ព័ត៌មានជាតិ

ព្រះសង្ឃ​​​មួយ​​​អង្គ​​​ត្រូវបាន​​​ចោទប្រកាន់​​​ពីបទ​​​កាន់​​​កាប់​​​អាវុធ​​​ខុស​​​ច្បាប់ 

By

June 23, 2017

អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងបាននិយាយកាលពីម្សិលមិញថា ព្រះសង្ឃមួយអង្គដែលត្រូវបានចាប់ផ្សឹក និងចាប់ខ្លួនក្នុងក្រុងបាត់ដំបងដោយសារបានបង្ហោះរូបថតរបស់ខ្លួនលើទំព័រហ្វេសប៊ុកដោយមានកាន់កាំភ្លើងជ័រផងនោះ ត្រូវបានចោទប្រកាន់ កាលពីម្សិលមិញពីបទកាន់កាប់អាវុធខុសច្បាប់ និងពីបទញុះញង់។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ សកម្មជនព្រះសង្ឃដ៏ឆ្នើមមួយអង្គបានមានសង្ឃដីកាកាលពីថ្ងៃពុធថា ព្រះតេជគុណ ហន សុផាន្នី ព្រះជន្ម២៤វស្សាត្រូវបាននគរបាលមួយក្រុមប្រហែល២០នាក់ចាប់ខ្លួនក្រោយពីព្រះអង្គមិនបានទៅបង្ហាញខ្លួននៅតុលាការកាលពីខែមេសាពាក់ព័ន្ធរូបថតទាំងនេះ។

ព្រះសង្ឃជាច្រើនអង្គជួបជុំគ្នានៅខាងក្រៅសាលាដំបូងខេត្តបាត់ដំបងកាលពីម្សិលមិញ ដើម្បីគាំទ្រដល់ព្រះសង្ឃ ហន សុផាន្នី ដែលត្រូវបានចាប់ផ្សឹក ហើយចាប់ខ្លួន។ ហ្វេសប៊ុក

លោក ជេត វណ្ណី ស្នងការរងនគរបាលខេត្តបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើកាំភ្លើងដែលមានរូបរាងដូចជាកាំភ្លើងវែងនោះ ជាកាំភ្លើងពិត ឬជាកាំភ្លើងជ័រឡើយមុនពេលចុចបិទទូរស័ព្ទរបស់អ្នកយកព័ត៌មាន។

លោក សេង ផានិត អ្នកនាំពាក្យតុលាការបានមានប្រសាសន៍ថា ព្រះសង្ឃអង្គនេះត្រូវបានចោទប្រកាន់ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងញុះញង់ឱ្យព្រឹត្តបទឧក្រិដ្ឋ។

ព្រះតេជគុណ ហន សុផាន្នី ជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដឹកនាំដោយព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលកាលពីម្សិលមិញបានមានសង្ឃដីកាថា ព្រះអង្គបានដឹកនាំព្រះសង្ឃមួយក្រុមប្រមាណ៣៥អង្គធ្វើការតវ៉ានៅខាងក្រៅតុលាការ។

ក្នុងរូបថតដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ព្រះអង្គ ព្រះតេជគុណ ប៊ុត ប៊ុនតិញ កាន់កាំភ្លើងជ័រ ដោយអះអាងថា វាដូចគ្នានឹងកាំភ្លើងជ័រដែលព្រះតេជគុណ ហន សុផាន្នី កាន់ដែលត្រូវបានចោទប្រកាន់ថា កាន់កាប់អាវុធខុសច្បាប់នោះ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ កាន់កាំភ្លើងជ័រ ដោយអះអាងថា វាដូចគ្នានឹងកាំភ្លើងជ័រដែលព្រះតេជគុណ ហន សុផាន្នី កាន់ដែលត្រូវបានចោទប្រកាន់ថា កាន់កាប់អាវុធខុសច្បាប់។ ហ្វេសប៊ុក

ព្រះអង្គមានសង្ឃដីកាក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា នគរបាលនិងព្រះរាជអាជ្ញារងបានប្រាប់ព្រះអង្គឱ្យទៅរកកាំភ្លើងជ័រនោះដើម្បីបង្ហាញថា វាពិតជាកាំភ្លើងជ័រមែន។

ព្រះអង្គបន្តថា “ប៉ុន្តែគ្មាននរណាម្នាក់មកពិភាក្សាទេ”។

ព្រះអង្គមានសង្ឃដីកាថា ទាំងការ “លេងកាំភ្លើងជ័រ និងការនិយាយលេងសើចគឺគ្រាន់តែជាកំហុសតូចតាចប៉ុណ្ណោះ ប៉ុន្តែព្រះតេជគុណ ហន សុផាន្នី គួរតែធ្វើការអប់រំតាមវិន័យព្រះពុទ្ធសាសនា។តុលាការកំពុងតែជ្រៀតជ្រែកព្រះពុទ្ធសាសនាហើយ”។

ព្រះអង្គបន្តថា អាជ្ញាធរបាន “ប្រើប្រាស់អំណាច និងច្បាប់ដើម្បីគាបសង្កត់លើពលរដ្ឋរបស់ខ្លួន”។ ព្រះអង្គបន្ថែមថា “យើងគ្មានអ្វីត្រូវគេដាក់ទោសទណ្ឌទេ ពីព្រោះយើងគ្រាន់តែជាពលរដ្ឋធម្មតា។ នេះហើយជាមូលហេតុដែលយើងត្រូវប្រើម្រាមដៃរបស់យើងជ្រើសរើសនាយករដ្ឋមន្ត្រីដែលល្អ និងតំណាងដែលល្អ”។

ការប្រើម្រាមដៃគឺសំដៅដល់ដំណើរការបោះឆ្នោត ដែលអ្នកបោះឆ្នោតជ្រលក់ម្រាមដៃក្នុងទឹកខ្មៅដើម្បីបង្ហាញថាពួកគាត់បានបោះឆ្នោតរួចហើយ”៕ សារុន