28 C
Phnom Penh

សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្តន្ទាទោសលោក ហុង សុខហួរ​ និង លោក សម រង្ស៊ី ពាក់ព័ន្ធ​សន្ធិសញ្ញាព្រំដែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមផ្តន្ទាទោស លោក ហុង សុខហួរ ឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទធ្វើបទបង្ហាញសន្ធិសញ្ញាក្លែងក្លាយនៅក្នុងវីដេអូបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលសាលាឧទ្ធរណ៍ក៏បានសម្រេចតម្កល់សាលក្រមផ្តន្ទាទោសលោក ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ពីបទសមគំនិតទុកជាបានការដែរនោះ។

លោក ហុង សុខហួរ ដែលមិនបានបង្ហាញខ្លួននៅក្នុងតុលាការ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទក្លែងឯកសារសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីខែវិច្ឆិកា ពាក់ព័ន្ធនឹងវីដេអូនេះ ដែលរួមមានទាំងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩  ក្លែងក្លាយ ដែលគណបក្សប្រឆាំងបានអះអាងថា គ្រាន់តែជាការបកស្រាយខុស និងត្រូវបានទាញចេញពីអីុនធឺណិត។

cam-photo-sok-hour-channaលោក សម រង្ស៊ី ព្រមទាំងជំនួយការពីរនាក់ដែលធ្វើការលើទំព័រហ្វេសប៊ុករបស់លោក និងដែលគេជឿជាក់ថា សុទ្ធតែកំពុងស្ថិតនៅក្នុងប្រទេសបារាំង ត្រូវបានផ្តន្ទាទោសកំបាំងមុខពីបទសមគំនិតនៅខែបន្ទាប់។ លោក សត្យា សម្បត្តិ ដែលត្រូវបានចោទប្រកាន់ពីបទបង្កើតវីដេអូនេះ និងលោក អឹុង ជុងលាង ដែលជាអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុករបស់លោក សមរង្ស៊ី ក៏ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំដែរ ប៉ុន្តែត្រូវតុលាការឱ្យអនុវត្តទោសតែបីឆ្នាំប៉ុណ្ណោះ។

កាលពីម្សិលមិញ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ សេង ស៊ីវុត្ថា បានសម្រេចតម្កល់បទចោទទាំងអស់ទុកជាបានការ។

លោកបានមានប្រសាសន៍ថា “តាមការសន្និដ្ឋាន ជនជាប់ចោទ ហុង សុខ ហួរ មានសមត្ថភាពធ្វើវាបាន អ៊ីចឹងគាត់គួរតែទទួលខុសត្រូវចំពោះបទល្មើសហ្នឹង”។

មុនប្រកាសសាលដីកា មេធាវីរបស់លោក ហុង សុខហួរ បានស្នើសុំឱ្យអ្នកជំនាញត្រួតពិនិត្យសន្ធិសញ្ញានេះសិន ដើម្បីចង់ដឹងថា តើសមាជិកព្រឹទ្ធសភារូបនេះក្លែងឯកសារនេះដោយខ្លួនលោកផ្ទាល់ឬយ៉ាងណា ដោយធ្វើការប្រៀបធៀបវាទៅនឹងសញ្ញាបត្រក្លែងក្លាយ។

លោកស្រីមេធាវី ម៉េង សុភារី បានមានប្រសាសន៍ថា “ឧទាហរណ៍ បើខ្ញុំក្លែងសញ្ញាបត្ររបស់ខ្ញុំ អ៊ីចឹង ខ្ញុំក្លែងទាំងហត្ថលេខា ឬត្រា របស់ក្រសួងអប់រំ អ៊ីចឹងគួរតែធ្វើការពិនិត្យ”។

ទោះជាយ៉ាងណា ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានលើកឡើងថា ការវិភាគបែបនេះ មិនស្រប “តាមផ្លូវច្បាប់”ទេ។

ពាក់ព័ន្ធបទចោទលើលោក សម រង្ស៊ី និង ជំនួយការរបស់លោក ចៅក្រម សេង ស៊ីវុត្ថា បានលើកឡើងថា លោកជឿជាក់ថា ការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី គឺធ្វើតាមបញ្ជារបស់អតីតប្រធានគណបក្សប្រឆាំងរូបនេះ ទោះបីជាលោក ហុង សុខហួរ អះអាងថា លោកមិនបានជម្រាបលោក សម រង្ស៊ី ថា លោកមានគម្រោងបង្ហោះសន្និសញ្ញានេះក៏ដោយ។

លោក សេង ស៊ីវុត្ថា បានថ្លែងថា “បើគ្មានបញ្ជា ឬការអនុញ្ញាត ជំនួយការទាំាងពីររបស់លោក សម រង្ស៊ី នឹងមិនធ្វើការបង្ហោះទេ”។

លោកបន្ថែមថា “សាលក្រមរបស់សាលាដំបូងរាជធានី ត្រឹមត្រូវ ព្រោះអំឡុងពេលបើកសវនាការ ជនជាប់ចោទ ហុង សុខហួរ បានទទួលស្គាល់ថា វីដេអូនោះបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ីមែន”។

លោក សំ សុគង់ មេធាវីតំណាងលោក ហុង សុខហួរ និងលោក សមរង្ស៊ី បានចាត់ទុកសាលដីការបស់សាលាឧទ្ធរណ៍ថា មិនផ្តល់យុត្តិធម៌។លោកមានប្រសាសន៍ថា “វាមិនផ្តល់យុត្តិធម៌ដល់កូនក្តីរបស់ខ្ញុំទេ។ គេគួរតែអនុញ្ញាតឱ្យអ្នកជំនាញវិភាគសន្ធិសញ្ញានេះ ដើម្បីរកឱ្យឃើញថា តើលោក ហុង សុខហួរ សពិតជាក្លែងឯកសារមែន ឬមិនមែន”៕ ស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស