33 C
Phnom Penh

​​​អ្នក​​​ភូមិ​​​ប្រហែល​​​១.០០​​០​​​គ្រួសារ​​​នឹ​​​ង​​​ត្រូវ​​​ឲ្យ​​​រើ​​​លំដៅ​ចេញ​​​ពី​​​លើ​​​ភ្នំ​​​គូលែន​​​​​​ទៅរស់នៅ​​​តាម​​​ជើងភ្នំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងកាលពីម្សិលមិញថា អ្នកភូមិប្រហែល១.០០0គ្រួសារដែលកំពុងរស់នៅក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន ក្នុងខេត្តសៀមរាបនឹងត្រូវឲ្យរើលំនៅដើម្បីទប់ស្កាត់កុំឲ្យពួកគាត់បន្តធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដោយសារការកាប់ទន្ទ្រាន ព្រៃយកដី ការសាងសង់ផ្ទះ ការលក់ដូររបស់របរផ្សេងៗ និងដោយសារកាកសំណល់។

លោក សាយ សំអាល់ បានលើកឡើងថា អ្នកភូមិទាំងនេះបានចូលទៅចាប់ដីនៅក្នុងឧទ្យានជាតិនេះ “ក្នុងពេលថ្មី” ដោយគ្មានប័ណ្ណកម្មសិទ្ធិដីធ្លីនោះឡើយ ជាហេតុធ្វើឲ្យកើតមានក្តីព្រួយបារម្ភថា ពួកគាត់នឹងបំផ្លាញតំបន់ដែលទាក់ទាញភ្ញៀវទេសចរមួយនេះដោយសារកាកសំណល់ដែលពួកគាត់បន្សល់ទុក និងដោយសារការតាំងលំនៅថ្មី។ភ្នំគូលែនមានទឹកធ្លាក់ ប្រាសាទសម័យអង្គរនិងកាំជណ្តើរ ព្រមទាំងបង្កាន់ដៃថ្មបាយក្រៀមដែលសល់ពីសម័យបុរាណ។

លោក សាយ សំអាល់ បានថ្លែងថា “យើងមិនអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងនេះកាប់រានទន្ទ្រានព្រៃយកដីសង់ផ្ទះ ឬយកដីលក់ឲ្យអ្នកផ្សេង ហើយបន្ទាប់មកចាប់កន្លែងផ្សេងបាននោះឡើយ”។

លោកបានលើកឡើងទៀតថា បន្ថែមពីលើការធ្វើឲ្យខូចបរិស្ថាននៅក្នុងឧទ្យានជាតិនេះតាមរយៈការកាប់រានទន្ទ្រានព្រៃឈើនោះ កាកសំណល់ដែលបន្សល់ដោយប្រជាពលរដ្ឋរស់នៅក្នុងឧទ្យាននេះក៏បានធ្វើឲ្យមានក្លិនមិនល្អប៉ះពាល់ដល់ភ្ញៀវទេសចរ ផងដែរ។

លោកបានបន្ថែមថា “យើងនឹងស្នើសុំឲ្យពួកគាត់រើចេញពីទីនោះ ហើយអាជ្ញាធរខេត្តរបស់យើងនឹងរៀបចំដីមួយកន្លែងសម្រាប់ឲ្យពួកគាត់រស់នៅតាមជើងភ្នំ”។

រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះបានលើកឡើងទៀតថា ការសម្រេចឲ្យប្រជាពលរដ្ឋរើលំនៅនេះធ្វើឡើងកាលពីថ្ងៃពុធអំឡុងកិច្ចប្រជុំរយៈពេលពីរថ្ងៃក្នុងខេត្តសៀមរាបដែលរៀបចំដោយអាជ្ញាធរអប្សរា ជាស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកផ្នែកគ្រប់គ្រងឧទ្យានជាតិមួយនេះ និងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (International Coordination Committee) ជាស្ថាប័នគាំទ្រដោយអង្គការសហប្រជាជាតិដែលជាអ្នករៀបចំវេទិការវាងបុរាណវិទូ និងអ្នកជំនាញផ្សេង ស្តីអំពីថា តើត្រូវខិតខំបែបណាដើម្បីអភិរក្សតំបន់បេតិកភណ្ឌអង្គរ។

លោក សាយ សំអាល់ គ្មានព័ត៌មានលម្អិតទាក់ទិននឹងសហគមន៍នេះទេ ប៉ុន្តែថា ពួកគាត់បានមកតាំងលំនៅ “ក្នុងពេលថ្មីនេះ” ។ ទោះជាយ៉ាងណា មេភូមិមួយរូបបានលើកឡើងថា គ្រួសារភាគច្រើនបានចាប់ផ្តើមតាំងលំនៅនៅទីនោះក្នុងឆ្នាំ២០០៩។

លោកបានលើកឡើងទៀតថា អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ខេត្តកំពុងធ្វើការជាមួយគ្នាដើម្បីស្វែងរកដីមួយកន្លែងទុកសម្រាប់សហគមន៍នេះរើមកកាន់ “ប្រសិនបើពួកគាត់យល់ព្រម”។ លោកបានបន្ថែមថា ទាហានដែលត្រូវបានបញ្ជូនឲ្យមករស់នៅក្នុងឧទ្យានជាតិនេះដើម្បីការពារតំបន់នេះនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ក៏នឹងត្រូវឲ្យរើទីតាំងទៅកាន់ទី បញ្ជាការដ្ឋានយោធាផងដែរ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ តំណាងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិក៏មិនអាចទាក់ទងដើម្បីសុំការធ្វើអត្ថាធិប្បាយបានដែរ ប៉ុន្តែ លោកស្រី Anne Lemaistre នាយកប្រចាំប្រទេសនៃអង្គការយូណេស្កូ ធ្លាប់បានលើកឡើងកាលពីមុនថា “យើងជំទាស់យ៉ាងខ្លាំងចំពោះសំណង់ខុសច្បាប់”នៅក្នុងតំបន់អភិរក្ស។

យោងតាម លោក សួស សាខន ប្រធានគ្រប់គ្រងតំបន់ឧទ្យានជាតិនេះបានឲ្យដឹងថា គម្រោងឲ្យអ្នកភូមិប្រហែល១.០០០គ្រួសារនៅក្នុងភូមិចំនួន៤ក្នុងឃុំខ្នងភ្នំ រើលំនៅនេះត្រូវបានពិភាក្សាមួយឆ្នាំកន្លងមកហើយ។លោកបានលើកឡើងថាលោក បានឮថា វាបរាជ័យដោយសាររដ្ឋាភិបាលខ្វះមូលនិធិសម្រាប់គម្រោងនេះ ។

លោក គឹម ឆៃអៀង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា លោក សាយសំអាល់ បានណែនាំឲ្យលោករៀបចំគម្រោងបណ្តេញចេញនេះនៅអំឡុងពេលនោះបុ៉ន្តែថា វានៅមិនទាន់បញ្ចប់នៅឡើយទេ។មន្ត្រីរបស់លោកកំពុងធ្វើការជាមួយក្រសួងនៅឡើយដើម្បីកំណត់ទីតាំងដ៏ត្រឹមត្រូវសម្រាប់ការតាំងលំនៅថ្មី។ លោកបានបន្ថែមថា លោកមិនដឹងទេថា តើពេលណាដំណើរការនេះនឹងចាប់ផ្តើមនោះ។

យោងតាមលោក ឈឿម តាំង មេឃុំខ្នងភ្នំនៅក្នុងស្រុកស្វាយលើបានឲ្យដឹងថា គ្រួសារភាគច្រើននៅក្នុងឃុំនេះបានចាប់ផ្តើមតាំងលំនៅក្នុងឆ្នាំ២០០៩។ លោកបានបន្ថែមថា កាលពីឆ្នាំមុនអ្នកភូមិចំនួន៩៧២គ្រួសាររស់នៅទីនោះ ហើយចំនួននេះមានតែកើនឡើង។

ដោយសំដៅដល់ពុទ្ធប្បដិមាបរិនិព្វាន្តប្រហែង១៧ម៉ែត្រនៅលើភ្នំនេះ លោកបាននិយាយថា “ខ្ញុំអត់ដឹងទេថា តើមានគ្រួសារប៉ុន្មាននឹងត្រូវបណ្តេញចេញពីលើភ្នំនេះ ប៉ុន្តែអាជ្ញាធរខេត្តធ្លាប់បានប្រាប់ខ្ញុំថា ប្រជាពលរដ្ឋរស់នៅជុំវិញព្រះអង្គធំនឹងត្រូវឲ្យរើចេញ”។

ពីមុនឃុំត្បែងដែលនៅជើងភ្នំ គឺជាទីតាំងដែលគេស្នើឡើងទុកសម្រាប់អ្នករើលំនៅពីលើភ្នំ នេះយោងតាមលោក សួស ណារិនអ្នកសើុបអង្កេតប្រចាំខេត្តនេះរបស់សមាគម សិទ្ធិមនុស្សអាដហុក។លោកបានបន្ថែមថា ប៉ុន្តែ អ្នកភូមិជំទាស់ដាច់អហង្ការចំពោះគំនិតបែបនេះ ។

លោកបានថ្លែងថា “ពួកគាត់នឹងមិនយល់ព្រមចាកចេញពីភ្នំនេះទេ ព្រោះពួកគាត់អាចរកប្រាក់កម្រៃពីវិស័យទេសចរណ៍បានដោយងាយស្រួល”។

លោក Nick Berestord នាយកប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដែលបានចូលរួមក្នុងកិច្ចប្រជុំក្នុងខេត្តសៀមរាបបានអះអាងថា មន្ត្រីរបស់លោកកំពុងធ្វើការជាមួយរដ្ឋាភិបាលតាំងពីដើមឆ្នាំនេះមកម្លេ៉ះដើម្បីព្រាងគម្រោងគ្រប់គ្រងដែលនឹងពិចារណាលើផលប៉ះពាល់បរិស្ថាន ជីវចម្រុះ វប្បធម៌ និងស្ថាបត្យកម្ម និងសេចក្តីត្រូវការរបស់មនុស្សនៅក្នុងឧទ្យានជាតិមួយេនះ។ លោកបានលើកឡើងទៀតថា គម្រោងនេះនឹងបញ្ចប់នៅត្រឹមដំណាច់ឆ្នាំនេះ ហើយថា លោកមិនដឹងពីគម្រោងឲ្យអ្នកភូមិរើចេញនោះឡើយ។

លោកបានមានប្រសាសន៍ថា “អ្វីដែល ICC កំពុងលើកឡើងគឺថា ប្រសិនបើអ្នកមានសំណង់ស្ថាបត្យកម្មដែលត្រូវបានការពារ និងប្រាសាទដ៏ស័ក្ដិសិទ្ធិ ព្រមទាំងតំបន់បេតិកភណ្ឌចុះបញ្ជីក្នុងអង្គការយូណេស្កូហើយនោះ អ្នកគួរតែថែរក្សាសម្បត្តិទាំងនេះ។ ប៉ុន្តែ វាមានជាប់ពាក់ព័ន្ធនឹងបញ្ហារសើប ដែលប្រជាពលរដ្ឋនាំគ្នាសាងសង់សំណង់ផ្សេងៗ ។ល។

លោកបានបន្ថែមថា “គ្មាននរណាចង់ឲ្យសហគមន៍នេះរើលំនៅនោះទេ”។ លោកបានបន្តទៀតថា “ប្រសិនបើមានការពិភាក្សាណាមួយពាក់ព័ន្ធនឹងការរើលំនៅនេះ យើងចង់ឲ្យពួកគេធ្វើការវាយតម្លៃលើបញ្ហាដ៏រសើបនេះឲ្យបានត្រឹមត្រូវជាមុនសិន”៕  ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស