26 C
Phnom Penh

ត​​​ុលាការ​​​ចេញ​​​ដីកា​​​​​​ចាប់​​​ខ្លួន​​​សកម្មជន​​​ការ​​​ងារ​​​ដែល​​​យក​​​ស្បែក​​​ជើង​​​គប់​​​រូប​​លោក ហ៊ុន​​ សែន 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនសកម្មជនការងារម្នាក់ដើម្បីធ្វើការសាកសួរជុំវិញការញុះញង់ក្រោយពីស្ត្រីរូបនេះបានយកស្បែកជើងរបស់ខ្លួនគប់ទៅលើស្លាកគណបក្សប្រជាជនកម្ពុជាដែលមានរូបលោកនាយករដ្ឋមន្ត្រី។

ដំបូង តុលាការបានកោះហៅស្ត្រីឈ្មោះ សំ សុខា ជាអតីតកម្មការិនីរោងចក្រកាត់ដេរមកសាកសួរនៅខែមេសា ក្រោយពីវីដេអូឃ្លីបមួយដែលបានបង្ហោះលើទំព័រហ្វេសប៊ុកបង្ហាញថា ស្ត្រីរូបនេះបានយកស្បែកជើងរបស់ខ្លួនគប់រូបលោក ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភានៅលើស្លាកគណបក្សដែលដាក់តាមដងផ្លូវ។

ព្រះរាជអាជ្ញាបានចោទស្ត្រីឈ្មោះ សំ សុខា បណ្តោះអាសន្នពីបទប្រមាថអ្នករាជការសាធារណៈ ព្រមទាំងញុះញង់ឱ្យមានការរើសអើង បើទោះជាច្បាប់ចែងត្រឹមតែថា ជាការរើសអើងលើជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ឬនៃសាសនាក៏ដោយ។

ស្ត្រីឈ្មោះ សំ សុខា មិនបានចូលខ្លួនតាមការកោះហៅសម្រាប់ការការសាកសួរកាលពីថ្ងៃទី៨ ខែមេសា និងថ្ងៃទី១៣ ខែមិថុនាទេ ហើយស្ត្រីរូបនេះមិនបាននៅផ្ទះទេនៅពេលនគរបាលបានប៉ុនប៉ងចាប់ខ្លួនកាលពីថ្ងៃសុក្រ ជាហេតុធ្វើឲ្យលោក សឹុង វុទ្ធី ចៅក្រមសើុបសួរចេញដីកាបង្គាប់ឱ្យចាប់ខ្លួនតែម្តងកាលម្សិលមិញ។

លោក សឹុង វុទ្ធី បានសរសេរថា “សូមភ្នាក់ងារមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចាប់ និងនាំខ្លួនជនសង្ស័យឈ្មោះ សំ សុខា ដើម្បីចាត់ការតាមនីតិវិធីច្បាប់”។

លោក សំ សាក់ ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា លោកទទួលបានដីកានេះហើយ ហើយកំពុងតាមរកស្ត្រីឈ្មោះ សំ សុខា ដែលអាជ្ញាធរមិនបានឃើញចាប់តាំងពីស្ត្រីរូបនេះត្រូវបានកោះហៅពីដំបូង។

លោកបានថ្លែងថា “ឥឡូវនេះមន្ត្រីរបស់យើងកំពុងតាមរកស្ត្រីរូបនេះ”។លោកបានបន្ថែមថា “ខ្ញុំជឿថា ស្ត្រីរូបនេះស្ថិតនៅក្នុងខេត្តេនះនៅឡើយ។យើង មានការបញ្ជាក់អះអាងខ្លះៗពីស្ត្រីរូបនេះហើយ”។

លោក សំ សាក់ បានបដិសេធ មិននិយាយលម្អិតពីភ័ស្តុតាងដែលថា ស្ត្រីឈ្មោះ សំ សុខា នេះនៅក្នុងខេត្តនេះនោះឡើយ ដោយលើកឡើងថា លោកមិនចង់ឱ្យជនសង្ស័យរូបនេះដឹងថា យើងកំពុងតាមចាប់ខ្លួនឡើយ”។ មន្ត្រីតុលាការផ្សេងទៀតមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

លោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករ បានមានប្រសាសន៍កាលពីខែមេសាថា ស្ត្រីឈ្មោះ សំ សុខា មានការខឹងសម្បាដោយសារតែរូបគាត់ត្រូវបានបណ្តេញចេញពីការងារនៅរោងចក្រកាត់ដេរកាលពីឆ្នាំមុន។ លោកបានរិះគន់សេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការបន្តករណីនេះ។

ក្នុងវីដេអូឃ្លីបមួយបង្ហាញពីការយកស្បែកជើងគប់នោះ ស្ត្រីឈ្មោះ សំ សុខា និយាយពីលោក ហ៊ុន សែន និងលោក ហេង សំរិន ថា”អានេះវាដើេរបំផ្លាញជាតិដល់នេះទៀត”។

ការចោទប្រកាន់ពីបទជេរប្រមាថ  ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា៦ថ្ងៃ និងពិន័យជាប្រាក់១០០.០០០រៀល ចំណែកការចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦លានរៀល៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស