30.1 C
Phnom Penh

NGO ​របស់​​បន្ទប់​ស្ថានការណ៍​ប្រឈម​​​​ការ​ស៊ើបអង្កេត​​​ ដោយ​​សារ​​ឃ្លាំ​មើល​ការ​បោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីម្សិលមិញថា អង្គការឃ្លាំមើលការបោះឆ្នោតមួយក្រុមដែលហៅខ្លួនឯងថា “បន្ទប់ស្ថានការណ៍” (Situation Room) អាចនឹងត្រូវបានហាមឃាត់មិនឱ្យចូលរួមឃ្លាំមើលការបោះឆ្នោតនៅពេលអនាគត ហើយការចុះបញ្ជីអង្គការសមាជិករបស់ខ្លួនអាចនឹងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់ក្រុមនេះថាបំពានច្បាប់ ដោយឃុបឃិតជាមួយគណបក្សប្រឆាំង និងធ្វើជាមូលដ្ឋានសម្រាប់ “បដិវត្តន៍ពណ៌”។

បណ្តាសមាជិកនៃក្រុមនេះបាននិយាយការពារអព្យាក្រឹតភាពរបស់ខ្លួន ហើយលើកឡើងថា ក្រុមនេះមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃតាមលក្ខខណ្ឌតម្រូវសម្រាប់អង្គការមិនមែនរដ្ឋាភិបាលនានាក្រោមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ LANGO នោះទេ ពីព្រោះវាគ្រាន់តែជាការជួបជុំគ្នាបណ្ដោះអាសន្នរបស់អង្គការមិនមែនរដ្ឋាភិបាលដែលមានទស្សនៈដូចគ្នាប៉ុណ្ណោះ ពោលគឺមិនមែនជាអង្គការដែលមានរចនាសម្ព័ន្ធពេញលេញឡើយ។

cam-photo-hun-sen-reuters2ថ្លែងក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍៦៦ឆ្នាំនៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាធ្វើឡើងនៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យមើលផ្លូវច្បាប់របស់បន្ទប់ស្ថានការណ៍ក្រោមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បន្ទាប់ពីក្រុមដែលមានអង្គការមិនមែនរដ្ឋាភិបាលចំនួន៤០ចូលរួមនេះបានរិះគន់ជុំវិញភាពត្រឹមត្រូវយុត្តិធម៌នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា។

លោក ហ៊ុន សែន បានចោទសួរថា “បញ្ហាមួយចំនួនដែលត្រូវតែដោះស្រាយនៅពេលខាងមុខនេះគឺ តើអ្វីទៅដែលហៅថាបន្ទប់ស្ថានការណ៍? ដែលក្នុងប៉ុន្មានថ្ងៃនេះបានធ្វើឲ្យអ័ព្ទអួរយ៉ាងខ្លាំងជាមួយនឹងលទ្ធផលនៃការបោះឆ្នោត។ បន្ទប់ស្ថានការណ៍បានចុះឈ្មោះនៅក្រសួងមហាផ្ទៃឬទេ?”។

លោកបានចោទសួរអំពីទីស្នាក់ការសង្កេតការណ៍បោះឆ្នោតរបស់ក្រុមនេះថា “តើពួកគេមានសិទ្ធិបង្កើតនូវទីតាំងបែបនេះ ឬក៏ទីតាំងបែបនេះជាមូលដ្ឋានបញ្ជានៃគោលការណ៍បដិវត្តន៍ពណ៌?”។

លោកអះអាងថា ការរិះគន់របស់ក្រុមនេះជុំវិញការបោះឆ្នោត ជាពិសេសចំពោះសកម្មភាពយុទ្ធនាការឃោសនាមុនការបោះឆ្នោត បានបន្ទរតាមក្តីបារម្ភរបស់គណបក្សសង្គ្រោះជាតិ ហើយលើកឡើងថា ក្រុមនេះបានឃុបឃិតគ្នាជាមួយគណបក្សប្រឆាំង។

លោកចោទសួរទៀតថា “បើមិនស្របច្បាប់ អ្នកឯងធ្វើកន្លងទៅ ត្រូវទទួលទោសបែបណា?” ហើយលោកបានជំរុញឲ្យលោក ស ខេង ពិនិត្យមើលផ្លូវច្បាប់របស់ក្រុមនេះ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រសួងបានចាត់ទុកសម្ព័ន្ធនេះថាជាអង្គមានមែនរដ្ឋាភិបាលដែលមិនបានចុះបញ្ជី ហើយពេលនេះកំពុងស៊ើបអង្កេតការចុះបញ្ជីរបស់អង្គការជាសមាជិក ហើយនឹងកោះហៅបុគ្គលមកសាកសួរម្នាក់ម្ដង។

សមាជិករបស់បន្ទប់ស្ថានការណ៍ដែលមានឈ្មោះក្នុងបញ្ជីនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីដើមខែនេះ សុទ្ធសឹងតែជាអង្គការសង្គមស៊ីវិលល្បីឈ្មោះបំផុតនៅក្នុងប្រទេសរួមមានអង្គការខុមហ្វ្រែល អង្គការនិកហ្វិច អង្គការសិទ្ធិមនុស្សអាដហុក អង្គការលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការសង់ត្រាល់ដែលជាអង្គការសិទ្ធិការងារ និងអង្គការដ៏ធំដែលមានឈ្មោះថា  វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល។

លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា ”សរសេរលិខិតរម្លាយសកម្មភាពហ្នឹងចោល ឬចូលរួមកឃ្លាំមើលការបោះឆ្នោតលើកក្រោយ”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ ក្រុមនេះមានទស្សនៈវិជ្ជមានភាគច្រើនចំពោះការបោះឆ្នោតនេះ ប៉ុន្តែបានលើកឡើងថា “បញ្ហាមួយចំនួន” បានកើតឡើងនៅមុនការបោះឆ្នោតដែលនាំឲ្យបរិយាកាសសម្រាប់ “ដំណើរការបោះឆ្នោតស្ថិតនៅក្នុងកម្រិតរឹតត្បិតសេរីភាព និងខ្វះយុត្តិធម៌ពេញលេញនៅឡើយ”។

WP-LastImage-6ក្រុមនេះបានលើកឡើងថា ការគាបសង្កត់ខាងនយោបាយ ការគំរាមកំហែងប្រើអំពើហិង្សាពីសំណាក់ក្រុមមេដឹកនាំគណបក្សកាន់អំណាច តុលាការខ្វះឯករាជ្យ និងការផ្សព្វផ្សាយមិនស្មើភាពតាមប្រព័ន្ធផ្សព្វផ្សាយបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត។

លោក ខៀវ សុភ័គ ដែលបានគំរាមចាត់វិធានការគ្មានការបញ្ជាក់លើអង្គការសង្គមស៊ីវិលនៅមុនការបោះឆ្នោតបានច្រានចោលលទ្ធផលរកឃើញនេះ ហើយអះអាងថា វាបានបង្កឲ្យមាន “ចលាចលសង្គម”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញរួមគ្នាដោយខុមហ្វ្រែល និងនិកហ្វិច អង្គការទាំងពីរមិនបានលើកឡើងពីសុន្ទរកថារបស់លោក ហ៊ុន សែន នោះទេ ប៉ុន្តែបានចាត់ទុកបន្ទប់ស្ថានការណ៍ថា “វេទិកាអព្យាក្រឹត” ដែលរៀបចំឡើងដោយក្រុមពីរក្នុងបំណងផ្តល់អ្នកសង្កេតការណ៍បោះឆ្នោត និងវាយតម្លៃលទ្ធផលបោះឆ្នោត និងធ្វើកិច្ចការមួយចំនួនទៀត។

សេចក្តីថ្លែងការណ៍ដែលលើកឡើងថា ក្រុមនេះបានរំសាយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានចេញផ្សាយលទ្ធផលរកឃើញរបស់ខ្លួនជុំវិញលទ្ធផលបោះឆ្នោត។

ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលតម្រូវឲ្យ “សមាគមក្នុងស្រុក” ទាំងអស់ចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ សមាគមក្នុងស្រុកសំដៅដល់ “អង្គការសមាជិកភាពដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជា ដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍របស់សមាជិកខ្លួន ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា”។

លោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៅអង្គការខុមហ្វ្រែលបានបញ្ជាក់តាមរយៈសារហ្វេសប៊ុកថា ក្រុមនេះមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃទេ ប៉ុន្តែមានប្រសាសន៍ថា ការផ្តល់អាណត្តិរយៈពេលខ្លីដល់ក្រុមនេះជាការមិនចាំបាច់ឡើយ។

លោកបានគូសបញ្ជាក់ថា ក្រុមនេះគ្មានរចនាសម្ព័ន្ធគ្រប់គ្រងនោះទេ វាគ្រាន់តែជាកន្លែងជួបជុំសម្រាប់អង្គការសង្គមស៊ីវិល “ដែលមានទស្សនៈដូចគ្នា” ប៉ុណ្ណោះ។

លោក សុក សំអឿន ដែលជាអ្នកជំនាញខាងច្បាប់បានមានប្រសាសន៍ថា បន្ទប់ស្ថានការណ៍មិនចាំបាច់ចុះបញ្ជីទេ ប្រសិនបើវាគ្រាន់តែជាកន្លែងជួបជុំគ្នាសម្រាប់បណ្តាអង្គការជាសមាជិក។ ប៉ុន្តែប្រសិនបើក្រុមនេះចង់រៀបចំជារចនាសម្ព័ន្ធមួយដែលមានឈ្មោះថ្មី ហើយចេញសេចក្តីថ្លែងការណ៍ ខ្លួនគួរតែចុះបញ្ជី។ លោកលើកឡើងបន្ថែមទៀតថា នៅក្នុងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចែងថា “បើយើងចង់បង្កើតសម្ព័ន្ធមួយ យើងត្រូវតែចុះបញ្ជី”។

ទោះជាយ៉ាងណា លោក យឿង សុធារ៉ា បានជំទាស់នឹងការលើកឡើងនេះ។ លោកបានសរសេរថា “វាជាបន្ទប់ ឬជាកន្លែងសម្រាប់ប្រមូលផ្តុំគំនិត និងទស្សនៈរបស់អង្គការសង្គមស៊ីវិលដើម្បីពិភាក្សាដេញដោលលើបញ្ហាបោះឆ្នោត។ វាជាទស្សនៈរួមដែលយើងគួរតែដាក់បញ្ចូលគ្នាសម្រាប់សេចក្តីថ្លែងការណ៍មួយ”។

ព្រះអង្គម្ចាស់ ធម្មិកោ ដែលជាសមាជិកនៃគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិអស់សំណើច នៅពេលសាកសួរថាតើគណបក្សទ្រង់ពិតជាបានឃុបឃិតជាមួយវេទិកានេះមែនឬយ៉ាងណា ហើយទ្រង់បានបដិសេធថាគ្មានការសហការគ្នាជាសម្ងាត់ណាមួយឡើយ។

ព្រះអង្គមានបន្ទូលថា លោក ហ៊ុន សែន “សាុំនឹងចោទគេទៅហើយ”៕ សុុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស