26 C
Phnom Penh

ការ​ស៊ើបអង្កេត​​ក្នុង​សំណុំរឿង​​មន្ត្រី​អាដហុក​ទាំង​ប្រាំ​​បិទ​បញ្ចប់​​​ ​​រង់ចាំ​សវនាការ​ជំនុំជម្រះ​ទោស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យតុលាការបានឲ្យដឹងកាលពីម្សិលមិញថា ការស៊ើបអង្កេតរយៈពេល១៣ខែលើមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកទាំងបច្ចុប្បន្ន និងអតីតសរុបប្រាំរូបដែលគេហៅរួមគ្នាថា “មន្ត្រីអាដហុកទាំងប្រាំ” បានបិទបញ្ចប់ហើយ ដោយត្រួសត្រាយផ្លូវសម្រាប់សវនាការជំនុំជម្រះក្នុងសំណុំរឿងមួយដែលត្រូវបានមជ្ឈដ្ឋានទូទៅថ្កោលទោសថាអយុត្តិធម៌ និងជារឿងនយោបាយ។

លោក អុី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា “ពេលនេះចៅក្រមស៊ើបសួរបានសម្រេចបិទការស៊ើបអង្កេតហើយ” ហើយកាលបរិច្ឆេទបើកសវនាការជំនុំជម្រះមិនទាន់កំណត់ទេ។

មន្ត្រីជាន់ខ្ពស់អង្គការអាដហុក ៤ រូប និង មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត លោក នី ចរិយា
មន្ត្រីជាន់ខ្ពស់អង្គការអាដហុក ៤ រូប និង មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត លោក នី ចរិយា

លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៅអង្គការអាដហុក អនុប្រធានរបស់លោក គឺលោក ណៃ វង់ដា និងលោក យី សុខសាន្ត ហើយនិងលោកស្រី លឹម មុន្នី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញអស់រយៈពេល៤១៩ថ្ងៃមកហើយ បន្ទាប់ពីរងការចោទប្រកាន់ថាបានសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីឱ្យនាងឆ្លើយបដិសេធស្នេហាលួចលាក់របស់ខ្លួនកាលពីខែមេសាឆ្នាំមុន។

អ្នកទាំងបួនបានចូលខ្លួននៅតុលាការកំពូលក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីដាក់សំណើសុំនៅក្រៅឃុំ។ សូមបញ្ជាក់ថា សំណើលើកមុនៗជាច្រើនរបស់ពួកគាត់ត្រូវបានច្រានចោលរហូត។

ចុងចោទទី៥គឺលោក នី ចរិយា ដែលជាអតីតមន្ត្រីអង្គការអាដហុក និងបច្ចុប្បន្នជាមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងជាប់ឃុំនៅពន្ធនាគារប៉េហ្ស៊ី ដាច់ដោយឡែកពីអ្នកទាំងបួន។ សាលាដំបូងរាជធានីភ្នំពេញបានច្រានចោលសំណើសុំនៅក្រៅឃុំរបស់លោកកាលពីដើមខែនេះ។លោក នី ចរិយា ត្រូវបានចោទប្រកាន់ថាជាជនសមគំនិតក្នុងអំពើសូកប៉ាន់។

តុលាការបានពន្យារពេលឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សទាំងប្រាំរយៈពេល៦ខែចំនួនពីរលើក ដោយលើកទី១នៅខែតុលា ហើយបន្ទាប់មកម្ដងទៀតនៅខែមេសា។ ចៅក្រមស៊ើបសួរ ធាម ច័ន្ទពិសិដ្ឋ ដែលបានជូនដំណឹងដល់មេធាវីរបស់ចុងចោទកាលពីថ្ងៃអង្គារ អំពីការបិទការស៊ើបអង្កេតនេះ បានលើកឡើងថាត្រូវការពេលវេលាបន្ថែមសម្រាប់ការស៊ើបអង្កេត និងការសាកសួរបន្ថែម។

ការឃុំខ្លួនពួកគាត់ត្រូវបានក្រុមការងារមួយនៅអង្គការសហប្រជាជាតិចាត់ទុកថាធ្វើឡើងតាមអំពើចិត្ត រងការរិះគន់ពីសំណាក់ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងរងការថ្កោលទោសពីសំណាក់អង្គការសិទ្ធិមនុស្សអន្តរជាតិនានា ក្នុងនោះរួមមានទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ផងដែរ។

អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង៥០បានអំពាវនាវឱ្យដោះលែងពួកគាត់ជាបន្ទាន់ ហើយបណ្តាអ្នកឃ្លាំមើលស្ថានភាពនយោបាយបានភ្ជាប់ការឃុំខ្លួនពួកគាត់ទៅនឹងការបង្ក្រាបទ្រង់ទ្រាយកាន់តែធំពីសំណាក់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចទៅលើអ្នកប្រឆាំងផ្នែកនយោបាយ និងសង្គមស៊ីវិលនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីដើមខែនេះ។

កាលពីខែមេសា មន្ត្រីអាដហុកទាំងប្រាំត្រូវបានជ្រើសរើសជាបេក្ខភាពប្រកួតប្រជែងវគ្គចុងក្រោយដើម្បីឈានទៅដណ្តើមរង្វាន់ Martin Ennals Award ដែលគេចាត់ទុកថាជារង្វាន់ណូបែលសម្រាប់សិទ្ធិមនុស្ស។

លោក នី សុខា បានលើកឡើងក្នុងសាលសវនាការកាលពីម្សិលមិញថា ការឃុំខ្លួនលោករយៈពេលវែងបានធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់លោក ហើយអ្នកស្រី យ៉ែម ចន្ថា ភរិយារបស់លោក នី ចរិយា ក៏បានលើកឡើងពីការបារម្ភនេះដែរ។

លោក នី សុខា មានប្រសាសន៍ថា “ប៉ុន្មានថ្ងៃមុន ខ្ញុំសន្លប់ក្នុងពន្ធនាគារដោយសារសម្ពាធឈាមខ្ញុំឡើងខ្ពស់។ពួកយើងកាន់តែចុះខ្សោយទៅ”។

អ្នកស្រី យ៉ែម ចន្ថា លើកឡើងថា ស្វាមីរបស់អ្នកស្រីក៏មានបញ្ហាសុខភាពដែរដោយសារការឃុំខ្លួនរយៈពេលវែង។ អ្នកស្រីបាននិយាយតាមទូរស័ព្ទថា ”ក្រពះគាត់ឈឺរាល់ថ្ងៃ ហើយគាត់មានជំងឺដូចជាលើសឈាម ឈឺក្រពះ និងបញ្ហាបេះដូង”។

នៅឯតុលាការកំពូលកាលពីម្សិលមិញ លោក យី សុខសាន្ត បានលើកឡើងពីភាពមិនប្រក្រតីក្នុងរឿងនេះ ដោយលើកឡើងពីមូលហេតុជាជាងយុត្តិសាស្ត្រសម្រាប់ការឃុំខ្លួនក្រុមនេះ។

លោកមានប្រសាសន៍ថា “តាមច្បាប់ បើគេចោទករណីសូកប៉ាន់ អ្នកសូក និងអ្នកទទួលសំណូកសុទ្ធតែប្រព្រឹត្តបទល្មើសដូចគ្នា ចុះហេតុអីក៏មានតែយើងជាប់ឃុំ?”។

លោក ឡោ ចន្ធី មេធាវីការពារចុងចោទទាំងបួនក៏បានលើកជាសំណួរទាក់ទិនវិធីសាស្ត្រស៊ើបអង្កេតរបស់សមត្ថកិច្ចដែរ។

លោកថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា ក្នុងឆ្នាំទី១នៃការឃុំខ្លួនក្រុមនេះ “សាកសួរមនុស្សតែម្នាក់”។ “ហេតុអីចាំបាច់បន្តឃុំខ្លួនពួកគាត់យូរ ហើយពន្យារពេលឃុំខ្លួនមុនពេលកំណត់ជំនុំជម្រះ?”។

មុនពេលសវនាការចាប់ផ្ដើម លោក ណៃ វង់ដា បានសួរថា ហេតុអ្វីបានជាមន្ត្រីសិទ្ធិមនុស្សទាំងនេះនៅតែជាប់ឃុំទៀត ពីព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាចបានឈ្នះការបោះឆ្នោតឃុំ សង្កាត់ថ្ងៃទី៤ ខែមិថុនាហើយ។

លោកបានលើកឡើងថា “ឥឡូវគេជាប់ឆ្នោតហើយ ហេតុអីគាត់នៅឃុំខ្លួនពួកយើងទៀត?”៕សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស