32.9 C
Phnom Penh

ក្មេង​ស្រី​ដែល​គេ​​​​ចាប់​ពង្រត់​ពី​សាលា ត្រូវបានដោះលែងវិញ​ដោយ​​​សុវត្ថិភាពប៉ុន្មានម៉ោងក្រោយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលកំពុងតែតាមស្វែងរកបុរសម្នាក់ ដែលនៅពីក្រោយការចាប់ពង្រត់ដ៏អាថ៌កំបាំង បន្ទាប់ពីបុរសរូបនេះបានល្បួងក្មេងស្រីអាយុ៩ឆ្នាំម្នាក់ឱ្យចេញពីសាលាមួយនៅក្នុងរាជធានីភ្នំពេញ ហើយនាំទៅកាន់ “មន្ទីរពេទ្យ” មួយ រួចយកស្កុតរុំដៃ និងបិទមាត់នាង មុនពេលដោះលែងនាងមកវិញដោយសុវត្ថិភាព ប្រហែល៨ម៉ោងក្រោយមក នេះបើយោងតាមម្ដាយរបស់ក្មេងស្រីរូបនេះ និងមន្ត្រីនគរបាលមួយរូប។

ក្មេងស្រីរូបនេះទើបតែចូលរៀននៅសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន បានពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្ដូរពីសាលាឯកជនមួយនៅក្បែរនោះ។ នៅម៉ោងប្រហែល១០ព្រឹកថ្ងៃសុក្រ ក្មេងស្រីរូបនេះត្រូវបោកបញ្ឆោតនៅក្នុងបរិវេណសាលាដោយបុរសម្នាក់ដែលប្រាប់នាងថា ម្ដាយរបស់នាងជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ នេះបើយោងតាមអ្នកស្រី ស៊ិន សុជាតិ អាយុ៣៣ឆ្នាំ ដែលត្រូវជាម្ដាយរបស់ក្មេងស្រីរងគ្រោះ។

អ្នកស្រី ស៊ិន សុជាតិ បាននិយាយថា បុរសរូបនេះបានប្រាប់នាងថា “ទៅមើលម្ដាយឱ្យលឿន។ ម្ដាយអូនឯងបែកក្បាលប្រឡាក់សុទ្ធតែឈាម” មិនចាំបាច់ទៅប្រាប់គ្រូទេ។

បុរសរូបនេះក៏បានចាក់អាត់សំឡេងឱ្យក្មេងស្រីរូបនេះស្ដាប់ផងដែរ ដោយអះអាងថា សំឡេងនោះជាឪពុករបស់នាងដែលប្រាប់ថាឱ្យនាងទៅជាមួយខ្លួនដើម្បីទៅមើលម្ដាយ។

ម្ដាយរបស់ក្មេងស្រីរូបនេះបានលើកឡើងទៀតថា មិត្តរួមថ្នាក់មួយចំនួនរបស់កូនស្រីគាត់បានប្រាប់គាត់ថា ពួកគេឃើញកូនស្រីរបស់គាត់ឡើងជិះម៉ូតូដោយខ្លួនឯង។

អ្នកស្រី ស៊ិន សុជាតិ បាននិយាយថា “មុនពេលវាតេមកកូនស្រីរបស់ខ្ញុំ វាបានតេទៅក្មេងស្រីសិស្សសាលាមួយចំនួនទៀតរួចហើយ ប៉ុន្តែក្មេងៗទាំងនោះមិនតាមវាទេ”។

ក្មេងស្រីរូបនេះបានប្រាប់ម្ដាយរបស់នាងថា នាងត្រូវគេនាំទៅកាន់អគារដ៏ធំមួយកន្លែងដែលបុរសរូបនេះប្រាប់នាងថាជាមន្ទីរពេទ្យ។ ជននេះបានយកស្កុតខ្មៅរុំដៃ និងបិទមាត់របស់នាងមុនពេលនាំនាងឡើងទៅបន្ទប់នៅជាន់លើដែលមានស្ត្រីម្នាក់កំពុងដេកព្យួរសេរ៉ូម នេះបើយោងតាមការលើកឡើងបន្ថែមរបស់អ្នកស្រី ស៊ិន សុជាតិ។

អ្នកស្រី ស៊ិន សុជាតិ បានលើកឡើងបន្តទៀតថា ស្ត្រីដេកនៅលើគ្រែរូបនោះបាននិយាយថា មិនមែនជាក្មេងស្រីម្នាក់ហ្នឹងទេ ហើយបានប្រាប់បុរសរូបនោះឱ្យនាំនាងត្រឡប់ទៅវិញ។

បុរសរូបនោះ បានយកក្មេងស្រីរូបនេះទៅទុកចោលនៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងខណ្ឌទួលគោក ហើយឱ្យលុយនាង៥.០០០រៀល។ ក្មេងស្រីរូបនេះបានហៅម៉ូតូរ៉ឺម៉កកង់បីជិះត្រឡប់ទៅសាលារៀនរបស់នាងវិញនៅម៉ោងប្រហែល៦ល្ងាច។

បន្ទាប់ពីរាយការណ៍ហេតុការណ៍េនះដល់នគរបាល អ្នកស្រី ស៊ិន សុជាតិ បាននិយាយថា គាត់បានមើលកាមេរ៉ាសុវត្ថិភាពឃើញជនចម្លែកនេះដឹកកូនស្រីរបស់គាត់ចេញទៅ។ កូនស្រីរបស់គាត់គ្មានគ្រោះថ្នាក់ទេ ប៉ុន្តែនឹងផ្លាស់ទៅសាលាផ្សេងមួយទៀត។

លោក សាយ ចំរើន នាយប៉ុស្តិ៍សង្កាត់បានលើកឡើងថា មូលហេតុនៅពីក្រោយការចាប់ពង្រត់រយៈពេលខ្លីនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែនគរបាលកំពុងតែស៊ើបអង្កេត និងតាមស្វែងរកជនសង្ស័យហើយ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស