27 C
Phnom Penh

ទាហាន​ និង​នគរ​បាល​​​​​មណ្ឌលគិរី​​ស្ថិត​​ក្រោម​ការ​​​ស៊ើបពាក់ព័ន្ធ​រត់ពន្ធឈើ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីយោធា និងនគរបាលកំពូលៗនៅក្នុងខេត្តមណ្ឌលគិរី បានបើកការស៊ើបអង្កេតលើទាហាន និងមន្ត្រីនគរបាលមួយចំនួនរបស់ខ្លួន បន្ទាប់ពីអត្ថបទសារព័ត៌មានមួយអះអាងថា ពួកគេជាប់ពាក់ព័ន្ធការរត់ពន្ធឈើចូលទៅក្នុងប្រទេសវៀតណាម។

ឧត្ដមសេនីយ៍ត្រី ឈិត ម៉េងស្រេង មេបញ្ជាការយោធាខេត្ត និងលោក តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ពួកលោកបានបើកការស៊ើបអង្កេតនេះ បន្ទាប់ពីគេហទំព័រព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលបានអះអាងកាលពីម្សិលមិញថា ក្រុមនេះបានជួយដល់ពួកឈ្មួញរត់ពន្ធឈើ ល្មើសបម្រាមកាលពីខែមករា ឆ្នាំ២០១៦ លើការនាំចេញឈើទៅកាន់ប្រទេសវៀតណាម។

ឧត្ដមសេនីយ៍ត្រី ឈិត ម៉េងស្រេង មានប្រសាសន៍កាលពីម្សិលមិញថា ”ខ្ញុំបានអាន Fresh News នៅថ្ងៃនេះ ហើយបានសរសេរលិខិតមួយច្បាប់ផ្ញើទៅមេបញ្ជាការកងអនុសេនាធំលេខ១ ភ្លាមៗកោះហៅគាត់មកជួបខ្ញុំ ព្រោះយើងចង់សួរគាត់ថាតើព័ត៌មាននេះពិត ឬក៏អត់”។

អត្ថបទចុះផ្សាយរបស់គេហទំព័រ Fresh News បានចោទប្រកាន់លោក គង់ ដាំ មេបញ្ជាការកងអនុសេនាធំលេខ១ និងទាហានម្នាក់ឈ្មោះ គឹម ឆុង ថាជាប់ពាក់ព័ន្ធការជួយក្រុមឈ្មួញរត់ពន្ធឈើ។ អត្ថបទនេះក៏ចោទប្រកាន់លោក ហឿន សុខណា ប្រធានច្រកទ្វារណាំលៀ ស្ថិតក្នុងស្រុកពេជ្រាដា និងអនុប្រធានរបស់លោកឈ្មោះ សំរិទ្ធ ណយ ផងដែរថាជាអ្នកអនុញ្ញាតឱ្យរថយន្តដឹកឈើពី២០ទៅ៣០រថយន្តចូលទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ។

លោក តូច យ៉ុន លើកឡើងថា លោកក៏បានបើកការស៊ើបអង្កេតលើកូនចៅរបស់លោកដែរតាមបញ្ជាពីអភិបាលខេត្ត។ លោកមានប្រសាសន៍ថា “[យើង] នឹងចាប់ខ្លួនពួកគេបញ្ជូនទៅតុលាការ បើរកឃើញថាពួកគេជាប់ពាក់ព័ន្ធ”។

ទោះជាយ៉ាងណា ទាហាន និងមន្ត្រីនគរបាលដែលរងការចោទប្រកាន់ទាំងនេះមិនអាចទាក់ទងសុំការបំភ្លឺបានទេ។

អត្ថបទចុះផ្សាយដដែលមិនបានបកស្រាយពីមូលដ្ឋាននៃការអះអាងរបស់ខ្លួនទេ។ លោក លឹម ជាវុត្ថា នាយកស្ថាប័នគេហទំព័រ Fresh News បានថ្លែងថា លោកមិនដឹងពីសេចក្ដីលម្អិតនៃរឿងនេះទេ ហើយបានបង្វែរសំណួរទៅអ្នកយកព័ត៌មានរបស់គេហទំព័រនេះប្រចាំខេត្តមណ្ឌលគិរី ប៉ុន្តែបានបដិសេធមិនប្រាប់លេខទូរស័ព្ទរបស់អ្នកយកព័ត៌មានទាំងនោះឡើយ។

លោក ងួន សារ៉ាន អភិបាលស្រុកពេជ្រាដាបានអះអាងថា ព័ត៌មាននេះមិនត្រឹមត្រូវទេ។ លោកថ្លែងថា “ខ្ញុំទទួលស្គាល់ថាមានការរត់ពន្ធឈើខ្លះតាមម៉ូតូ ប៉ុន្តែខ្ញុំសុំច្រានចោលព័ត៌មានរបស់ Fresh News ដែលចុះផ្សាយថា រថយន្តពី២០ទៅ៣០គ្រឿងឆ្លងដែនជារៀងរាល់ថ្ងៃ”។

គួររំឭកថា ប្រធានច្រកទ្វារព្រំដែនពីររូបទៀតនៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានព្យួរតួនាទីដោយសារការជួយក្រុមឈ្មួញរត់ពន្ធឈើកាលពីខែមីនា។

មន្ត្រីរដ្ឋាភិបាលបានអះអាងម្ដងហើយម្ដងទៀតថា បម្រាមនាំចេញឈើបានផ្អាកភាគច្រើននូវការជួញដូរឈើរបស់កម្ពុជា ជាមួយប្រទេសជិតខាង។ ប៉ុន្តែទិន្នន័យគយរបស់វៀតណាមបង្ហាញថា គ្រាន់តែនៅក្នុងត្រីមាសទី១ដើមឆ្នាំនេះ ឈើរាប់សែនម៉ែត្រគូបដែលមានតម្លៃដល់ទៅរាប់សិបលានដុល្លារត្រូវបាននាំចូលទៅប្រទេសវៀតណាម។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏កំពុងតែស៊ើបអង្កេតដែរក្រោយពីមានការលាតត្រដាងកាលពីពេលថ្មីៗនេះដោយទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (Environmental Investigation Agency) ជាអង្គការមិនមែនរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេសថា មានប្រតិបត្តិការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំនៅចន្លោះប្រទេសវៀតណាម និងខេត្តរតនគិរី អំឡុងរដូវប្រាំងកន្លងទៅ៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស