កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជា និងសមាគមទូរទស្សន៍កម្ពុជាបានច្រានចោលការអះអាងរបស់គណបក្សសង្គ្រោះជាតិដែលថា ប្រព័ន្ធផ្សព្វផ្សាយនានាលម្អៀងទៅរកគណបក្សកាន់អំណាច ដោយមិនផ្សាយពីយុទ្ធនាការរបស់គណបក្សដទៃអំឡុងយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា។
គណបក្សកាន់អំណាចមួយនេះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “អ្នកនាំពាក្យគណបក្សប្រជាជានាកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការនិយាយមួលបង្កាច់គ្មានការពិត និងគ្មានការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណៈមតិជាតិ និងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ”។
សេចក្ដីថ្លែងការណ៍នេះបានលើកឡើងទៀតថា ស្ថានីយទូរទស្សន៍មិនផ្សាយអំពីគណបក្សសង្គ្រោះជាតិ ដោយសារគណបក្សនេះមិនបានជួលម៉ោងផ្សាយ។
ដោយសំដៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា គណបក្សប្រជាជនកម្ពុជា “សូមគូសបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយឯកជនទាំងអស់បានអនុវត្តត្រឹមត្រូវតាមច្បាប់ និងគោលការណ៍ក្រមសីលធម៌របស់ គ.ជ.ប យ៉ាងត្រឹមត្រូវ”។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញកាលពីថ្ងៃច័ន្ទ គណបក្សប្រឆាំងលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា “មិនទាន់បានបំពេញលក្ខខណ្ឌពេញលេញតាមគោលការណ៍នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌”។

សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារបន្តថា ”ប្រព័ន្ធផ្សព្វផ្សាយភាគច្រើនមានការផ្សាយលម្អៀង មិនឯករាជ្យ និងមានការរើសអើង ដូចជានៅថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតចុងក្រោយ ទូរទស្សន៍ឯកជនទាំងអស់បានផ្សាយបន្តផ្ទាល់អំពីយុទ្ធនាការឃោសនាបោះឆ្នោតឱ្យគណបក្សប្រជាជន តែមិនផ្សាយពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សដទៃ”។ សេចក្ដីថ្លែងការណ៍នេះលើកឡើងបន្ថែមថា គ.ជ.ប មិនបានចាត់វិធានការលើស្ថានីយទូរទស្សន៍ទាំងនោះទេ។
នៅថ្ងៃចុងក្រោយនៃការធ្វើយុទ្ធនាការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានចំណាយប្រាក់៣០០ដុល្លារក្នុងមួយនាទីសម្រាប់ស្ថានីយទូរទស្សន៍ចំនួនប្រាំបួនដើម្បីផ្សាយបន្តផ្ទាល់ពីការជួបជុំធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សកាន់អំណាច។
លោក ហ៊ុន សែន បានថ្លែងថា “ដូច្នេះខ្ញុំសង្ឃឹមថាគណបក្សនយោបាយផ្សេងទៀត បើគេចង់ជួលម៉ោងផ្សាយ សូមទៅជួលក្នុងតម្លៃដូចគ្នាទៅ”។
យោងតាម Media Ownership Monitor KH បានឱ្យដឹងថា ភាគច្រើននៃស្ថានីយទូរ ទស្សន៍ដែលមានប្រជាប្រិយភាពបំផុតក្នុងប្រទេសជាកម្មសិទ្ធិរបស់ម្ចាស់ស្ថានីយដែលមានទំនាក់ទំនងនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ម្ចាស់ស្ថានីយទាំងនោះខ្លះជាមន្ត្រីរាជការ ឬក៏ទីប្រឹក្សារដ្ឋាភិបាល ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍កាលពីខែមុនថា គណបក្សទាំងអស់មានសិទ្ធិផ្សព្វផ្សាយរយៈពេល៧នាទីកន្លះពីរដងក្នុងមួយថ្ងៃតាមស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ ប៉ុន្តែការចាក់ផ្សាយតាមស្ថានីយទូទស្សន៍ឯកជននោះត្រូវតែជួលហើយ។
លោក ហង្ស ពុទ្ធា បានលើកឡើងនៅពេលនោះថា គ.ជ.ប បានផ្ញើលិខិតទៅស្ថានីយទូរទស្សន៍ឯកជននានា ជំរុញឱ្យពួកគេផ្សព្វផ្សាយជាសាធារណៈនូវម៉ោងជួលផ្សាយ ប៉ុន្តែបានលើកឡើងថា គ.ជ.ប មិនមានសិទ្ធិបង្ខំឱ្យស្ថានីយឯកជនទាំងនោះអនុវត្តតាមឡើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេកាលពីម្សិលមិញ ប៉ុន្តែលោកបានលើកឡើងកាលពីខែមុនថា គណបក្សបានត្រៀមខ្លួនជួលម៉ោងផ្សាយហើយ ប៉ុន្តែរង់ចាំតែស្ថានីយទាំងនោះជូនដំណឹងពីម៉ោងផ្សាយដែលទំនេរប៉ុណ្ណោះ។
សមាគមទូរទស្សន៍កម្ពុជាបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញថា “ស្ថានីយទូរទស្សន៍ឯកជនគឺមិនមែនជាកម្មសិទ្ធិរបស់គណបក្សនយោបាយណាមួយទេ” ហើយបានចាត់ទុកការអះអាងរបស់គណបក្សសង្គ្រោះជាតិថា ជា”នយោបាយមួលបង្កាច់ដែលគ្មានការទទួលខុសត្រូវ”។
សមាគមនេះបានលើកឡើងថា គណបក្សសង្គ្រោះជាតិមិនបានជួលម៉ោងផ្សាយនៅតាមស្ថានីយទូរទស្សន៍ក្នុងស្រុកណាមួយឡើយ។
សមាគមដដែលនេះបន្តថា “ស្ថានីយទូរទស្សន៍ឯកជននានាមានសិទ្ធិពេញលេញ ហើយឯករាជ្យក្នុងការជួលម៉ោងផ្សាយទៅឱ្យគណបក្សនយោបាយដែលមានលទ្ធភាពជួលម៉ោងផ្សាយ”៕ ស៊ុយឈាង និង សារុន