38 C
Phnom Penh

ធ្វើវិសោធនកម្ម​​ច្បាប់​បន្ថែម​​ដើម្បី​ឱ្យ​លោក សម រង្ស៊ី ​​នៅ​ក្រៅ​សង្វៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួម៉ៅដោយសារលោក សម រង្ស៊ី បន្តរិះគន់តាមអុីនធឺណិតលើរដ្ឋាភិបាលរបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យសមាជិកសភាពិចារណាលើការធ្វើវិសោនកម្មជាលើកទី២ចំពោះច្បាប់ស្ដីពីគណបក្សនយោបាយកាលពីម្សិលមិញ ដើម្បីកុំឱ្យ “អ្នកទោស” ដែលបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសរូបនេះចូលមកពាក់ព័ន្ធក្នុងនយោបាយនៅកម្ពុជាទៀត។

លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៦៦នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញថា “យើងមិនបានខ្លាចអ្នកទេ ក៏ប៉ុន្តែយើងមិនចង់ឱ្យអ្នកទៅច្របូកច្របល់នឹងអ្វីដែលជាសមិទ្ធផលរបស់ជាតិ”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាអញ្ជើញមកដល់កន្លែងប្រារព្ធខួបអនុស្សារវីយ៍លើកទី៦៦នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ធ្វើឡើងនៅកោះពេជ្រក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ព្រីង សំរាំង / រ៉យទ័រ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាអញ្ជើញមកដល់កន្លែងប្រារព្ធខួបអនុស្សារវីយ៍លើកទី៦៦នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ធ្វើឡើងនៅកោះពេជ្រក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ព្រីង សំរាំង / រ៉យទ័រ

លោក សម រង្ស៊ី បានលើកឡើងថា លោក ហ៊ុន សែន គ្មានសិទ្ធិអំណាចបិទមាត់លោកមិនឱ្យនិយាយស្តីពីក្រៅប្រទេសមកនោះឡើយ ខណៈលោក អ៊ា សុផល អ្នកនិពន្ធសៀវភៅមានចំណងជើងថា ”ការពឹងផ្អែកលើជំនួយនៅក្នុងប្រទេសកម្ពុជា៖ វិធីដែលជំនួយបរទេសធ្វើឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ” បានលើកឡើងថា ការបង្ក្រាបណាមួយមានតែជួយផ្ដល់ផលប្រយោជន៍ឱ្យគណបក្សប្រឆាំងទៅវិញទេ។

លោក អ៊ា សុផល បានសរសេរនៅក្នុងអុីម៉េលមួយថា “នេះដូចជាការផ្ដល់អំណោយដល់គណបក្សប្រឆាំងអញ្ចឹង”។លោកបានសរសេរបន្តថា លោក សម រង្ស៊ី “ប្រាកដជានឹងធ្វើអ្វីៗដែលចាំបាច់ដើម្បីទទួលបានលទ្ធផលដែលគាត់ចង់បាន។ បើគាត់មិនធ្វើទេ គេលែងខ្វែងខ្វល់ចំពោះគាត់ទៀតហើយ”។

ឆ្លើយតបទៅនឹងការរិះគន់ជាបន្តបន្ទាប់របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ដែលក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បានរិះគន់ខ្លាំងៗលើទំនាក់ទំនងរបស់លោក ហ៊ុន សែន ជាមួយវៀតណាម និងការខ្លាចបាត់បង់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហើយនៅក្នុងរូបថ្លុកបានចំអកឲ្យលោកនាយករដ្ឋមន្ត្រីដុះពោះថាឡើងសង្វៀនដោយមិនហ៊ានឱ្យលោកចូលវាយជាមួយនោះ លោក ហ៊ុន សែន បានលើកឡើងថា លោកមិនចង់ឱ្យគូប្រជែងរបស់លោករូបនេះបន្តពាក់ព័ន្ធនៅក្នុងគណបក្សសង្គ្រោះជាតិទៀតនោះឡើយ។

សំដៅដល់បទចោទមានជាបន្តបន្ទាប់លើលោក សម រង្ស៊ី ដែលមជ្ឈដ្ឋានទូទៅមើលឃើញថាមានពាក់ព័ន្ធនឹងរឿងនយោបាយ លោក ហ៊ុន សែន បានសួរអ្នកគាំទ្រជាច្រើនពាន់នាក់ដែលសុទ្ធតែមានពាក់មួកគណបក្សប្រជាជនកម្ពុជានៅកោះពេជ្រថា “តើអ្នកទោសមានសិទ្ធិនិងផ្សារភ្ជាប់ខ្លួនជាមួយនឹងគណបក្សនយោបាយឬទេ?” ។

លោកនាយករដ្ឋមន្ត្រីបានក្រើនរំឭកអ្នកចូលរួមយ៉ាងច្រើនថា រដ្ឋសភាបានអនុម័តរួចហើយលើការធ្វើវិសោធនកម្មច្បាប់លើកទី១ ដែលរារាំងអ្នកជាប់ទោសព្រហ្មទណ្ឌមិនឱ្យកាន់តំណែងជាន់ខ្ពស់នៅក្នុងបក្សរបស់ខ្លួនកាលពីដើមឆ្នាំនេះ នៅក្នុងចំណាត់ការមួយដែលបានបង្ខំឱ្យលោក សម រង្ស៊ី លាលែងពីតំណែងនៅក្នុងខែកុម្ភៈ។ ប៉ុន្តែច្បាប់នេះដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើងនៅពេលនោះថា មានគោលដៅលើគណបក្សសង្គ្រោះជាតិ មិនបានធ្វើឱ្យលោក សម រង្ស៊ី ជា “មនុស្សដែលគ្មានការអៀនខ្មាស” ឈប់ចូលខ្លួនមកពាក់ព័ន្ធនៅក្នុងកិច្ចការគណបក្សនោះឡើយ នេះបើយោងតាមកលើកឡើងរបស់លោក ហ៊ុន សែន។

លោក ហ៊ុន សែន បានសួរថា “តើចំណោទខាងផ្លូវច្បាប់វាយ៉ាងម៉េច? លោកបានសួរបន្តថា “ហេតុអ្វីអ្នកទោសដែលក្លាយទៅជាអ្នកបង្កសង្គ្រាមឥតចេះឈប់?”។

cam-photo-rainsy-channaលោក ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា “ខ្ញុំស្នើសមាជិកសមាជិកានៃសមាជិកសភាគណបក្សប្រជាជនកម្ពុជាពិនិត្យមើល អាចស្នើសុំធ្វើវិសោធនកម្មនៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលកុំឱ្យពួកគេហៅថាអ្នកទោសធ្វើសកម្មភាពតាមរបៀបនេះ ពីព្រោះរឿងនេះគឺជារឿងផ្លូវច្បាប់មិនអាចលេងសើចបានទេក្នុងដំណើរប្រជាធិបតេយ្យ”។

បន្ទាប់មកលោកនាយករដ្ឋមន្ត្រីបាននិយាយចំអកឱ្យឥស្សរជនជាយូរមកហើយរបស់គណបក្សប្រឆាំងរូបនេះចំពោះការអះអាងដែលថា លោក ហ៊ុន សែន ខ្លាចជ្រុលដល់ថ្នាក់មិនហ៊ានលុបចោលបម្រាមធ្វើដំណើរដែលដាក់មកលើរូបលោក ដោយលើកឡើងថា លោក សម រង្ស៊ី បានដកសម្ដីក្អេងក្អាងរបស់ខ្លួនវិញពេលបម្រាមនេះត្រូវបានលុបចោលកាលពីដើមខែនេះ។

លោកបានមានប្រសាសន៍ថា “បើអ្នកចិត្តសឿង អញ្ជើញមក ទ្វារបើកចំហរួចហើយ”។

លោកក៏បានរិះគន់ផងដែរលើលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិក្នុងពេលបច្ចុប្បន្ន ដែលប្រាប់ឱ្យអ្នកបោះឆ្នោតកុំ “បង្ហិន” សន្លឹកឆ្នោតលើគណបក្សតូចៗ ជាការលើកឡើងដែលធ្វើឱ្យមានការដាក់ពាក្យបណ្ដឹងភ្លាមៗពីប្រធានគណបក្សយុវជនកម្ពុជា។

ដោយជំរុញឱ្យមន្ត្រីគណបក្សប្រជាជនកម្ពុជាគោរពគណបក្សតូចៗបែបនេះ លោកបានមានប្រសាសន៍ថា “ខ្ញុំមិននឹកស្មានដល់ថា អ្នកដែលមិនធ្លាប់ឈ្នះ ហើយមិនទាន់ឈ្នះផងមើលងាយគណបក្សតូចតាច”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា សមាជិកសភាគណបក្សកាន់អំណាចកំពុងធ្វើការពិនិត្យច្បាប់ស្ដីពីគណបក្សនយោបាយហើយ ដើម្បីដាក់សំណើសុំឱ្យមានការវិសោធនកម្មរបស់លោកនាយករដ្ឋមន្ត្រី ជូនសភា “ឆាប់ៗ” ប៉ុន្តែលោកបានលើកឡើងថា មិនទាន់អាចផ្ដល់ព័ត៌មានលម្អិតស្ដីពីការធ្វើវិសោធនកម្មនេះនៅឡើយទេនៅពេលនេះ។

លោកបានមានប្រសាសន៍ថា លោក សម រង្ស៊ី “អត់ជាសមាជិកហ្នឹង បានគេធ្វើច្បាប់ទប់ទល់តាមផ្លូវច្បាប់”។ លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា “មិនចេះធ្វើលេងៗម៉េចកើត ឱ្យវាបានស៊ីជម្រៅ”។

លោក សម រង្ស៊ី បានសរសេរសារពីទីក្រុងប៉ារីស ជាកន្លែងដែលលោកបានភៀសខ្លួនទៅរស់នៅថា លោកនឹងនៅតែបន្តរិះគន់លោកនាយករដ្ឋមន្ត្រី បើទោះបីជាអាចមានការបន្តការទុក្ខបុកម្នេញលើអតីតសហការីរបស់លោកក៏ដោយ។

លោកបានសរសេរនៅក្នុងអុីម៉េលមួយកាលពីម្សិលមិញថា “គាត់ខឹងមួម៉ៅដោយសារខ្ញុំបង្ហោះសារតាមហ្វេសប៊ុក ដែលពលរដ្ឋខ្មែររាប់លាននាក់សុទ្ធតែបានឃើញ”។ លោក សម រង្ស៊ី បានលើកឡើងទៀតថា អុីនធឺណិតជួយចែករំលែកព័ត៌មានដើម្បីប្រយោជន៍ប្រជាធិបតេយ្យ”។ លោកបានសរសេរបន្តថា “ជនផ្ដាច់ការតូចតាចដូចលោក ហ៊ុន សែន មិនអាចធ្វើអ្វីប្រឆាំងនឹងនិន្នាការនេះបានទេ…យើងនឹងបន្តលាតត្រដាងការពិតដោយមិនខ្វល់ថា លោក ហ៊ុន សែន ខឹង ឬមិនខឹងនោះឡើយ”។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិបានលើកឡើងថា នៅតែមាន “ការបន្តពិភាក្សា” ក្រៅផ្លូវការរវាងលោក កឹម សុខា និងលោក សម រង្ស៊ី ប៉ុន្តែលោក សម រង្ស៊ី គ្មានតួនាទីនៅក្នុងគណបក្សទេ។ ព្រះអង្គម្ចាស់គិតថា លោកនាយករដ្ឋមន្ត្រីនឹងបន្តធ្វើតាមគម្រោងរបស់ខ្លួន “ប៉ុន្តែអត់ជោគជ័យ” ទេ។

លោក អ៊ា សុផល ដែលក៏ជាអ្នកវិភាគគោលនយោបាយផងដែរនោះ បានលើកឡើងថា វាមិនយុត្តិធម៌ទេក្នុងការឱ្យគណបក្សសង្គ្រោះជាតិទទួលខុសត្រូវចំពោះសកម្មភាពរបស់សមាជិកដែលបានលាលែងពីបក្ស។

លោកបានព្យាករថា “លោក សម រង្ស៊ី មិននៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែការឱ្យគណបក្សសង្គ្រោះជាតិទទួលខុសត្រូវ ទំនងជាយុទ្ធសាស្ត្រចាស់ ដែលមានតែធ្វើឱ្យអ្នកបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិកាន់តែច្រើនទៅវិញទេ”។ លោកបានបន្ថែមថា “ខ្ញុំអត់ឃើញលោក សម រង្ស៊ី ប្ដូរយុទ្ធសាស្ត្រទេ វាមានតែជួយឱ្យលោកទទួលបានផលប្រយោជន៍កាន់តែច្រើនទៅវិញទេ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស