33.3 C
Phnom Penh

មន្ត្រី​ទទួលស្គាល់​​ការ​លក់ទ្រព្យ​សម្បត្តិ​រដ្ឋ​ ប៉ុន្តែ​​​បន្ទោស​​មន្ត្រី​ចាស់ៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារបានទទួលស្គាល់នៅក្នុងតុលាការកាលពីម្សិលមិញថា លោកពិតជាបានលក់ដីរដ្ឋក្នុងតម្លៃប្រហែល៦៥.០០០ដុល្លារមែន ប៉ុន្តែអះអាងថា លោកធ្វើដូច្នេះតាមតែសំណើរបស់មន្ត្រីចាស់ៗប៉ុណ្ណោះ ហើយមិនបានយកប្រាក់ទាំងនេះដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនទេ។

លោក គង់ មករា អាយុ៤៦ឆ្នាំ ដែលជាប្រធានមន្ទីរនេះ និងលោក នួន ផល្លី អាយុ៥៣ឆ្នាំ ដែលជាប្រធានការិយាល័យហិរញ្ញវត្ថុនៅក្នុងមន្ទីរនេះ ត្រូវបានចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតកាលពីខែវិច្ឆិកា បន្ទាប់ពីមានការស៊ើបអង្កេតដោយអង្គភាពប្រឆាំងអំពើពុករលួយ។

ពេលសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក គង់ មករា ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរកាលពីឆ្នាំ២០១១ បានទទួលស្គាល់ថា ដីមន្ទីររបស់លោកបាត់ប្រហែល១.៥០០ម៉ែត្រក្រឡា មកនៅសល់ត្រឹម៤.៨៧៥ម៉ែត្រក្រឡាអំឡុងអាណត្តិរបស់លោក។

ទោះជាយ៉ាងណា លោកបានទម្លាក់កំហុសនេះលើមន្ត្រីចាស់ៗចំនួន១៦រូបនៅក្នុងមន្ទីររបស់លោក ដែលលោកបានលើកឡើងថា បានបញ្ចុះបញ្ចូលឱ្យលោកធ្វើដូច្នេះ។ លោក គង់ មករា បានថ្លែងថា “មន្ត្រីទាំងនោះមានជីវភាពខ្វះខាតខ្លាំង អញ្ចឹងបានជាពួកគាត់សុំគោលការណ៍ពីខ្ញុំ”។

លោកបានមានប្រសាសន៍បន្ថែមថា “ខ្ញុំក៏យល់ថាខុសដែរ”។លោកបានបន្តទៀតថា “តាមពិតខ្ញុំគួរតែបានដាក់សំណើជូនថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោ [នាយករដ្ឋមន្ត្រី] ហ៊ុន សែន ដើម្បីដោះស្រាយជីវភាពរបស់ពួកគាត់”។

ទោះបីជាបានទទួលស្គាល់ថា ខ្លួនទទួលបានប្រាក់១០.០០០ដុល្លារពីការលក់នេះក៏ដោយ តែលោក គង់ មករា បានអះអាងថា លោកបានប្រើប្រាស់ប្រាក់ទាំងនេះដើម្បីទិញម៉ូតូថ្មីមួយគ្រឿងសម្រាប់មន្ទីរ និងសងបំណុលសេសសល់របស់មន្ទីរ ព្រមទាំង “ជួយសង្គម” ផងដែរ។

ចុងចោទទី២គឺលោក នួន ផល្លី បានទទួលស្គាល់នៅក្នុងតុលាការថា លោកទទួលបាន៥.០០០ដុល្លារ ហើយបានឈរឈ្មោះជាម្ចាស់ដី រីឯមន្ត្រីផ្សេងៗទៀតទទួលបាន២.០០០ដុល្លារក្នុងម្នាក់ៗ។

លោក យ៉ាន់ សុធា ដែលជាអ្នកទិញដីនេះបានលើកឡើងថា លោកបានទិញដីនេះក្នុងតម្លៃ៤.៨០០ដុល្លារក្នុងមួយម៉ែត្រ ហើយបានសាងសង់ផ្ទះពីរល្វែងនៅលើដីនេះ។

លោក យ៉ាន់ សុធា បានបន្ថែមថា “ខ្ញុំបានទិញ [ដីនេះ] ដោយមានកិច្ចសន្យាត្រឹមត្រូវ”។ លោកបន្ថែមទៀតថា “ប្រសិនបើដីនេះក្លាយជាដីមានវិវាទ ខ្ញុំនឹងក្លាយជាជនរងគ្រោះ”។ លោកក៏បានស្នើឱ្យចៅក្រមជួយស្វែងរកប្រាក់សំណងសម្រាប់លោកផងដែរ។

នៅក្នុងសេចក្ដីសន្និដ្ឋានរបស់ខ្លួន ព្រះរាជអាជ្ញារង ងិន ពេជ្រ បានលើកឡើងថា ចុងចោទសុទ្ធតែដឹងថាខ្លួនលក់ដីរដ្ឋដោយខុសច្បាប់។ ទោះជាយ៉ាងណា លោកបានស្នើសុំឱ្យប្ដូរបទចោទមកជាបទកេងយកផលប្រយោជន៍ដោយខុសច្បាប់វិញ ដែលមានទោសស្រាលជាងមុន ពោលគឺអាចជាប់ពន្ធនាគារចន្លោះពី២ឆ្នាំដល់៥ឆ្នាំ។

លោក ទួត លុច មេធាវីរបស់លោក គង់ មករា បានស្នើសុំឱ្យដោះលែងកូនក្ដីរបស់លោក ដោយសារគាត់ “គ្មានបំណងទុច្ចរិត” ទេ។

លោកបានមានប្រសាសន៍ថា “ប្រសិនបើកូនក្ដីរបស់ខ្ញុំត្រូវបានគេចោទប្រកាន់ អញ្ចឹងមន្ត្រីទាំងអស់នោះក៏ត្រូវតែចោទប្រកាន់ដែរ ព្រោះពួកគាត់សុទ្ធតែទទួលបានផល”។លោកបានបន្ថែមថា “គាត់គ្មានបំណងទុច្ចរិតទេ គ្មានការលោភលន់ទៅសង់វីឡាស្អីទេ ហើយមិនបានលក់ដីយកលុយដាក់ចូលហោប៉ៅផ្ទាល់ខ្លួនឡើយ”។ សាលក្រមនឹងប្រកាសនៅថ្ងៃទី៤ ខែកក្កដា៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស