កូនប្រុសរបស់លោក ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាមន្ត្រីដ៏ស្មោះស្ម័គ្ររបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ដែលជាការតែងតាំងចុងក្រោយបំផុតនូវសមាជិកគ្រួសាររបស់មន្ត្រីថ្នាក់កំពូល។
លោក លី សំរិទ្ធ អ្នកនាំពាក្យសាលាខេត្តសៀមរាប បានលើកឡើងថា លោក ទៀ សីហា អាយុ៣៧ឆ្នាំស័ក្ដិសមនឹងមុខតំណែងនេះណាស់ដោយសារលោកបានធ្វើជាប្រធានរយៈពេល៥ឆ្នាំនៃសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តនេះ ជាក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានទូទាំងប្រទេស។
លោកមានប្រសាសន៍ថា “ផ្អែកលើសមត្ថភាពរបស់គាត់ គាត់ស័ក្ដិសមនឹងទទួលបានការដំឡើងឋានន្តរស័ក្តិនេះ ហើយយើងរីករាយដែលគាត់នឹងមកចូលរួមជាមួយយើងធ្វើការជាមួយសាលាខេត្ត”។
ទាក់ទិនបញ្ហានេះ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា កូនប្រុសរបស់រដ្ឋមន្ត្រីរូបនេះក៏មានឋានន្តរស័ក្ដិជាឧត្តមសេនីយ៍ទោដែរនៅលេខាធិការដ្ឋាននៃក្រសួងការពារជាតិ។
ឧត្តមសេនីយ៍ទោ ទៀ សីហា ត្រូវបានតែងតាំងជាអភិបាលរងខេត្តតាមរយៈអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី២០ខែមិថុនា ជំនួសតំណែងលោក គឹម ឆៃហៀង។ អនុក្រឹត្យនេះបញ្ជាក់ថា លោក គឹម ឆៃហៀង នឹងត្រូវផ្លាស់ទៅកាន់មុខតំណែងដែលមិនបញ្ជាក់នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ចំណែកឯលោក ទៀ បាញ់ បានលើកឡើងថា លោក ហ៊ុន សែន តែងតាំងកូនប្រុសរបស់លោកដោយផ្អែកលើគុណសម្បត្តិរបស់សាមីខ្លួនយ៉ាងតឹងរឹុង។ លោកថ្លែងថា “ខ្ញុំមិនចង់ធ្វើការវិនិច្ឆ័យទេ ប៉ុន្តែមុនពេលដំឡើងឋានន្តរស័ក្ដិនេះ ថ្នាក់លើបានមើលឃើញទំហំការងារដែលគាត់បានធ្វើ និងសមត្ថភាពរបស់គាត់។ ទៅថ្ងៃអនាគត គាត់អាចនឹងត្រូវបានដំឡើងឋានន្តរស័ក្ដិកាន់មុខតំណែងផ្សេងទៀត អាស្រ័យលើសមត្ថភាព និងបទពិសោធន៍របស់គាត់”។
សូមបញ្ជាក់ថា លោក ទៀ បាញ់ គឺជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រីដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយរដ្ឋមន្ត្រីរូបនេះគឺជាសមាជិកនៃ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សកាន់អំណាច។ កូនប្រុសច្បងពីររូបរបស់លោក ហ៊ុន សែន ក៏បានឡើងឋានន្តរស័ក្តិលឿនដូចផ្លេកបន្ទោររហូតដល់បានកាន់មុខតំណែងកំពូលៗនៅក្នុងជួរយោធា និងក្រសួងការពារជាតិផងដែរ៕ សុខុម