34 C
Phnom Penh

លោក កឹម សុខា​​​ ឌឺដង​​​ CPP បន្ទាប់ពី CNRP ទទួល​​​បាន​​​លទ្ធផល​​​ដ៏ប្រសើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ជាតិបានឌឺដងឱ្យគណបក្សកាន់ អំណាច ចំពោះការចំណាយប្រាក់យ៉ាងច្រើនអំឡុងការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ហើយទន្ទឹមនឹងនោះដែរលោកបានសរសើរការត្បិតត្បៀតរបស់គណបក្សលោកផ្ទាល់អំឡុងរដូវធ្វើយុទ្ធនាការ។

មេដឹកនាំគណបក្សប្រឆាំងរូបនេះបានប្រើប្រាស់សុន្ទរកថារបស់លោកកាលពីម្សិលមិញស្វាគមន៍មេឃុំ ចៅសង្កាត់ គណបក្សសង្គ្រោះជាតិទើបជាប់ឆ្នោតថ្មីក្នុងខេត្តត្បូងឃុំ ដោយផ្លែផ្កាចំពោះការអនុវត្តរបស់គណបក្សប្រជាជនកម្ពុជាកាលពីដើមខែនេះ។

cam-photo-pardonលោក កឹម សុខា បានមានប្រសាសន៍ថា   “បើយើង [ប្រៀបធៀប] ពីអ្វីដែលយើងមាន អ្វីដែលគេមាន យើងតិចជាងគេឆ្ងាយណាស់ធនធាន”។ លោកបានបន្ថែមថា “ប៉ុន្តែតិចប៉ុណ្ណឹង គេធ្វើទុក្ខប៉ុណ្ណឹង បានលទ្ធផលប៉ុណ្ណឹង គឺអស្ចារ្យមែនទេ បងប្អូន”។

បទបង្ហាញដែលរៀបចំដោយគណៈកម្មាធិការឯករាជ្យដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយបានបង្ហាញដល់អង្គការមិនមែនរដ្ឋាភិបាលឃ្លាំមើលការបោះឆ្នោតមួយក្រុម ដែលហៅខ្លួនឯងថា “បន្ទប់ស្ថានការណ៍” កាលពីថ្ងៃសៅរ៍បានប៉ាន់ប្រមាណថា គណបក្សប្រជាជនកម្ពុជាកាន់អំណាចបានចំណាយប្រាក់អស់២៤,៧លានដុល្លារអំឡុងយុទ្ធនាការឃោសនា គឺច្រើនជាងគណបក្សសង្គ្រោះជាតិដល់ទៅជាងបួនដងឯណោះដែលគេប៉ាន់ប្រមាណថា ចំណាយអស់៥,៦លានដុល្លារ ។

សុន្ទរកថារបស់លោក កឹម សុខា ធ្វើឡើងមួយថ្ងៃបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន៣,៥៤លានសំឡេង បើប្រៀបធៀបទៅនឹងគណបក្សសង្គ្រោះជាតិដែលទទួលបាន៣,០៦លានសំឡេង។

ដោយដកស្រង់តួលេខទូទៅដែលផ្ដល់ឱ្យដោយមន្ត្រីគណបក្សប្រជាជនកម្ពុជាសម្រាប់សមាជិកភាពទូទាំងប្រទេសរបស់ពួកគេនោះ លោក កឹម សុខា បានមានប្រសាសន៍ថា “គណបក្សគេ គេនិយាយថា សមាជិកគេមានជាង៥លាននាក់” ។ លោកបានបន្ថែមថា “មានជាង៥លាននាក់ តែពេលបោះឆ្នោតនៅសល់តែ៣លានជាង តើទៅណាទៅអស់២លាន?”។

លោក កឹម សុខា ក៏បានលើកឡើងផងដែរពីការអះអាងជុំវិញការផ្តាច់ខ្លួនរបស់គណបក្សសង្គ្រោះជាតិរាប់ពាន់នាក់ចុះចូលគណបក្សកាន់អំណាច ដែលជារឿយៗធ្វើឡើងនៅពិធីផ្លូវការដែលត្រូវបានយកទៅចុះផ្សាយឥតឈប់ឈរដោយគេហទំព័រព័ត៌មាន Fresh News ជាអ្នកនាំសាររបស់រដ្ឋាភិបាល ជាមួយនឹងចំណងជើងថា “អស់ជំនឿលើមេដឹកនាំ” និង “គណបក្សសង្គ្រោះជាតិបន្តបែកបាក់!”។

លោក កឹម សុខា បានមានប្រសាសន៍ថា “ពេលមុនបោះឆ្នោត គេប្រកាសតាមទូរទស្សន៍ តាមវិទ្យុ អើយគណបក្សសង្គ្រោះជាតិចូលហើយ ភូមិនេះចូលអស់១០០នាក់ ឃុំនេះចូល១.០០០នាក់”។ លោកបានបន្ថែមថា “ឮសូរតែបាត់ៗ ស្រាប់តែ៣លាននាក់”។

លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយទ ដោយបានលើកឡើងថា លោកនឹងនិយាយទៅកាន់អ្នកយកព័ត៌មាននោះ ប្រសិនបើសម្ដីរបស់លោកត្រូវបានចុះផ្សាយទាំងស្រុង៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស