28 C
Phnom Penh

ភរិយា​​​​​​សមាជិក​​​ព្រឹទ្ធសភា​​​បក្ស​​ សម រង្ស៊ី ដែល​​​ជាប់​​​ពន្ធនាគារ​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ឲ្យ​​​ជំនួស​​​តំណែង​​​​​​ស្វាមី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស សម រង្ស៊ី បានតែងតាំងលោកស្រី គុន លំអង ភរិយារបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាដែលជាប់ពន្ធនាគារឲ្យជំនួសតំណែងរបស់ស្វាមីលោកស្រី ដែលនឹង ត្រូវឆ្លងកាត់ការបោះឆ្នោតអនុម័តដោយព្រឹទ្ធសភាក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃព្រហស្បតិ៍។

លោក ទាវ វ៉ាន់ណុល ប្រធានស្តីទីនៃគណបក្ស សម រង្ស៊ី បានមានប្រសាសន៍កាលពីម្សិលមិញថា “លោក ហុង សុខហួរ បានសម្រេច លាឈប់ពីសមាជិកគណបក្ស សម រង្ស៊ី ដើម្បីត្រួសត្រាយផ្លូវឲ្យភរិយារបស់គាត់ចូលជំនួសតំណែងនេះ”។

លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាដែលជាប់ពន្ធនាគារ។ Reuters

សូមរំឭកថា លោក ហុង សុខហួរ ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំកាលពីខែវិច្ឆិកា ពីបទបង្ហោះសន្និសញ្ញាព្រំដែនក្លែងក្លាយរវាងវៀតណាម និងកម្ពុជា តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។គណបក្សប្រឆាំងអះអាងថា សន្ធិសញ្ញានោះគ្រាន់តែមានការបកស្រាយខុសប៉ុណ្ណោះ។

បច្ចុប្បន្ន លោកស្រី គុន លំអង អាយុ៥៨ឆ្នាំគឺជាប្រធានចលនាស្ត្រីនៃគណបក្សសង្គ្រោះជាតិ ហើយជាបេក្ខជនបម្រុងទី៤នៅពីក្រោមលោក ហុង សុខហួរ នៅពេល លោកជាប់ឆ្នោតកាលពីឆ្នាំ ២០១២។ ទោះជាយ៉ាងណា លោកស្រីមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពី ម្សិលមិញ។

លោក ទាវ វ៉ាន់ណុល មានប្រសាសន៍ថា បេក្ខជនពីររូបទៀតដែលនៅពីលើលោកស្រី គុន លំអង បានឡើងហួសអស់ហើយពីព្រោះបច្ចុប្បន្ន ម្នាក់ជាប្រធានគណៈកម្មការប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិប្រចាំខេត្តសៀមរាប ហើយម្នាក់ទៀតបានចុះចូលគណបក្សផ្សេងដែលលោកសុំមិនបញ្ចេញឈ្មោះ។

លោកគូសបញ្ជាក់ថា គណបក្ស សម រង្ស៊ី ដែលបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ ក៏កំពុងពិចារណាបេក្ខភាពដាក់ជំនួសតំណែងលោកស្រី ឡាក់ ថានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលបាននិងកំពុងរស់នៅឯបរទេសដែរ បន្ទាប់ពីលោកស្រីត្រូវតុលាការផ្តន្ទាទោសពីបទញុះញង់ និងបរិហារ កេរ្តិ៍កាលពីខែមេសា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងលោកស្រី ឡាក់ ថានី ដោយចោទប្រកាន់ថា លោកស្រីបានធ្វើអត្ថាធិប្បាយថា នាយករដ្ឋមន្ត្រីមានជាប់ពាក់ព័ន្ធករណីឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយ។

លោកស្រី គុន លំអង ភរិយារបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាដែលជាប់ពន្ធនាគារឲ្យជំនួសតំណែងរបស់ស្វាមី។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកស្រី
លោកស្រី គុន លំអង ភរិយារបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាដែលជាប់ពន្ធនាគារឲ្យជំនួសតំណែងរបស់ស្វាមី។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកស្រី

ព្រឹទ្ធសភាត្រូវគេចាត់ទុកថាស្ថាប័នគ្មានអំណាច ហើយរងការរិះគន់ដែលស្ថាប័ននេះខ្វះឥទ្ធិពលលើច្បាប់ និងគោលនយោបាយ ប៉ុន្តែទាំងមន្ត្រីគណបក្សកាន់អំណាច និងមន្ត្រីគណបក្សប្រឆាំងសុទ្ធតែប្រកាសថា ខ្លួនមានបំណងចង់គ្រប់គ្រងស្ថាប័នមួយនេះនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ សមាជិកព្រឹទ្ធសភាភាគច្រើនត្រូវបានបោះឆ្នោតជ្រើសតាំងរាល់៦ឆ្នាំម្តងដោយក្រុមប្រឹក្សាឃុំ សង្កាត់។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា ស្ថាប័នដែលបច្ចុប្បន្នគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជានេះ នឹងពិភាក្សាដេញដោលជុំវិញការតែងតាំងលោកស្រី គុន លំអង រួមជាមួយនឹងច្បាប់ថ្មីមួយស្តីការពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុនដោយរដ្ឋសភាក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យដដែលលើកឡើងថា ក្រុមសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា មានសិទ្ធិរារាំងការតែងតាំងលោកស្រី គុន លំអង ដោយជំទាស់មិនឲ្យលោកស្រីចូលព្រឹទ្ធសភាទាំងស្រុង ឬជំទាស់មិនឲ្យលោកស្រីកាន់តំណែងរបស់លោក ហុង សុខហួរ ជាប្រធានគណៈកម្មការនៃស្ថាប័ននេះ។

លោកមានប្រសាសន៍ថា “អ្នកឯងអាចសុំឲ្យគេគាំទ្របាន តែបើគេមិនគាំទ្រ មិនអាចបង្ខំគេបានទេ”៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស