33 C
Phnom Penh

ព្រឹទ្ធសភា​អនុម័​​ត​ឱ្យ​ភរិយា​លោក ហុង សុខហួរ កាន់តំណែង​​​ជំនួស​ស្វាមី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញព្រឹទ្ធសភាបានអនុម័តជាឯកច្ឆន្ទឲ្យលោកស្រី គុណ លំអង ចូលកាន់តំណែងជំនួសស្វាមីដែលជាសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ហើយបានបន្ថែមអាសនៈថ្មីមួយទៅក្នុងស្ថាប័ននេះដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងរដ្ឋសភា។

លោក ហុង សុខហួរ ស្វាមីរបស់លោកស្រី គុណ លំអង បានលាឈប់ពីគណបក្ស សម រង្ស៊ី ដើម្បីត្រួសត្រាយផ្លូវឲ្យភរិយាចូលកាន់តំណែងរបស់លោក បន្ទាប់ពីលោកត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំកាលពីខែវិច្ឆិកា ពីបទបង្ហោះសន្ធិសញ្ញាព្រំដែនកម្ពុជា- វៀតណាម ក្លែងក្លាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

លោកស្រី គុន លំអង ភរិយារបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាដែលជាប់ពន្ធនាគារឲ្យជំនួសតំណែងរបស់ស្វាមី។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកស្រី
លោកស្រី គុន លំអង ភរិយារបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាដែលជាប់ពន្ធនាគារឲ្យជំនួសតំណែងរបស់ស្វាមី។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកស្រី

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍កាលពីម្សិលមិញថា ពេលនេះលោកស្រី គុណ លំអង ត្រូវចូលធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង មុនពេលចូលកាន់តំណែងតំណាងឲ្យមណ្ឌលរបស់លោកស្រីដែលមាន៥ខេត្ត។

លោកស្រី គុណ លំអង បានលើកឡើងតាមក្រោយក្នុងថ្ងៃដដែលថា “យើងត្រូវតែរកពេលវេលាដើម្បីសម្រេចបានច្បាប់ណាដែលល្អ ហើយចំណេញដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ” ហើយគណបក្ស សម រង្ស៊ី ដែលបានប្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ២០១២ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ មិនទាន់សម្រេចនៅឡើយទេថាតើលោកស្រីនឹងកាន់តំណែងជំនួសស្វាមីជាប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភាឬយ៉ាងណា។

លោក ហុង សុខហួរ គឺជាសមាជិកមួយក្នុងចំណោមសមាជិកគណបក្សប្រឆាំងដែលជាប់ពន្ធនាគារចំនួន១៧រូបដែលអង្គការលីកាដូ បានចាត់ថាជា “អ្នកទោសនយោបាយ” ប៉ុន្តែរដ្ឋាភិបាលបានច្រានចោលថាគ្មានភាពលម្អៀងណាមួយឡើយនៅក្នុងការឃុំខ្លួនពួកគេ។

គណបក្ស សម រង្ស៊ី ក៏កំពុងពិចារណាបេក្ខភាពជំនួសតំណែងរបស់លោកស្រី ឡាក់ ថានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលបានរត់ភៀសខ្លួនទៅបរទេស និងដែលកាលពីខែវិច្ឆិកា ត្រូវបានតុលាការផ្តន្ទាទោសពីបទញុះញង់ និងបទបរិហារកេរ្តិ៍ក្រោយពីលោកស្រីធ្វើអត្ថាធិប្បាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយ។

ព្រឹទ្ធសភាដែលត្រូវបានបង្កើតឡើងជាផ្នែកមួយនៃដំណោះស្រាយលើភាពជាប់គាំងខាងនយោបាយក្នុងឆ្នាំ១៩៩៨ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វុ៊នស៊ិនប៉ិចអាចត្រឹមតែធ្វើសំណើប៉ុណ្ណោះលើការកែសម្រួលច្បាប់ នាំឱ្យអ្នករិះគន់មួយចំនួនអះអាងថាវាគ្រាន់តែជាស្ថាប័នប្រថាប់ត្រា និងមានគ្រាន់តែជាជានិមិត្តរូបប៉ុណ្ណោះ។

សូមបញ្ជាក់ថា ព្រឹទ្ធសភាមិនដែលធ្វើការកែប្រែលើសេចក្ដីព្រាងច្បាប់ដែលអនុម័តដោយរដ្ឋសភាឡើយ ហើយមិនបានពិភាក្សាដេញដោលអំពីការតែងតាំងលោកស្រី គុណ លំអង នោះទេ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស