បុរសអ្នកជំនួញម្នាក់នៅក្នុងរាជធានីភ្នំពេញ ដែលបានប្ដឹងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពីបទជេរប្រមាថជាសាធារណៈបានប្រាប់ព្រះរាជអាជ្ញាថា សម្ដីរបស់អ្នកនយោបាយរូបនេះពាក់ព័ន្ធពូជសាសន៍ខ្មែរបានធ្វើឱ្យ “ប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់យើង” នេះបើយោងតាមការលើកឡើងកាលពីម្សិលមិញរបស់អ្នកជំនួញរូបនេះ។
លោក សុច សឿង ក៏បានដាក់វីដេអូឃ្លីបចំនួនពីរពាក់ព័ន្ធសម្ដីរបស់លោក ខឹម វាសនា ជូនសាលាដំបូងរាជធានីភ្នំពេញផងដែរ អំឡុងពេលសាកសួរកាលពីថ្ងៃសុក្រ។

លោក សុច សឿង បាននិយាយកាលពីម្សិលមិញថា “ចាប់តាំងពីខ្ញុំចាប់ផ្ដើមលេងហ្វេសប៊ុកមក ហើយស្ដាប់គាត់និយាយអំឡុងវេទិកាម្ដងៗ ខ្ញុំឈឺចាប់ណាស់”។ លោកបានបន្ថែមថា “គាត់និយាយថា អ្នកដែលមិនយល់ពីគាត់និយាយគឺសុទ្ធតែជាឆ្កែ”។
លោកបានលើកឡើងទៀតថា លោកសូម “ស្នើឱ្យតុលាការផ្ដន្ទាទោស [លោក ខឹម វាសនា] តាមច្បាប់ ហើយសុំឱ្យគាត់ធ្វើលិខិតសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ ហើយឈប់ជេរប្រមាថទៀត”។
យោងតាមក្រមព្រហ្មទណ្ឌ “គ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះដែលគ្មានការទម្លាក់កំហុសទៅលើអំពើណាមួយគឺជាការជេរប្រមាថ” ត្រូវពិន័យជាប្រាក់ពី១០០.០០០រៀលទៅ១០.០០០.០០០រៀល ប្រសិនបើបញ្ចេញនៅទីសាធារណៈ។
នៅក្នុងវីដេអូឃ្លីបមួយ ថតចេញពីវេទិកាមួយដែលមានអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចូលរួមក្នុងខេត្តកំពង់ស្ពឺ កាលពីខែកុម្ភៈ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់គណបក្សនេះ លោក ខឹម វាសនា និយាយថា “ទី១ខ្មែរមានឈ្មោះរបស់ខ្លួនរួចហើយ។ប្រទេសខ្មែរក៏មានឈ្មោះរបស់ខ្លួននៅអង្គការសហប្រជាជាតិរួចហើយដែរ។ ទី២ខ្ញុំស្អប់ខ្ពើមពូជសាសន៍នេះណាស់ គឺពូជសាសន៍ខ្មែរ”។

លោក ខឹម វាសនា មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ប៉ុន្តែលោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានលើកឡើងនៅក្នុងសារមួយថា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះនៅមិនទាន់ទទួលបានដីកាកោះរបស់តុលាការនៅឡើយទេពាក់ព័ន្ធនឹងការចោទប្រកាន់នេះគិតត្រឹមថ្ងៃម្សិលមិញ។
កាលពីថ្ងៃព្រហស្បតិ៍ លោក ចិន ថុន បានលើកឡើងនៅក្នុងអុីម៉េលមួយថា ការចោទប្រកាន់ទាំងនេះ”មិនឆ្លុះបញ្ចាំងការពិត” ទេ។ លោកបាននិយាយថា ប្រសិនបើគាត់ស្អប់ខ្ពើមពូជសាសន៍ខ្លួនឯង លោក ខឹម វាសនា មិនបង្កើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បីផ្ដល់ចំណេះដឹងផ្នែកនយោបាយដល់ពលរដ្ឋខ្មែរ និងផ្ដល់ “ឱកាសដើម្បីទទួលបានសិទ្ធិ និងអំណាចដើម្បីទទួលខុសត្រូវលើប្រទេសជាតិ” នោះទេ។
លោកបានលើកឡើងបន្តដោយមិនបញ្ជាក់អត្តសញ្ញាណ “មនុស្សអាក្រក់” ថា “មនុស្សអាក្រក់ដែលមើលឃើញថា ផលប្រយោជន៍របស់ខ្លួនរងផលប៉ះពាល់ ពេលប្រជាពលរដ្ឋទទួលបានចំណេះដឹងនោះ បាននិងកំពុងព្យាយាមធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ ពីព្រោះពេលប្រជាពលរដ្ឋខ្វះចំណេះដឹង ពួកគេអាចទាកយកផលប្រយោជន៍បាន”។
លោក ចិន ថុន បានលើកឡើងទៀតថា “គឺមនុស្សទាំងនោះហើយដែលព្យាយាមលាបពណ៌ និងចោទប្រកាន់យើងថាយើងមើលងាយពលរដ្ឋខ្មែរទូទៅ ដោយសារពួកគេដឹងថា ការរីកធំឡើងៗឥតឈប់ឈររបស់ LDP នឹងរារាំងពួកគេមិនឱ្យកេងប្រវ័ញ្ចប្រជាពលរដ្ឋតទៅមុខទៀត”។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈ្នះបានបួនអាសនៈនៅក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ថយពីប្រាំបីអាសនៈនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១២ នេះបើយោងតាមលទ្ធផលផ្លូវការដែលចេញកាលពីម្សិលមិញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងរបាយការណ៍ឆ្នាំ២០១៣ របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា”៕ស៊ុយឈាង