លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានសន្យាចំពោះអ្នកគាំទ្រគណបក្សប្រឆាំងក្នុងចំណោមសហគមន៍ខ្មែរអុិស្លាមថា រដ្ឋាភិបាលដែលលោកដឹកនាំនឹងបញ្ចប់ការយាយីផ្នែកនយោបាយពីសំណាក់ ថ្នាក់ដឹកនាំសហគមន៍ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដែលលោកអះអាងថា បានគាបសង្កត់អ្នកប្រជាជនក្នុងសហគមន៍កុំឱ្យចូលរួមជាមួយគណបក្សរបស់លោក។
លោកបានសួរទៅអ្នកចូលរួមខ្មែរអុិស្លាមជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលបានមកជួបជុំគ្នានៅទីស្នាក់ការកណ្ដាលគណបក្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារដើម្បីរំឭកដល់ពិធីរ៉ាម៉ាដនថា “ដោយសាររឿងហេតុនយោបាយ ដោយសារបងប្អូនចូលគណបក្សប្រឆាំង គេរើសអើងមែនទេ បងប្អូន?។

លោកបានថ្លែងថា “បងប្អូនមានជំនឿលើមេដឹកនាំសាសនាតាមកន្លែងនីមួយៗ តាមព្រះវិហារនីមួយៗ ប៉ុន្តែជួនកាលមិនមែនអាស្រ័យលើគាត់ទេ”។ លោកបានបន្ថែមថា “គាត់យល់ គាត់ដឹងស្អីដែលខុស ស្អីដែលត្រូវ គាត់ដឹង ប៉ុន្តែដោយសារឥទ្ធិពលនយោបាយគឺធ្វើឱ្យគាត់មិនអាចធ្វើអីបានឱ្យបានប្រសើរតាមព្រះប្រទានមកទេ ព្រះប្រដៅមកទេ”។
លោក កឹម សុខា បានមានប្រសាសន៍ថា អ្នកគាំទ្រមានអារម្មណ៍ភ័យខ្លាចថា ពួកគាត់នឹងត្រូវគេលែងទទួលស្គាល់ថាជាសមាជិកសហគមន៍ ប្រសិនបើមេដឹកនាំរបស់ពួកគាត់ដឹងពីនិន្នាការនយោបាយរបស់ពួកគាត់ ហើយលោកបានសន្យាថា នឹងបញ្ចប់ការអនុវត្តបែបនេះ នៅពេលគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ។
លោកបានមានប្រសាសន៍ថា “យើងមានសេរីភាពពេញលេញ បងប្អូនជឿចុះ”។ លោកបានបន្ថែមថា “អត់មានតាមដាន អត់មានមេ អត់មានអីត្រូវតាមដាន កត់ឈ្មោះអីទេ”។
លោកបានថ្លែងថា “ខ្ញុំជាអ្នកការពារសិទ្ធិមនុស្ស ខ្ញុំជាអ្នកស្រឡាញ់សេរីភាព”។លោកបានបន្ថែមថា “ខ្ញុំត្រូវការពារសេរីភាពជូនបងប្អូនខ្មែរអុិស្លាមឱ្យបានក្នុងពេលគណបក្សសង្គ្រោះជាតិទទួលដឹកនាំរាជរដ្ឋាភិបាល”។
មេដឹកនាំខ្មែរអុិស្លាមជាន់ខ្ពស់មានទំនាក់ទំនងជ្រាលជ្រៅចំពោះគណបក្សកាន់អំណាច ដោយសារការឡើងកាន់អំណាចរបស់គណបក្សនេះបញ្ចប់អំពើប្រល័យពូជសាសន៍ក្រោមរបបខ្មែរក្រហម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែដាស់តឿនសហគមន៍នេះពីការអត់ឱនគ្នាថា ពួកគាត់អាចរស់នៅដោយរីករាយក្រោមរដ្ឋាភិបាលរបស់លោក ហើយលោកបានប្រដូចការអំពាវនាវឱ្យផ្លាស់ប្ដូររបស់គណបក្សប្រឆាំងទៅនឹងវោហារសាស្ត្រដែលត្រូវបានប្រើដោយក្រុម ប៉ុល ពត។
ប៉ុន្តែក៏មានការខ្សឹបខ្សៀវថាមានពួកប្រឆាំងក្នុងចំណោមខ្មែរអុិស្លាមក្នុងរាជធានីភ្នំពេញ ផងដែរដែលខឹងសម្បារចំពោះសំណើស្ថាបនាផ្លូវរបស់រដ្ឋាភិបាលកៀកជាប់នឹងព្រះវិហារដ៏ធំបំផុតក្នុងប្រទេស។
លោក អះម៉ាត់ យ៉ះយ៉ា ជាខ្មែរអុិស្លាមមួយរូបដែលលោកជារដ្ឋលេខាធិការក្រសួងសង្គមកិច្ចដែរនោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការលើកឡើងនេះទេ ចំណែកលោក សុះ គឹមរី ប្រធានមេដឹកនាំអុិស្លាមជាន់ខ្ពស់ក៏មិនអាចទាក់ទងសុំអត្ថាធិប្បាយបានដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបដិសេធការអះអាងរបស់លោក កឹម សុខា ដែលថា មានការរើសអើងលើអ្នកគាំទ្រគណបក្សប្រឆាំងជាខ្មែរអុិស្លាម។
លោកបានថ្លែងថា “គាត់និយាយបង្កាច់បង្ខូចសភាពការណ៍”។ លោកបន្ថែមថា “បើមានការរើសអើង តើមានបងប្អូនខ្មែរ អុិស្លាមទៅចូលរួមជាមួយគាត់ទេ?”៕ សារុន