គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយលទ្ធផលផ្លូវការរបស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ថ្ងៃទី៤ ខែមិថុនា តាមកាលកំណត់កាលពីម្សិលមិញ ដោយគណបក្សប្រជាជនកម្ពុជាឈ្នះបាន១.១៥៦ឃុំ សង្កាត់ ក្នុងចំណោមឃុំសង្កាត់សរុបចំនួន១.៦៤៦ ហើយគណបក្សនេះក៏ឈ្នះបានក្រុមប្រឹក្សាចំនួន៦.៥០៣អាសនៈដែរក្នុងចំណោមក្រុមប្រឹក្សាសរុបចំនួន១១.៥៧២អាសនៈ។
យោងតាម គ.ជ.ប ឱ្យដឹងថា គណបក្សសង្គ្រោះជាតិឈ្នះបាន៤៨៩ឃុំ សង្កាត់ ហើយឈ្នះក្រុមប្រឹក្សាបាន៥.០០៧អាសនៈ។ គណបក្សខ្មែររួបរួមជាតិ ដែលកាលពីឆ្នាំមុនបានបំបែកខ្លួនចេញពីគណបក្សហ្វុ៊នស៊ិនប៉ិចដែលធ្លាប់តែមានឥទ្ធិពល ឈ្នះបានមួយឃុំដែលនៅសេសសល់ចុងក្រោយ និងឈ្នះបានក្រុមប្រឹក្សា២៤អាសនៈ។
លទ្ធផលនេះគឺប្រហាក់ប្រហែលគ្នាបើប្រៀបធៀបទៅនឹងឃុំ សង្កាត់ចំនួន១.១៥៨ដែលគណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនឈ្នះភ្លាមៗបន្ទាប់ពីថ្ងៃបោះឆ្នោត និងក្រោយពីការរាប់សន្លឹកឆ្នោតឡើងវិញ ដែលធ្វើឱ្យឃុំ សង្កាត់មួយចំនួនរបស់គណបក្សប្រជាជនកម្ពុជាធ្លាក់ទៅលើគណបក្សសង្គ្រោះជាតិ។
ចំណែកនៃសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋសម្រាប់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិក៏បានប្រែប្រួលតិចតួចដែរកាលពីម្សិលមិញ ពោលគឺគណបក្សប្រជាជនកម្ពុជាទទួលបាន៥០,៨ភាគរយ ចំណែកឯគណបក្សសង្គ្រោះជាតិទទួលបាន៤៣,៨ភាគរយ។
នៅក្នុងសេចក្ដីថ្លែងអំណរគុណ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចាត់ទុកការបោះឆ្នោតនេះថាជា “ជោគជ័យ” ព្រមទាំងមាន “ការសាទរ និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់”។
លោកមានប្រសាសន៍ថា “នេះគឺជាជោគជ័យដ៏ធំធេងមួយរបស់ប្រជាពលរដ្ឋខ្មែរក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស”។
ទោះបីជាគណបក្សកាន់អំណាចបានបាត់បង់ប៉ុន្មានរយឃុំ សង្កាត់ទៅលើគណបក្សសង្គ្រោះជាតិដែលត្រូវបានច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស និងដែលឈ្នះរួមគ្នាបានតែ៤០ឃុំ សង្កាត់នៅក្នុងឆ្នាំ២០១២មុនពេលច្របាច់បញ្ចូលគ្នាក្ដី ក៏លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារីករាយនឹងទទួលយកលទ្ធផលផ្លូវការនេះ។
លោកថ្លែងថា “គណបក្សប្រជាជនកម្ពុជា សូមគាំទ្រ និងទទួលយកនូវលទ្ធផលដែលប្រកាសជាផ្លូវការ និងជាស្ថាពរដោយ គ.ជ.ប”។ លោកបន្តថា “ការវាយតម្លៃរបស់គណបក្សប្រជាជនកម្ពុជា គឺដំណើរការបោះឆ្នោតដោយរលូនប្រកបដោយប្រជាធិបតេយ្យ សេរីត្រឹមត្រូវ និងយុត្តិធម៌”។
ទោះជាយ៉ាងណា គណបក្សប្រឆាំងរួមជាមួយអ្នកសង្កេតការណ៍មួយចំនួនមិនសូវជាសាទរចំពោះការបោះឆ្នោតនេះឡើយ។
ខណៈពួកគេភាគច្រើនសរសើរការគ្រប់គ្រងរបស់ គ.ជ.ប នៅក្នុងថ្ងៃបោះឆ្នោត ដោយអះអាងថាភាពមិនប្រក្រតីមានតិចជាងឆ្ងាយបើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ មួយចំណែកធំដោយសារបញ្ជីបោះឆ្នោតមានភាពត្រឹមត្រូវក្ដី ក៏ពួកគេនិយាយថា ការបោះឆ្នោតនេះនៅតែមានភាពសៅហ្មងខ្លាំងដោយសារស្ថានការណ៍នៅមុនការបោះឆ្នោត។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា “ការបោះឆ្នោតដោយសេរី និងយុត្តិធម៌គឺអាស្រ័យលើកត្តាបរិយាកាសនយោបាយ”។ លោកលើកឡើងទៀតថា “បរិយាកាសនយោបាយប្រៀបធៀបទៅពីមុន គឺអាក្រក់ [ជាងឆ្នាំ២០១២] ដោយសារឯកឧត្តមប្រធានមិនបានចូលរួមក្នុងគណបក្ស ហើយនិងចូលក្នុងសកម្មភាពឃោសនាបោះឆ្នោតទេ។ តំណាងរាស្ត្រ ព្រឹទ្ធសភាជាប់ពន្ធនាគារដោយអំពើអយុត្តិធម៌ សកម្មជនគណបក្ស សកម្មជនសិទ្ធិមនុស្ស ហើយសូម្បីមន្ត្រី គ.ជ.ប ក៏ជាប់ពន្ធនាគារដែរ”។
លោក សម រង្ស៊ី ត្រូវបានដាក់សម្ពាធឱ្យលាលែងពីគណបក្សសង្គ្រោះជាតិកាលពីដើមឆ្នាំនេះតាមរយៈការធ្វើវិសោធនកម្មថ្មីៗនេះលើច្បាប់ស្ដីពីគណបក្សនយោបាយ ដែលផ្ដល់អំណាចឱ្យរដ្ឋាភិបាលព្យួរ និងរម្លាយគណបក្សណាដែលមេដឹកនាំរបស់ខ្លួនជាប់ទោសព្រហ្មទណ្ឌ។ បច្ចុប្បន្នលោកកំពុងរស់នៅឯបរទេសដើម្បីគេចពីការជាប់ពន្ធនាគារសម្រាប់ការកាត់ទោសដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ។
បទចោទប្រកាន់ដែលធ្វើឱ្យតំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនរួមជាមួយមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប មួយរូបជាប់ពន្ធនាគារ ក៏ត្រូវបានមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជារឿងនយោបាយដែរ។
លោក យឹម សុវណ្ណ មានប្រសាសន៍ថា “ស្ថានការណ៍នយោបាយគឺជាស្ថានការណ៍ដែលធ្វើឲ្យការបោះឆ្នោតមានភាពមិនសេរី និងយុត្តិធម៌”។
នៅពេលសួរថា តើគណបក្សសង្គ្រោះជាតិទទួលយក ឬក៏ជំទាស់លទ្ធផលផ្លូវការនេះ អ្នកនាំពាក្យរូបនេះបានបដិសេធមិនឆ្លើយចំៗឡើយ។
ទោះជាយ៉ាងណា ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញនៅក្នុងខេត្តព្រៃវែង លោក កឹម សុខា ប្រធានគណបក្សនេះបានចាត់ទុកលទ្ធផលនេះថាជា “ជោគជ័យ” សម្រាប់គណបក្សសង្គ្រោះជាតិដែលធ្វើឱ្យខ្លួនមានជំហររឹងមាំដើម្បីឈានទៅការទទួលជ័យជម្នះនៅឆ្នាំក្រោយក្នុងការបោះឆ្នោតប្រកួតប្រជែងដណ្ដើមគ្រប់គ្រងរដ្ឋសភា និងរដ្ឋាភិបាល។
នៅឯសន្និសីទសារព័ត៌មានក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយក្រុមដែលហៅខ្លួនឯងថា “បន្ទប់ស្ថានការណ៍” (The Situation Room) បានចាត់ទុកការបោះឆ្នោតនេះថាមានភាព “វិជ្ជមាន និងប្រសើរជាងមុន” នៅក្នុងការចុះឈ្មោះបោះឆ្នោត ការគ្រប់គ្រងចាត់ចែងបញ្ជីឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។
ការប៉ាន់ស្មានរបស់ខ្លួនចំពោះលទ្ធផលផ្អែកលើការិយាល័យបោះឆ្នោតចំនួន១៧.៦០០ការិយាល័យក្នុងចំណោមការិយាល័យបោះឆ្នោតសរុបជាង២២.០០០ការិយាល័យដែលខ្លួនបានសង្កេតការណ៍ ល្អៀងពីតួលេខផ្លូវការរបស់ គ.ជ.ប តែមួយភាគរយប៉ុណ្ណោះ។
ប៉ុន្តែដូចគណបក្សសង្គ្រោះជាតិដែរ បន្ទប់ស្ថានការណ៍បានលើកឡើងថា ខ្លួនមិនចាត់ទុកការបោះឆ្នោតេនះថា មានលក្ខណៈសេរី និងត្រឹមត្រូវយុត្តិធម៌នោះទេ។ បន្ទប់ស្ថានការណ៍បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្មានអំពើហិង្សាទាក់ទិនបោះឆ្នោតធ្ងន់ធ្ងរក្នុងសម័យបោះឆ្នោតបានកើតឡើងទេ ប៉ុន្តែមានបញ្ហាមួយចំនួនកើតមុនថ្ងៃបោះឆ្នោត ដែលបានបង្កើតឲ្យមានបរិបទមួយធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ភាពត្រឹមត្រូវនៃការបោះឆ្នោត”។
បន្ទប់ស្ថានការណ៍បានបន្ទោសទៅលើការគាបសង្កត់ខាងនយោបាយ ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ហិរញ្ញវត្ថុឃោសនាបោះឆ្នោតខ្វះសមធម៌ និងតម្លាភាព តុលាការខ្វះឯករាជ្យ ការគំរាមកំហែងអង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីយោធាដែលនិយាយគាំទ្រគណបក្សប្រជាជនកម្ពុជាដោយបើកចំហ។ នៅមុនការបោះឆ្នោត លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានគំរាម “វាយបំបែកធ្មេញ” អ្នកដែលហ៊ានតវ៉ាជំទាស់លទ្ធផលបោះឆ្នោត។ ចំណែកឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានម្តងហើយម្តងទៀតថា នឹងមានសង្គ្រាមកើតឡើងជាថ្មី ប្រសិនបើគណបក្សប្រជាជនកម្ពុជា ចាញ់ការបោះឆ្នោត ហើយលោកបានអះអាងថា លោកត្រៀមខ្លួន “កម្ចាត់” មនុស្សប៉ុន្មានរយនាក់ដើម្បីរក្សាសន្តិភាព។
អង្គការមិនមែនរដ្ឋាភិបាលទាំងនេះ (បន្ទប់ស្ថានការណ៍) បានលើកឡើងថា “ទាំងនេះ [បញ្ហា] នាំឲ្យបរិយាកាសសម្រាប់ដំណើរការបោះឆ្នោតស្ថិតនៅក្នុងកម្រិតរឹតត្បឹតសេរីភាព និងខ្វះយុត្តិធម៌ពេញលេញនៅឡើយ”៕ សុខុម