លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា គណបក្សកាន់អំណាចខ្លាចគណបក្សប្រឆាំង ប៉ុន្តែគ្មានអ្វីត្រូវខ្លាចរដ្ឋាភិបាលដែលនឹងដឹកនាំដោយគណបក្សសង្គ្រោះជាតិឡើយ ចំណែកលោក សម រង្ស៊ី អតីតប្រធានគណបក្សនេះដែលបាននិរទេសខ្លួនទៅក្រៅប្រទេសបានមានប្រសាសន៍ថា អ្នកបោះឆ្នោតភាគច្រើនដែលចូលចិត្តមេឃុំ ចៅសង្កាត់គណបក្សប្រជាជនកម្ពុជាជាងបេក្ខជនគណបក្សប្រឆាំងនោះ នឹងងាកមកប្រឆាំងគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតជាតិ។
ថ្លែងទៅកាន់អ្នកគាំទ្រក្នុងខេត្តកោះកុង លោក កឹម សុខា បានមានប្រសាសន៍ដោយមិនចេញឈ្មោះគណបក្សប្រជាជនកម្ពុជាថា អ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនា នៅតែខ្លាចកម្លាំងរបស់គណបក្សប្រឆាំង។
លោកបានមានប្រសាសន៍ថា “អ្នកឈ្នះអត់ទាន់ស្ងាត់ទេ”។ លោកបានថ្លែងថា “នៅតែភ័យខ្លាចអញ្ចឹង។ អ្នកឈ្នះភ័យខ្លាចចាញ់វិញ…។ អ្នកចាញ់ភ័យខ្លាចគេធ្វើបាប”។
លោកបន្ថែមថា “អញ្ចឹង គោលបំណងរបស់គណបក្សសង្គ្រោះជាតិគឺចង់ឈ្នះ ដើម្បីរៀបចំស្រុកទេសឡើងវិញ រៀបចំប្រទេសឡើងវិញ ដើម្បីឱ្យអ្នកឈ្នះហើយនោះ បើដឹងខ្លួនចាញ់ទៅ ក៏បានសុខ។ អត់មាននរណាធ្វើទុក្ខនរណាទេ អត់មានអ្នកណាឃុំខ្លួន សងសឹកអ្នកណាទេ”។
លោក សម រង្ស៊ី ដែលនៅតែបង្ហាញមុខសម្រាប់គណបក្សប្រឆាំង បើទោះជាក្រោយពីមានវិធានការច្បាប់ជំរុញឱ្យលោកលាលែងពីគណបក្សសង្គ្រោះជាតិកាលពីខែកុម្ភៈនោះ បានថ្លែងទៅកាន់អ្នកគាំទ្រក្នុងក្រុងឡងប៊ិច ក្នុងរដ្ឋកាលីហ្វ័រញ៉ាថា គណបក្សប្រឆាំងមានសង្ឃឹមឈ្នះខ្ពស់ក្នុងការបោះឆ្នោតជាតិ។
លោកបានលើកឡើងកាលពីថ្ងៃអាទិត្យ ដែលការលើកឡើងនោះត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃពុធថា អ្នកបោះឆ្នោតមួយចំនួនចូលចិត្តមេឃុំ ចៅសង្កាត់គណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋានរបស់ខ្លួន ប៉ុន្តែមិនចូលចិត្តថ្នាក់ដឹកនាំប្រទេសឡើយ។
លោកបានទទួលស្គាល់បេក្ខជនគណបក្សប្រជាជនកម្ពុជាថា “ដើម្បីរក្សាមេឃុំ ពីព្រោះមេឃុំខ្លះល្អគួរសម មនុស្សដែលគេស្គាល់ មនុស្សដែលគេទុកចិត្ត ដែលគេធ្លាប់រាប់អានបានជួយនៅថ្នាក់មូលដ្ឋាន”។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ប៉ុន្តែការផ្តោតទូទាំងប្រទេសពីការបោះឆ្នោតជាតិនៅឆ្នាំក្រោយនឹងធ្វើឱ្យអ្នកបោះឆ្នោតទាំងនេះប្ដូរជំហរ ហើយនឹងធ្វើឱ្យពលករចំណាកស្រុកប្រមាណ១លាននាក់ និងកម្មកររោងចក្រកាត់ដេរ៧០០.០០០នាក់ ដែលមិនបានទៅបោះឆ្នោតឃុំ សង្កាត់ មករូលរួមដែរ។
លោកបានថ្លែងថា “ដល់ឆ្នាំក្រោយ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ…ពេលនោះគេជ្រើសរើសរដ្ឋាភិបាលថ្មី ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីដើម្បីផ្លាស់ប្ដូរថ្នាក់ជាតិ ផ្លាស់ប្ដូរនយោបាយថ្នាក់ជាតិ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានហៅលោក សម រង្ស៊ី ដែលដែលស្ថិតក្រៅប្រទេសចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ ចំពេលពេលមានវិធានការផ្លូវច្បាប់ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជាហេតុផលនយោបាយនោះ ថាជា”មនុស្សក្រៅសង្គម” ដែល “មនុស្សហ្នឹងងាប់ទៅហើយពីឆាកនយោបាយ” ហើយលោកបានបដិសេធមិនអត្ថាធិប្បាយពីការលើកឡើងរបស់គាត់ឡើយ។
ទន្ទឹមនឹងនេះសម្ដីរបស់លោក កឹម សុខា “គ្រាន់តែជាវោហារសាស្ត្រនយោបាយទេ ជាការឃោសនាទេ”។ លោក សុខ ឥសាន ថ្លែងថា “គាត់ទេដែលភ័យខ្លាច”៕ សារុន