28 C
Phnom Penh

ទីបំផុតមន្ត្រី​អាដហុក​ទាំង​៥ត្រូវ​បានដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីអាដហុកទាំងប្រាំ ទាំងអតីត និងបច្ចុប្បន្នដែលបានជាប់ពន្ធនាគាររយៈពេលជាង១ឆ្នាំមុនសវនាការតាមបទចោទសូកប៉ាន់ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយនោះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំហើយកាលពីយប់មិញ។

មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកបច្ចុប្បន្នបួនរូប គឺលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី បានដើរចេញពីពន្ធនាគារព្រៃសដោយមានសេរីភាពនៅចន្លោះម៉ោងប្រហែល៧ទៅ៨យប់។

លោក នី ចរិយា អតីតមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក និងបច្ចុប្បន្នជាមន្ត្រី គ.ជ.ប ពេលចាកចេញពីពន្ធនាគារប៉េហ្ស៊ី នៅក្នុងរាជធានីភ្នំពេញ ជាមួយក្រុមគ្រួសាររបស់លោកកាលពីយប់មិញ។ រូបថតៈ Hannah Hawkins/The Cambodia Daily
លោក នី ចរិយា អតីតមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក និងបច្ចុប្បន្នជាមន្ត្រី គ.ជ.ប ពេលចាកចេញពីពន្ធនាគារប៉េហ្ស៊ី នៅក្នុងរាជធានីភ្នំពេញ ជាមួយក្រុមគ្រួសាររបស់លោកកាលពីយប់មិញ។ រូបថតៈ Hannah Hawkins/The Cambodia Daily

ចំណែកឯលោក នី ចរិយា អតីតមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ដែលចាប់តំាងពីពេលនោះបានកាន់តំណែងមួយនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញពីពន្ធនាគារប៉េហ្ស៊ី ក្នុងរាជធានីភ្នំពេញ នៅម៉ោងប្រហែល៨និង៣០នាទីយប់ ដោយមានសមាជិកក្រុមគ្រួសារ ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ និងអតីតសហការីនៅរង់ចាំទទួលស្វាគមន៍។ លោក នី ចរិយា មានប្រសាសន៍ថា “ខ្ញុំសប្បាយចិត្ត ខ្ញុំនឹងបន្តការងាររបស់ខ្ញុំ”។

លោក សំ សុគង់ មេធាវីរបស់លោក នី ចរិយា បានមានប្រសាសន៍ថា លោកស្វាគមន៍សេចក្ដីសម្រេចដោះលែងកូនក្ដីរបស់លោកឱ្យនៅក្រៅឃុំ។

លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ចៅក្រមស៊ើបសួរ ធាម ច័ន្ទពិសិដ្ឋ បានបញ្ចប់ការស៊ើបអង្កេតលើមន្ត្រីទាំងប្រាំរូបនេះហើយ ហើយបានសម្រេចដោះលែងពួកគាត់ដោយសារតែពួកគាត់មានសុខភាពទ្រុឌទ្រោម។

លោក យី សុខសាន្ត ចាកចេញពីពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ កាលពីយប់ម្សិលមិញ។ Fresh News

លោកបានបន្តថា “ចៅក្រមស៊ើបសួរបានបញ្ចប់ការស៊ើបអង្កេតរបស់គាត់លើសំណុំរឿងនេះហើយដោយសារតែពួកគាត់មានជំងឺ និងចុះខ្សោយ។ ពួកគាត់ត្រូវបានដោះលែងឱ្យមានសេរីភាពហើយ ប៉ុន្តែសវនាការជំនុំជម្រះពួកគាត់នឹងបន្តធម្មតា” ហើយលោកបានបន្ថែមថា កាលបរិច្ឆេទជំនុំជម្រះទោសពួកគាត់មិនទាន់បានកំណត់នៅឡើយទេ។

លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ដែលពេលនោះជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីឱ្យនាងឆ្លើយបដិសេធស្នេហាលួចលាក់របស់នាងជាមួយលោក កឹម សុខា។ ចំណែកឯលោក នី ចរិយា ត្រូវបានចោទប្រកាន់ថាជាជនសមគំនិត។ ពួកគាត់ទាំងប្រាំរូបសុទ្ធតែច្រានចោលការចោទប្រកាន់ទាំងនេះ ដោយអះអាងថា ពួកគាត់គ្រាន់តែផ្ដល់ជំនួយផ្លូវច្បាប់ដល់នារីរូបនេះប៉ុណ្ណោះ។

ពួកគាត់ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០១៦ ហើយការឃុំខ្លួនពួកគាត់មុនសវនាការត្រូវបានពន្យារពីរដង៕សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស