34 C
Phnom Penh

បន្ទាប់​ពី​តក់ស្លុត​ដោយសារ​​ការ​​​ជាប់​ពន្ធនាគារ​​​ មន្ត្រី​អាដហុក​ទាំង​ប្រាំប្ដេជ្ញា​​បន្ត​ការ​ងារ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល៤២៧ថ្ងៃ មន្ត្រីអាដហុកទាំងប្រាំបាននិងកំពុងរីករាយចុងសប្ដាហ៍ទី១ដែលខ្លួនមានសេរីភាពឡើងវិញក្រោយពីត្រូវបានដោះលែងពីពន្ធនាគារឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីយប់ថ្ងៃព្រហស្បតិ៍។ ប៉ុន្តែការឃុំខ្លួនបានប៉ះពាល់យ៉ាងខ្លាំងទាំងផ្លូវកាយ និងផ្លូវចិត្តលើមន្ត្រីសិទ្ធិមនុស្សទាំងអតីត និងបច្ចុប្បន្នទាំងនេះ។

លោក នី សុខា មានប្រសាសន៍កាលពីម្សិលមិញថា “ពេលនេះការគិតរបស់ខ្ញុំងងឹតស្លុប ខ្ញុំគិតអីក៏មិនចេញដែរ”។

លោក នី សុខា អាយុ៥១ឆ្នាំ ដែលជាប្រធានផ្នែកឃ្លាំមើលនៃអង្គការអាដហុក និងសហចុងចោទបួនរូបរបស់លោកបានជាប់ឃុំបណ្ដោះអាសន្នរយៈពេលជាង១ឆ្នាំរួចទៅហើយ នៅពេលពួកលោកត្រូវបានចៅក្រមស៊ើបសួរ ធាម ច័ន្ទពិសិដ្ឋ សម្រេចដោះលែងគួរឱ្យភ្ញាក់ផ្អើល។

សូមបញ្ជាក់ថា ពួកលោកទាំងប្រាំនៅតែប្រឈមនឹងសវនាការជំនុំជម្រះ គ្រាន់តែកាលបរិច្ឆេទមិនទាន់កំណត់នៅឡើយ។

កាលពីម្សិលមិញ លោក នី សុខា បានឈៀងចូលទៅផ្ទះរបស់លោក កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នករិះគន់រដ្ឋាភិបាលនៅក្នុងខេត្តតាកែវ ក្រោយពីត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ហ្វេសប៊ុក

លោក នី សុខា និងអនុប្រធានរបស់លោក គឺលោក ណៃ វង់ដា អាយុ៤២ឆ្នាំ លោក យី សុខសាន្ត អាយុ៥៤ឆ្នាំ និងលោកស្រី លឹម មុន្នី អាយុ៥៨ឆ្នាំដែលជាអ្នកស៊ើបអង្កេតជាន់ខ្ពស់ ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ដែលកាលនោះជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីឱ្យនាងឆ្លើយបដិសេធស្នេហាលួចលាក់រវាងនាង និងលោក កឹម សុខា។

លោក នី ចរិយា អាយុ៤៦ឆ្នាំ ជាអតីតមន្ត្រីអង្គការអាដហុកដែលបានផ្លាស់ទៅបម្រើការងារនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់តាំងពីពេលនោះ ត្រូវបានចោទប្រកាន់ថាជាជនសមគំនិត។

សំណុំរឿងនេះត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ ហើយការឃុំខ្លួនក្រុមនេះបណ្ដោះអាសន្នរយៈពេលយ៉ាងវែងត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនរិះគន់ ក្នុងនោះរួមមានទាំងអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផង។

សម្របខ្លួនទៅនឹងជីវិតរស់នៅក្រៅពន្ធនាគារ លោក នី សុខា មានប្រសាសន៍កាលពីម្សិលមិញថា ការជួបជុំម្ដាយរបស់លោក សាច់ញាតិ និងមិត្តភក្ដិបានធ្វើឱ្យលោកមានអារម្មណ៍ធូរស្រាលខ្លះៗ។ កាលពីម្សិលមិញដដែល បុរសកូនប្រាំរូបនេះបានធ្វើដំណើរទៅកាន់វត្តមួយស្ថិតក្នុងស្រុកឈូក ខេត្តកំពត ដើម្បីលាបំណន់ដែលភរិយារបស់លោកបានបន់ស្រន់សុំឱ្យវត្ថុស័ក្តិសិទ្ធជួយឲ្យលោកទទួលបានការដោះលែង។

ស្របពេលជាមួយគ្នានេះ លោកក៏បានឈៀងចូលទៅមើលផ្នូររបស់លោក កែម ឡី ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវផងដែរ។លោក នី សុខា គឺជាមិត្តភក្តិរបស់លោក កែម ឡី ដែលត្រូវឃាតករសម្លាប់កាលពីខែកក្កដា ជាអ្វីដែលអ្នកសង្កេតការណ៍មួយចំនួនចាត់ទុកថារដ្ឋាភិបាលជាអ្នកនៅពីក្រោយរឿងនេះ។

លោក នី សុខា បានជាប់ពន្ធនាគារអំឡុងគេធ្វើពិធីបុណ្យសពរបស់អ្នកវិភាគនយោបាយរូបនេះ ដែលធ្វើឲ្យលោកគ្មានឱកាសលាគ្នាជាលើកចុងក្រោយ។

លោក នី សុខា ដែលបានដួលសន្លប់ក្នុងបន្ទប់ទឹកពន្ធនាគារអំឡុងពេលជាប់ឃុំ មានប្រសាសន៍ថា សុខភាពរបស់លោកមាសភាពទន់ខ្សោយ ហើយលោកគ្រោងទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពនៅសប្ដាហ៍នេះ។

កាលពីម្សិលមិញ លោក នី សុខា បានឈៀងចូលទៅផ្ទះរបស់លោក កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នករិះគន់រដ្ឋាភិបាលនៅក្នុងខេត្តតាកែវ ក្រោយពីត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ហ្វេសប៊ុក
កាលពីម្សិលមិញ លោក នី សុខា បានឈៀងចូលទៅផ្ទះរបស់លោក កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នករិះគន់រដ្ឋាភិបាលនៅក្នុងខេត្តតាកែវ ក្រោយពីត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ហ្វេសប៊ុក

ស្របពេលជាមួយគ្នានេះ អ្នកស្រី ភាវ ម៉ី ភរិយារបស់លោក ណៃ វង់ដា និយាយថា ស្វាមីរបស់អ្នកស្រីកំពុងឈឺធ្ងន់នៅឡើយ គឺគាត់អង្គុយត្រង់មិនបានយូរទេ។ លោកបានស្នាក់នៅផ្ទះចាប់តាំងពីត្រូវបានដោះលែង ដោយមានជំងឺលើសឈាម និងឡើងជាតិកូលេស្តេរ៉ូល (ខ្លាញ់ក្នុងឈាម) ខ្ពស់។

អ្នកស្រីនិយាយទៀតថា “ពេលនេះគាត់ធូរស្រាលជាងកាលពីខ្ញុំទៅសួរសុខទុក្ខគាត់នៅក្នុងគុកដែលមើលឃើញតែជញ្ជាំងគុក”។

នៅថ្ងៃមុនពេលលោកត្រូវបានដោះលែង អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង៥០ រួមមានទាំងអង្គការលើកលែងទោសអន្តរជាតិ (Amnesty international) ផង បានថ្កោលទោសការបដិសេធមិនផ្ដល់ការថែទាំផ្នែកវេជ្ជសាស្ត្រដល់អ្នកជាប់ឃុំទាំងនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ពួកគេបានអះអាងថា បីរូបក្នុងចំណោមពួកលោក រួមទាំងលោក ណៃ វង់ដា ផងដែរ មានសុខភាពទ្រុឌទ្រោមខ្លាំងអំឡុងពេលជាប់ឃុំនៅពន្ធនាគារព្រៃស។

ការកំណត់ពេលវេលាដោះលេងឱ្យនៅក្រៅឃុំនេះគឺពិតជាចម្លែក ដោយសារតែកាលពីខែមេសា ចៅក្រមស៊ើបសួរ ធាម ច័ន្ទពិសិដ្ឋ បានពន្យារការឃុំខ្លួនអ្នកទាំងប្រាំរយៈពេល៦ខែទៀត ដោយលើកឡើងថាត្រូវការពេលវេលាបន្ថែមទៀតដើម្បីសាកសួរសាក្សី។ អ្នកជាប់ឃុំទាំងនេះលើកឡើងថា ពួកលោករំពឹងថាតុលាការកំពូលនឹងប្រកាសសាលដីកាសម្រេចលើបណ្ដឹងឧទ្ធរណ៍របស់ខ្លួនដែលសុំនៅក្រៅឃុំកាលពីថ្ងៃទី៥ ខែកក្កដា នៅពេលចៅក្រមរូបនេះចេញដីកាបង្គាប់ឱ្យដោះលែងពួកលោកដោយមិនបានជូនដំណឹងជាមុន។

កាលពីថ្ងៃព្រហស្បតិ៍លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការសម្រេចរបស់ចៅក្រមគឺផ្អែកលើអង្គហេតុថា លោកបានបញ្ចប់ការស៊ើបសួររបស់ខ្លួន ហើយមួយចំនួនក្នុងចំណោមមន្ត្រីអាដហុកទាំងប្រាំមានសុខភាពទ្រុឌទ្រោម។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) ប្រចាំតំបន់អាស៊ីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយថា “ដោយសារតែការស៊ើបអង្កេតក្លែងក្លាយតាំងពីដំបូង ដោយសាក្សីតិចតួចត្រូវបានកោះហៅ និងមានចំណាត់ការតិចតួច មិនចាំបាច់ឆ្ងល់ទេថាការសម្រេចខាងនយោបាយពាក់ព័ន្ធនឹងការកំណត់ពេលវេលាដោះលែងនេះ”។

លោកបានបន្តថា “គណបក្សប្រជាជនកម្ពុជាទំនងជាសម្រេចថា ពួកគេបំភិតបំភ័យបានសម្រេចតាមដែលខ្លួនចង់បានហើយ ហើយការបន្តឃុំខ្លួនក្រុមនេះប្រឈមនឹងការធ្វើឱ្យអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំងនេះធ្លាក់ខ្លួនឈឺធ្ងន់នៅក្នុងពន្ធនាគារ…។ ពេលនេះខ្ញុំរំពឹងថា គណបក្សប្រជាជននឹងយកការជំនុំជម្រះនេះគ្របសង្កត់ពីលើមន្ត្រីទាំងប្រាំ និងអង្គការ អាដហុក ជាការរៀបចំដើម្បីព្យាយាមរារាំងកុំឱ្យពួកគាត់ធ្វើសេចក្ដីរាយការណ៍អំពីសិទ្ធិមនុស្សក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ”។

ជាការឆ្លើយតប លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបដិសេធថា គណបក្សកាន់អំណាចមិនជាប់ពាក់ព័ន្ធការកំណត់ពេលដោះលែងក្រុមនេះឱ្យក្រៅឃុំទេ។

លោកថ្លែងថា “តុលាការអនុវត្តការងារទៅតាមនីតិវិធីរបស់ខ្លួន។ គេត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយសារការស៊ើបសួរបានបញ្ចប់។ គ្មានអ្នកណាខ្វល់ពី Human Right Watch ទេ។រដ្ឋាភិបាលគ្មានសិទ្ធិជ្រៀតជ្រែកទេ”។

ទោះបីជាកាលបរិច្ឆេទនៃសវនាការជំនុំជម្រះមិនទាន់បានកំណត់ ហើយសំណុំរឿងនេះនៅរង់ចាំពួកលោកនៅពេលខាងមុខក្តី ក៏មួយចំនួនក្នុងចំណោមមន្ត្រីអាដហុកទាំងប្រាំបានបញ្ជាក់ជំហរកាលពីម្សិលមិញថា ពួកលោកនឹងនៅតែបន្តធ្វើការងាររបស់ខ្លួន។

លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថា លោកនឹងទៅកាន់ការិយាល័យ គ.ជ.ប នៅថ្ងៃនេះ ពីព្រោះលោកមិនជាប់ពាក់ព័ន្ធបទល្មើសទេ។ ហើយលោក នី សុខា បានអំពាវនាវឱ្យតុលាការដកការចោទប្រកាន់លើពួកលោកទាំងប្រាំ ដោយគូសបញ្ជាក់ថា ក្រុមនេះមានកិច្ចការសំខាន់ដែលត្រូវធ្វើនៅក្រៅពន្ធនាគារ។

លោកមានប្រសាសន៍ថា “ខ្ញុំនឹងបន្តការងាររបស់ខ្ញុំជាមន្ត្រីសិទ្ធិមនុស្ស ពីព្រោះសង្គមរបស់យើងមិនទាន់គោរពសិទ្ធិមនុស្សឱ្យបានពេញលេញនៅឡើយទេ”៕ សុខុម (រាយការណ៍បន្ថែមដោយ Brendan O’Byrne)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស