27 C
Phnom Penh

យាយ ព្រឿង ដែល​ជាឈ្មួញ​​​ឈើ​​​ត្រូវ​​​បាន​​​​​ផ្តន្ទា​​​​​​​​​ទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​ពីរ​​​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី ហេង សំនៀង ដែលជាឈ្មួញ ឈើល្បីឈ្មោះត្រូវបានសាលាដំបូងរាជធានី ភ្នំពេញ ផ្តន្ទាទោសកាលពីម្សិលមិញ ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទកាប់ឈើខុសច្បាប់ ប៉ុន្តែបទចោទទី២ដែលស្ត្រីរូបនេះប្រឈមពីបទប្រឆាំងនឹងអ្នករាជការសាធារណៈមិនត្រូវបានលើកឡើងឡើយ។

អ្នកស្រី ហេង សំនៀង ដែលគេស្គាល់ច្បាស់ថា យាយ ព្រឿង គឺជាឈ្មួញឈើល្បីឈ្មោះក្នុងចំណោមប្រជាពលរដ្ឋមូលដ្ឋាននៅខេត្តស្ទឹងត្រែង រហូតមកទល់នឹងពេលគាត់ត្រូវចាប់ខ្លួននៅក្រុងស្ទឹងត្រែងកាលពី ថ្ងៃទី១៣ ខែតុលា ខណៈគាត់ប៉ុនប៉ងរំដោះឈើមួយចំនួនចេញពីកន្លែងធ្វើការរបស់រដ្ឋអំណាច។

ចៅក្រមជំនុំជម្រះ ពេជ្រ វិជ្ជាធរ បានប្រកាសកាលពីម្សិលមិញថា “តុលាការផ្តន្ទាទោស ឈ្មោះ ហេង សំនៀង ឲ្យជាប់ពន្ធនាគារ ពីរឆ្នាំ និងពិន័យជាប្រាក់៥០លានរៀល [ប្រហែល១២.៥០០ដុល្លារ] ពីបទប្រមូលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត”។ លោកបញ្ជាក់ថា រថយន្តតួរីសមួយគ្រឿង និងរថយន្តធុនតូចមួយគ្រឿងក៏ត្រូវបានរឹបអូសទុកជាសម្បត្តិរដ្ឋផងដែរ។

ចៅក្រមរូបនេះមិនបានផ្តល់ការបកស្រាយទេទាក់ទិនរយៈពេលនៃទោសជាប់ពន្ធនាគារនេះដែលតាមត្រូវអាចជាប់រហូតដល់៥ឆ្នាំ ហើយក៏មិនបានលើកឡើងពីបទចោទទី២ដែរ។ លោកមិនបានបកស្រាយទេជុំវិញមូលហេតុដែលអ្នកស្រី ហេង សំនៀង អាយុ៥៣ឆ្នាំដែលបានច្រានចោលបទចោទប្រកាន់ទាំងនេះអំឡុងសវនាការជំនុំជម្រះកាលពីដើមខែនេះ មិនបានបង្ហាញខ្លួនចូលស្តាប់ការប្រកាសសាលក្រមនេះ។បើគិតពីរយៈពេលដែលគាត់អនុវត្តទោសរួច ទោសដែលគាត់ត្រូវជាប់ពន្ធនាគារនៅសល់ប្រហែល១៦ខែទៀត។

មេធាវីរបស់គាត់ដែលបានចូលរួមសវនាការនេះបានបដិសេធមិនប្រាប់ឈ្មោះរបស់ខ្លួនទៅអ្នកយកព័ត៌មាននោះទេ ហើយបានបដិសេធមិនឆ្លើយសំណួរឡើយ។

ពេលទាក់ទងបានតាមក្រោយក្នុងថ្ងៃដដែល ចៅក្រម ពេជ្រ វិជ្ជាធរ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញសំណុំរឿងនេះ ហើយបានបង្វែរសំណួរទាំងអស់ទៅលោក សួស វិធារ៉ាន់ឌី អ្នកនាំពាក្យតុលាការ។

អ្នកនាំពាក្យរូបនេះលើកឡើងថា អ្នកស្រី ហេង សំនៀង ចូលរួមស្តាប់ការប្រកាសសាលក្រមនេះមិនកើតទេដោយសារគាត់មានសម្ពាធឈាមឡើងខ្ពស់។ អ្នកនាំពាក្យដដែលបានបន្តថា លោកមិនដឹងទេជុំវិញមូលហេតុមិនលើកឡើងពីបទចោទប្រឆាំងនឹងអ្នករាជការសាធារណៈ។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីសើុបអង្កេតជាន់ ខ្ពស់ទទួលបន្ទុកសិទ្ធិដីធ្លី និងធនធានធម្មជាតិនៃអង្គការអាដហុកបានមានប្រសាសន៍ថា គេដឹងថា អ្នកស្រី ហេង សំនៀង បានធ្វើប្រតិបត្តិការជួញដូរឈើជាច្រើនឆ្នាំមកហើយ ហើយយល់ថា ទោសនេះគឺស្រាលពេកហើយ។

លោកថ្លែងថា “គាត់ជាប់ពាក់ព័ន្ធអំពើពុករលួយ ពីព្រោះគាត់បានសូកប៉ាន់សមត្ថកិច្ច ព្រមទាំងអ្នកកាសែតមួយចំនួនផងដែរ។ តុលាការគួរតែបើកការសើុបអង្កេតករណីពុករលួយ ពីព្រោះវាសំខាន់ណាស់ ហើយអំពើពុករលួយបានបង្កការបំផ្លិចបំផ្លាញព្រៃឈើនៅខេត្តស្ទឹងត្រែង”។

អ្នកស្រី ហេង សំនៀង ត្រូវបានចាប់ខ្លួនកាលពីខែតុលា បន្ទាប់ពីបង្ហាញខ្លួននៅសង្កាត់ រដ្ឋបាលព្រៃឈើក្នុងក្រុងស្ទឹងត្រែង ជាមួយបុរសមួយក្រុមប្រដាប់ដោយដំបង។ យោងតាមកងរាជអាវុធហត្ថដែលយាមកាមនៅសង្កាត់រដ្ឋបាលនេះឲ្យដឹងថា អ្នកស្រី ហេងសំនៀង និងបុរសទាំងនោះបានប៉ុនប៉ង ប៉ុន្តែមិនបានសម្រេចនៅក្នុងការរំដោះឈើកាប់ខុសច្បាប់មួយគំនរដែលសមត្ថកិច្ចបានប្រទះឃើញមួយថ្ងៃមុននោះនៅលើចម្ការកៅស៊ូក្បែរនោះ។

ស្ត្រីរូបនេះត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ភ្លាមៗដោយសារការបារម្ភអំពីឥទ្ធិពលរបស់គាត់នៅក្នុងខេត្តស្ទឹងត្រែង ហើយត្រូវបានចោទប្រកាន់ពីបទប្រមូលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ។

នៅប៉ុន្មានសប្តាហ៍មុនពេលឃាត់ខ្លួន អ្នកស្រី ហេង សំនៀង បានចាប់ផ្តើមល្បីពេញប្រទេស នៅពេលបែកធ្លាយរូបភាពវីដេអូដែលបង្ហាញពីសកម្មភាពគាត់រិះគន់អ្នកកាសែត ខេត្តស្ទឹងត្រែង ដែលរាយការណ៍ប្រាប់អាជ្ញាធរសូម្បីតែក្រោយពីទទួលការសូកប៉ាន់ពីគាត់ ដើម្បីបិទមាត់់លែងចុះផ្សាយអំពីការជួញដូរឈើរបស់គាត់។

គេស្តាប់ឮស្ត្រីរូបនេះនិយាយទៅកាន់ក្រុមអ្នកយកព័ត៌មានថា “អ្នកកាសែតទាំងអស់គឺជាសាក្សីដឹងឮអាជីវកម្មរបស់ខ្ញុំ ពីព្រោះពួកគាត់ទទួលលុយពីខ្ញុំ”។

នៅឯសវនាការជំនុំជម្រះ អ្នកស្រី ហេង សំនៀង បានអះអាងថា មន្ត្រីយោធាម្នាក់ដែលគាត់ស្គាល់ថាឈ្មោះ អាត បានទូរស័ព្ទហៅគាត់ឲ្យមកសង្កាត់រដ្ឋបាលព្រៃឈើនៅពេលរំលងយប់អធ្រាត្រនោះដើម្បីទិញឈើមួយចំនួន ប៉ុន្តែ បែរជាត្រូវបានចាប់ខ្លួនភ្លាមៗទៅវិញ នៅពេលគាត់ទៅដល់ទីនោះ៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស