលប្រឆាំងនឹងមនុស្សជាតិ រួមទាំងបទប្រល័យពូជសាសន៍ផង។

cam-photo-eccc-WEBកាលពីឆ្នាំមុនពួកគាត់បានចាញ់នៅក្នុងការប្តឹងទាស់នឹងការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងសវនាការលើកទី១ ពិបទឧក្រិដ្ឋដែលផ្តោតយ៉ាងខ្លាំងលើការជម្លៀសប្រជាពលរដ្ឋចេញពីក្រុងភ្នំពេញ បន្ទាប់ ពីក្រុមកុម្មុយនីស្តជ្រុលនិយមមួយនេះឡើងកាន់អំណាចនៅក្នុងខែមេសា ឆ្នាំ១៩៧៥។

ការផ្តន្ទាទោសលើកដំបូងបានសម្រេចតាមបំណងនៃសាលក្រមផ្តន្ទាទោសរបស់អយ្យការ ជនរងគ្រោះដែលគេហៅថា ដើមបណ្តឹងរដ្ឋប្បវេណី និងម្ចាស់ជំនួយ នេះបើយោងតាមការលើកឡើងរបស់លោកស្រី អានតា ហ្គីស្សេ ដោយគូសបញ្ជាក់ថា “បេសកកម្មទី២”របស់អង្គចៅក្រមគឺត្រូវប្រកាសសាលក្រមផ្តន្ទាទោសមួយទៀតនៅក្នុងសវនាការលើកទី២។

លោកស្រីបានមានប្រសាសន៍ថា “លោកប្រធាន ខ្ញុំជឿជាក់ថា ចាប់ពីថ្ងៃនេះទៅរហូតដល់ប៉ុន្មានខែទៀតពេលមានការចេញសាលក្រមថ្មី នឹងមានការលើកសរសើរជាថ្មីនៅក្នុងដំណើរការរបស់សាលាក្តីនេះ”។

លោកស្រីបានបន្ថែមថា “នឹងមានគោលដៅផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតថ្មីមួយទៀត។ ហើយនឹងមានការអបអរសាទរដូចនៅក្នុងសំណុំរឿង០០២/០១ដែលទទួលបានជ័យជម្នះនៅក្នុងការតស៊ូប្រឆាំងនឹងនិទណ្ឌភាពដែរ”។

លោកស្រី អានតា ហ្គីស្សេ ក៏បានលើកឡើងផងដែរថា សវនាការនេះមានភាពលម្អៀង ហើយបានចោទសួរថា តើវាមានតម្លៃដែរ ឬទេក្នុងការធ្វើជាគំរូសម្រាប់កម្ពុជា និងពិភពលោក។

លោកស្រីបានចោទប្រកាន់សាលាក្តី នេះថា មិនសូវចាប់អារម្មណ៍នៅក្នុងគោលការណ៍ច្បាប់មូលដ្ឋាន ឬនៅក្នុងការការពារសិទ្ធិសម្រាប់សវនាការប្រកបដោយភាពយុត្តិធម៌មួយឡើយ។ លោកស្រីបានបន្ថែមថា មានការលេចឡើងនូវ “ស្ថានភាពមិនគួរឲ្យជឿទុកចិត្ត”ដែលការពិភាក្សាស៊ីជម្រៅពាក់ព័ន្ធនឹងច្បាប់ត្រូវបានចាត់ទុកថា មាន”ភាពចម្លែក”នៅក្នុងសាលសវនាការ។

លោកស្រីបានថ្លែងថា “ហេតុអីយើងត្រូវខ្វាយខ្វល់ម្តងទៀតដោយសារសំណួរបច្ចេកទេសទាំងនេះ? នោះគឺជាអ្វីដែលអ្នកអាចនឹងសួរ”។

លោកស្រីបាននិយាយបន្ថែមនៅក្នុងសំដីបែបចំអកថា “បន្ថែមពីលើនេះទៅទៀតសាលា ក្តីខ្មែរក្រហមនេះមានការខ្វាយខ្វល់បន្តិចតើអ្នកមានគិតអ៊ីចឹងអត់?តើមានសវនាការប្រកបដោយភាពយុត្តិធម៌ណាមួយទេ ក្រោមរបប [កម្ពុជាប្រជាធិបតេយ្យ]? ពួកគាត់គួរតែសប្បាយចិត្តទៅដែលមានមេធាវីតំណាងពួកគាត់នោះ?”។លោកស្រី អានតា ហ្គីស្សេ បាន អះអាងថា អយ្យការមានភាព “ក្រអឺតក្រទម”ដោយសារមានជំនឿថា បន្ទុកភ័ស្តុតាងត្រូវបានកែប្រែ។

លោកស្រីមានប្រសាសន៍ថា “អយ្យការមានភាពប្រាកដប្រជាថា មិនថា ពួកគេធ្វើអ្វីនោះទេ ដាច់ខាតសំណុំរឿងរបស់ពួកគេត្រូវតែទទួលបានជ័យជម្នះ”។ លោកស្រីបានអះអាងថាសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលរបស់ពួកគេមើទៅ “ហាក់បីដូចជាមាននីតិវិធីនៅចំពោះមុខសាលសវនាការតាមពិតមិនមាននោះទេ”។

លោកស្រី អានតា ហ្គីស្សេ បានលើកឡើងពីឧទាហរណ៍នៃស្ថានការណ៍បង្ហាញ ដោយអយ្យការ និងដើមបណ្តឹងរដ្ឋប្បវេណីដែលហួសពីទំហំនៃការចោទប្រកាន់លើខៀវ សំផន ក្នុងនោះរួមមានការប្រព្រឹត្តលើខ្មែរក្រោម និងការលុកលុយចូលទឹកដីវៀតណាមដោយទាហានខ្មែរក្រហមជាដើម។

លោកស្រីបានថ្លែងថាវា “ប្រហែលជាធ្វើឲ្យអ្នកខ្លះមានការតក់ស្លុត ប៉ុន្តែ ខៀវ សំផន មិនកំពុងត្រូវបានកាត់ទោសសម្រាប់អ្វីៗដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩ទេ”។

សេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលរបស់ក្រុមមេធាវីការពារក្តីឲ្យ ខៀ សំផន បញ្ចប់នៅថ្ងៃនេះ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស