31 C
Phnom Penh

លោក គឹម សុខ ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​បំពាន​អំណាច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុងសវនាការលើសំណើសុំនៅក្រៅឃុំរបស់ខ្លួនកាលពីម្សិលមិញ លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយដែលកំពុងជាប់ពន្ធនាគារ បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបំពានអំណាចដើម្បីចាប់ខ្លួនលោកឱ្យខាងតែបាន ហើយជាថ្មីម្តងទៀតបានអះអាងដដែលថា លោកត្រូវគេឃុំខ្លួនដោយមិនត្រឹមត្រូវនៅពន្ធនាគារព្រៃស។

លោក គឹម សុខ ដែលត្រូវបានចោទប្រកាន់កាលពីខែកុម្ភៈពីបទបរិហារកេរ្តិ៍ និងញុះញង់បន្ទាប់ពីអំឡុងពេលផ្តល់បទសម្ភាសន៍តាមវិទ្យុលើកឡើងថា គណបក្សប្រជាជនកម្ពុជាជាប់ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយនោះ បានប្រាប់តុលាការថា លោកនឹងគោរពតាមរាល់លក្ខខណ្ឌដោះលែងឱ្យនៅក្រៅឃុំ។

លោកគូសបញ្ជា់ថា អំណាចលើសលប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចឱ្យលោកបំពានលក្ខខណ្ឌដោះលែងនៅក្រៅឃុំបានឡើយ ទោះបីជាលោកចង់ក៏ដោយ។

cam-photo-kim-sok-WEB-ONLYសំដៅដល់ការអត្ថាធិប្បាយមួយកាលពីឆ្នាំ២០០៨ ដែលក្នុងនោះលោក ហ៊ុន សែន បានអួតពីសមត្ថភាពរបស់ខ្លួនក្នុងការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ លោក គឹម សុខ ថ្លែងថា “អ្នកប្តឹងខ្ញុំសម្ដេច ហ៊ុន សែន។គាត់ធ្លាប់និយាយថា គាត់ដឹងថាអ្នកណាជាអ្នកផោម…ដូច្នេះ ខ្ញុំចេញទៅណាមិនរួចទេ”។

អ្នកអត្ថាធិប្បាយនយោបាយរូបនេះលើកឡើងថា នៅពេលលោកចាកេចញពីការិយាល័យរបស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១២ ខែកុម្ភៈ ជាថ្ងៃដែលលោកផ្ដល់បទសម្ភាសន៍ លោក ហ៊ុន សែន “បានប្រើអំណាចរបស់គាត់នៅចំពោះមុខព្រះរាជអាជ្ញា បញ្ជាឱ្យសមត្ថកិច្ចស៊ីវិលតាមខ្ញុំ”។

ជាដំបូង អ្នកធ្វើអត្ថាធិប្បាយនយោបាយរូបនេះដែលសំណើសុំនៅក្រៅឃុំរបស់ខ្លួនត្រូវបានបដិសេធម្ដងរួចមកហើយបន្ទាប់ពីសវនាការកាលពីខែមីនា ត្រូវបានលោក ហ៊ុន សែន ប្តឹងទារសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារ ហើយក្រោយមកបានប្ដឹងលោកម្ដងទៀតទារសំណងជំងឺចិត្ត២.៥០០ដុល្លារ បន្ទាប់ពីលោក គឹម សុខ ធ្វើអត្ថាធិប្បាយដដែល។

លោក គឹម សុខ ក៏បានអះអាងម្តងទៀតដែរថា មនុស្សដែលធ្វើការឱ្យលោក ហ៊ុន សែន បានព្យាយាមបញ្ចុះបញ្ចូលឱ្យលោកសុំទោសជាសាធារណៈជាថ្នូរនឹងការដោះលែងលោក ហើយបានគំរាមបញ្ជូនលោកទៅឃុំខ្លួនក្នុង “គុកងងឹត” ប្រសិនបើលោកមិនព្រម។

សុំបញ្ជាក់ថា សេចក្ដីសម្រេចរបស់តុលាការលើសំណើសុំនៅក្រៅឃុំនេះនឹងត្រូវប្រកាសនៅថ្ងៃពុធ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស