មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា ស្ថាប័នបោះឆ្នោតជាតិបានដោះស្រាយបណ្ដឹងទាំង៦៤ដែលប្ដឹងដោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំងពាក់ព័ន្ធការបោះឆ្នោតឃុំ សង្កាត់ កាលពីពេលថ្មីៗ កន្លងមកនេះរួចរាល់អស់ហើយ ដោយបើកផ្លូវសម្រាប់ការប្រកាសលទ្ធផលផ្លូវការនៅថ្ងៃអាទិត្យនេះ។
លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងរបស់ គ.ជ.ប បានមានប្រសាសន៍ថា ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅរៀបចំការបោះឆ្នោតជាតិនៅឆ្នាំក្រោយវិញ ដែលបានដំណើរការហើយខណៈដែលការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្ដើមនៅខែកញ្ញា។
លោក ខន កែវមនោ បានមានប្រសាសន៍កាលពីម្សិលមិញថា ស្ថាប័ននេះបានដោះស្រាយបណ្ដឹងទាំងអស់ពាក់ព័ន្ធការបោះឆ្នោតឃុំ សង្កាត់ ដែលក្នុងនោះបណ្ដឹង៤៣ត្រូវបានច្រានចោល។
លោកបានថ្លែងថា “បណ្ដឹងមួយចំនួនត្រូវទាត់ចោល ព្រោះវាមិនត្រឹមត្រូវតាមច្បាប់ ហើយគ្មានភ័ស្តុតាងជាមូលដ្ឋាន”។ លោកបានបន្ថែមថា បណ្ដឹងមួយចំនួនបានមកដល់បន្ទាប់ពីហួសអាជ្ញាយុកាល។
គ.ជ.ប គឺជាថ្នាក់ចុងក្រោយនៃការដោះ ស្រាយបណ្ដឹងមកពីគ្រប់គណបក្សដែលត្រូវបានបញ្ជូនបន្តដោយគណៈកម្មការរៀបចំការបោះឆ្នោតឃុំទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប្រសិនបើការចរចាបរាជ័យ។
លទ្ធផលក្រៅផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះប្រហែល៧០ភាគរយនៃអាសនៈមេឃុំចៅសង្កាត់ទាំងអស់ គឺប្រហែល៥១ភាគរយនៃសន្លឹកឆ្នោតសរុប។ ក្រៅពីនេះ គណបក្សសង្គ្រោះជាតិឈ្នះទាំងអស់លើកលែងតែអាសនៈមេឃុំមួយប៉ុណ្ណោះ គឺឈ្នះប្រហែល៤៤ភាគរយនៃសន្លឹកឆ្នោតសរុប។
លោក ខន កែវមនោ បានមានប្រសាសន៍ថា គណបក្សទាំងពីរបានដាក់បណ្តឹងចំនួន៤៦សុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ។ប៉ុន្តែមានតែបណ្តឹង៣ប៉ុណ្ណោះត្រូវបានទទួលយកដោយគ.ជ.ប នៅក្នុងហេតុការណ៍ដ៏ចម្រូងចម្រាសដែលត្រូវបានឃ្លាំមើលដោយតំណាង គណបក្សកាលពីសប្តាហ៍មុន។
លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា លោកស្រីមិនដឹងពីការសន្និដ្ឋានចុងក្រោយរបស់ គ.ជ.ប ទេ។ លោកស្រីក៏បានលើកឡើងផងដែរថា គណៈកម្មាធិការនេះគួរតែពិចារណាបន្ថែមលើបណ្តឹងចំនួន ៣០របស់ គណបក្សខ្លួន ដែលក្នុងនោះមានតែបណ្តឹង៣ប៉ុណ្ណោះត្រូវបានដោះស្រាយ។
លោកស្រី ម៉េង សុភារី បានថ្លែងថា “ឃុំមួយចំនួនយើងចាញ់តែមួយឬបីសំឡេងប៉ុណ្ណោះ”។ប៉ុន្តែ លោកស្រីថ្លែងថា គណបក្សនឹងទទួលយកការសម្រេចរបស់គណៈកម្មាធិការនេះ។ លោកស្រីបន្តថា “នេះជាសេចក្ដីសម្រេចចុងក្រោយរបស់ គ.ជ.ប យើងទទួលត្រឹមប៉ុណ្ណឹង ព្រោះច្បាប់តម្រូវ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
យោងតាមលោក ខន កែវមនោ បានឱ្យដឹងថា នៅពេល គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៅថ្ងៃអាទិត្យ គ.ជ.ប ក៏នឹងបន្តរៀបចំសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយផងដែរ ដោយការចុះឈ្មោះបោះឆ្នោតកំណត់ចាប់ផ្ដើមនៅថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ប៉ុន្តែ មិនទាន់មានការកំណត់ជាផ្លូវការសម្រាប់ការបោះឆ្នោតនេះនៅឡើយទេ។
កាលពីខែសីហា ឆ្នាំ២០១៥លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ ថា ការបោះឆ្នោតនឹងធ្វើឡើងអំឡុងខែកក្កដាដូចធម្មតា ដោយលោកទាត់ចោលកិច្ចព្រមព្រៀងឆ្នាំ២០១៤ ដែលគណបក្សប្រឆាំងចង់ឱ្យធ្វើការបោះឆ្នោតនៅខែកុម្ភៈ អំឡុងរដូវប្រាំងវិញ៕ សារុន