35 C
Phnom Penh

លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​គំរាម​​​សាជា​​​ថ្មី​​​អំពី​​​សង្គ្រាម​​​ ដើម្បី​​​រក្សា​​​អំណាច​​​តទៅ​​​មុខ​​​ទៀត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានងាកមកនិយាយរឿងសង្គ្រាមឡើងវិញ ដោយគំរាមសាជាថ្មីកម្ចាត់មនុស្សប៉ុន្មានរយនាក់ចោលដើម្បីបានគ្រប់គ្រងអំណាចទៅមុខទៀត និងបានចោទប្រកាន់គណបក្សប្រឆាំងថា បង្កសង្គ្រាមតាមរយៈពាក្យសំដីរបស់ខ្លួន ដោយមើលទៅហាក់បីដូចជាយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា មិនទាន់ចប់អ៊ីចឹង។      

ស្ថិតក្នុងឯកសណ្ឋានយោធាលោកនាយករដ្ឋមន្ត្រីបានធ្វើដំណើរពីភ្នំពេញទៅខេត្តត្បូងឃ្មុំតាមឧទ្ធម្ភាគចក្រនាពេលព្រឹកព្រលឹមទៅកាន់កន្លែង ដែលកាលពី៤០ឆ្នាំមុន លោកជាមេបញ្ជាការរងប្រចាំភូមិភាគដ៏វ័យក្មេងរបស់ខ្មែរក្រហម និងកន្លែងដែលលោកបានចុះចូលជាមួយវៀតណាម ហើយបានជួយបង្កើតកងកម្លាំងបះបោរដែលជួយផ្តួលរំលំរបបនេះ នៅឆ្នាំបន្ទាប់។

cam-photo-front_-fresh-newsអង្គុយនៅទីវាលក្រោមកម្ដៅថ្ងៃលើកៅអីឈើដែលមានបង្អែកក្នុងស្រុកកោះថ្ម អមដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍កំពូលៗ លោក ហ៊ុន សែន ដែលនិយាយសំដៅចំៗដល់ការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិឲ្យមានការផ្លាស់ប្តូរផ្នែកនយោបាយនោះ បានមានប្រសាសន៍ថា ពាក្យសម្តីអាចធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមដោយងាយ។

លោកបានមានប្រសាសន៍ថា “មិនចាំតែមានកាំភ្លើងទេ អណ្តាតអ្នកឯងក៏បង្កើតសង្គ្រាមដែរ”។ លោកបានបន្តថា “ដរាបណាអណ្តាតអ្នកឯង ការសរសេររបស់អ្នកឯងនៅតែប្រមាថមាក់ងាយ ខ្ញុំនៅតែនិយាយថា កម្ពុជានៅសល់សង្គ្រាមនៅឡើយ។កុំធ្វេសប្រហែសឲ្យសោះ។ កងទ័ពត្រូវត្រៀមបម្រុង ជានិច្ចដើម្បីបង្ក្រាបរាល់ចលនានៃការផ្តួលរំលំ និងការធ្វើឲ្យខូចខាតប្រទេសជាតិ”។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងម្តងទៀតអំពីយុទ្ធនាការប្តេជ្ញាបង្ហូរឈាមដើម្បីរក្សាសន្តិភាពក្នុងតម្លៃណាក៏ដោយ ដោយ   ទំនងជាផ្តោតគោលដៅចំៗលើលោក សម រង្ស៊ី ដែលត្រូវបានដាក់សម្ពាធឲ្យលាឈប់ពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិកាលពីដើមឆ្នាំនេះ ដោយសារច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្ម។អតីតប្រធានគណបក្សប្រឆាំងរូបនេះក៏បានបង្ខំចិត្តនិរទេសខ្លួនឯងទៅរស់នៅក្រៅប្រទេសផងដែរដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ដែលមជ្ឈដា្ឋានទូទៅមើលឃើញថា មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះ។

លោក ហ៊ុន សែន បានថ្លែងថា “អណ្តាតរបស់ពួកអ្នកជាមូលហេតុនៃសង្គ្រាមហើយបើសិនអស់លោកនៅតែនិយាយអំពីការប្រមាថការគំរាមសម្លាប់ អស់លោកត្រូវត្រៀមក្តារមឈូសទុកឲ្យហើយ”។លោកបានថ្លែងបន្តថា “ដើម្បីការពារប្រជាពលរដ្ឋរាប់លាននាក់ បើចំាបាច់ត្រូវកម្ចាត់១០០ ឬ២០០នាក់ក៏ត្រូវតែកម្ចាត់ដែរ។ អ៊ីចឹងសូមអ្នកស្តាប់ឲ្យច្បាស់…អ្នកណាក៏ដោយឲ្យតែមានគោលដៅបំផ្លាញសន្តិសភាពនេះ អ្នកនឹងទទួលផលនូវអ្វីដែលអ្នកចង់”។

Screen-Shot-2017-06-21-at-11.42.15-PMអំឡុងពេលធ្វើយុទ្ធនការឃោសនាបោះឆ្នោត គណបក្សសង្គ្រោះជាតិបានច្រានចោល ការអះអាងដែលថា ខ្លួនមានបំណងប្រើអំពើហិង្សាដោយលើកឡើងថា ខ្លួនគ្មានអាវុធដើម្បីចាប់ផ្តើម ឬធ្វើសង្គ្រាមទេ។ លោក កឹមសុខា ដែលឡើងជំនួនតំណែងលោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិបានស្វះស្វែងធានាចំពោះអ្នកដែលកំពុងស្ថិតក្នុងអំណាចថា ពួកគេនឹងមិនត្រូវបានផ្តន្ទាទោសនោះឡើយ ប្រសិនបើមានការផ្លាស់ប្តូររដ្ឋាភិបាល។

ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតបានលើកសរសើររដ្ឋាភិបាលសម្រាប់ការគ្រប់គ្រងមិនឲ្យមានអំពើហិង្សានៅថ្ងៃបោះឆ្នោត ប៉ុន្តែថា ការព្រមានច្រំដែលៗអំពីសង្គ្រាម និងអំពើហិង្សារបស់លោកនាយករដ្ឋមន្ត្រី និងមន្ត្រីកំពូលៗផ្សេងៗទៀតអំឡុងពេលធ្វើយុទ្ធនាការឃោសនានោះ បានធ្វើឲ្យការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌។

ទោះជាយាងណា កាលពីម្សិលមិញ លោក ហ៊ុន សែន បានទទួលស្គាល់ថា ការតស៊ូដើម្បីអំណាចគឺជារឿងគ្រួសារ។ដោយសួរកូនៗបីនាក់របស់លោកដែលឈរពីក្រោយ លោកបានមានប្រសាសន៍ថា “មានការប៉ុនប៉ងកម្ទេច ត្រកូលហ៊ុន។ត្រកូលហ៊ុន មិនមែនជាត្រកូលសម្រាប់ឱ្យអ្នកឯងវាយលេងទេ”។

លោកឧត្តមសេនីយ៍ឯក ហ៊ុន មា៉ណែត ដែលជាកូនច្បង គឺជាប្រធាននាយករដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ និងជាមេបញ្ជាការរងនៃកងអង្គរក្សផ្ទាល់របស់ឪពុកលោក។ លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត កូនប្រុសទី២របស់លោក ហ៊ុន សែន គឺជាមេបញ្ជាការរងនៃអង្គភាពចារកិច្ចដ៏មានឥទ្ធិពលនៅក្រសួងនេះ។ កូនប្រុសទាំងពីររូបនេះសុទ្ធតែស្ថិតក្នុងឯកស្ថានយោធាពេលអមដំណើរឪពុករបស់លោក។ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី គឺជាសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់ឪពុករបស់លោក។

cam-photo-hun-sen-2-fbលោក ហ៊ុន សែន បានមានប្រសាសន៍ថា “ត្រកូលហ៊ុន គឺត្រកូលរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា”។ លោកបន្ថែមថា “ត្រកូលហ៊ុន មិនមែនយកប្រទេសនេះជាប្រទេសផ្តាច់មុខតែខ្លួនឯងទេ។ ត្រកូលហ៊ុនធានាការពារនូវសន្តិភាពសម្រាប់ប្រទេសនេះ។ សុំអ្នកទាំងឡាយកុំញុះញង់បង្កើតចលាចល”។

កាលពីខែកក្កដា ឆ្នាំមុន អង្គការក្លូប៊លវីតណេស (Global Witness) បានចេញរបាយការណ៍មួយដោយបង្ហាញអំពីអាណាចក្រជំនួញរបស់ត្រកូលហ៊ុន។ដោយសារមានការសិក្សាស្រាវជ្រាវពីកំណត់ត្រាចុះបញ្ជីពាណិជ្ជ កម្មតាមអីុនធឺណិតរបស់រដ្ឋាភិបាលកម្ពុជាអង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួួយនេះបានរកឃើញថា កូនៗរបស់លោកនាយករដ្ឋមន្ត្រី និងគ្រួសារដ៏ធំរបស់លោកមានភាគហ៊ុនមួយភាគធំនៅក្នុងក្រុមហ៊ុនជាង១០០ ដែលមានទុនរួមសរុបជាង២០០លានដុល្លារនៅក្នុងវិស័យនានាគ្របដណ្តប់លើសេដ្ឋកិច្ច។ របាយការណ៍េនះព្រមានវិនិយោគិនបរទេសទាំងបច្ចុប្បន្ន និងនាពេលអនាគតអំពីហានិភ័យក្នុងការរកស៊ីជាមួយក្រុមហ៊ុនទាំងនេះដែលក្នុងនោះមានមួយចំនួនត្រូវបានរកឃើញថា រំលោភលើច្បាប់ដោយមិនជាប់ទោសពៃរ៍ ក្នុងបរិយាកាសប្រកបដោយអំពើពុករលួយក្រោមការគ្រប់គ្រងរបស់លោកហ៊ុន សែន។

នៅពេលនោះកូនៗរបស់លោកនាយករដ្ឋមន្ត្រីបានរិះគន់ខ្លាំងៗលើរបាយការណ៍នេះ និងស្ថាប័នព័ត៌មានក្នុងស្រុកចុះផ្សាយជាភាសាអង់គ្លេស ដែលបានចុះផ្សាយអត្ថបទពាក់ព័ន្ធនឹងរបាយការណ៍េនះ។កូនៗរបស់លោក ហ៊ុន សែន អះអាងថា របាយការណ៍នេះមានភាពមិនត្រឹមត្រូវច្រើន ប៉ុន្តែមិនបានគូសបញ្ជាក់ថា ខុសត្រង់ណាខ្លះនោះទេ លើកលែងតែឋានន្តរស័ក្តិយោធារបស់ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ដែលថាសរសេរខុសនៅក្នុងរបាយការណ៍។

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីក៏បានចែកអំណោយយ៉ាងច្រើនដល់អ្នកភូមិនៅក្នុងតំបន់ដែលលោកបានចុះទៅផងដែរ ហើយបន្ទាប់មកលោកបានដើរតាមផ្លូវដែលលោកធ្លាប់ប្រើដើម្បីភៀសខ្លួនកាលពី៤០ឆ្នាំមុនទៅកាន់ប្រទេសវៀតណាម។ លោកត្រូវបានមន្ត្រីវៀតណាមទទួលស្វាគមន៍ យ៉ាងកក់ក្តៅនៅព្រំដែនដោយមានទាំងការជូនផ្កាផងដែរកាលពីម្សិលមិញ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស