32.9 C
Phnom Penh

ក្រសួង​​​បញ្ចប់​​​របាយការណ៍​​​ប​​​ឋមស្តីពី​​​សកម្មភាព​​​របស់​​​បន្ទប់ស្ថានការណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ក្រុមក្រសួងមហាផ្ទៃបានបញ្ចប់របាយការណ៍បឋមស្តីពីសកម្មភាពក្រុមឃ្លាំមើលការបោះឆ្នោត ដែលហៅថា បន្ទប់ស្ថានការណ៍ហើយឥឡូវនេះនឹងត្រូវពិនិត្យមើលដោយរដ្ឋមន្ត្រី ស ខេង។

ដោយធ្វើតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធឲ្យសើុបអង្កេតភាពស្របច្បាប់របស់សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលនេះ ដែលលោកចោទថា បានរំលោភច្បាប់ស្តីពីការចុះបញ្ជីអង្គការមិនមែនរដ្ឋាភិបាល និងបង្កឲ្យមាន       ” បដិវត្តន៍ពណ៌” នោះ លោក ស ខេង បាន មានប្រសាសន៍ថា ក្រុមអ្នកជំនាញក្រសួងបានប្រជុំកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដើម្បីវាយយតម្លៃបញ្ហានេះ។

លោកបានមានប្រសាសន៍បន្ទាប់ពីចេញពីប្រជុំកាលពីថ្ងៃសុក្រថា “យើងកំពុងឱ្យអ្នកជំនាញមើលទិដ្ឋភាពច្បាប់ទាំងអស់ថា តើសកម្មភាពនោះ វាខុសច្បាប់ ឬស្របច្បាប់យ៉ាង ម៉េច ហើយទើបយើងសម្រេចថា ត្រូវធ្វើយ៉ាងម៉េច”។

cam-photo-election-law-insideលោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកដឹកនាំក្រុមនៃអគ្គនាយកដ្ឋានរដ្ឋបាលបានមានប្រសាសន៍ថា លោកទំនងជានឹងទទួលបានរបាយការណ៍នៅថ្ងៃនេះមុន ពេលបញ្ជូនទៅលោក ស ខេង ។

ដោយបដិសេធមិននិយាយលម្អិតអំពីការសន្និដ្ឋានរបស់គណៈកម្មាធិការនោះ លោកបានថ្លែងថា “គាត់លើកយោបល់ គាត់ធ្វើទឡ្ហីករណ៍ច្បាប់ផ្សេងៗ”។

សមាជិកអង្គការមិនមែនរដ្ឋាភិបាល៤០រូបនៃបន្ទប់ស្ថានការណ៍ បានប្រជុំគ្នាដើម្បីសម្របសម្រួលការអង្កេត និងវាយតម្លៃការបោះឆ្នោតឃុំសង្កាត់ ដោយបានបញ្ចប់ជាមួយសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនដែលបានរកឃើញថា ការបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនា មិនទាន់សេរីនិងយុត្តិធម៌ពេញលេញឡើយ។សមាជិកគណៈកម្មាធិការនោះ បានលើកឡើងកាលពីសប្តាហ៍មុនថា ស្ថានភាពបណ្តោះអាសន្ន និងកង្វះរចនាសម្ព័ន្ធ ចាត់តាំងរបស់បន្ទប់ស្ថានការណ៍នេះ មានន័យ ថា វាមិនចាំបាច់ចុះបញ្ជីជាមួយក្រសួងទេ។

ការអះអាងនោះត្រូវបានបន្ទរតាមកាលពីថ្ងៃសុក្រ តាមរយៈសេចក្តីថ្លែងការណ៍មួយចេញដោយអង្គការសង្គមស៊ីវិលប្រចាំតំបន់ចំនួន៤រួមមានបណ្តាញប្រជាធិបតេយ្យអាស៊ី ដែលបានហៅការសើុបអង្កេតនោះថា “ជាផ្នែកនៃការបន្តយាយីឥតឈប់ឈរមកលើសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា”។

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) និងលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បច្ចុប្បន្នលោកទាំងពីរនៅក្រៅប្រទេស ជាហេតុធ្វើឲ្យមានការសន្និដ្ឋានតាមបណ្តាញហ្វេសប៊ុកថា ថ្នាក់ដឹកនាំទាំងពីររូបនេះនឹងមិនត្រឡប់មកកម្ពុជាវិញទេខណៈពេលការសើុបអង្កេតកំពុងបន្តនោះ។

ប៉ុន្តែ លោកទាំងពីរបានលើកឡើងកាលពីម្សិលមិញថា ពួកគាត់កំពុងបំពេញការងារនៅបរទេសដែលបានគ្រោងទុកជាមុន ហើយនឹងត្រឡប់មកវិញនៅថ្ងៃទី៩ខែកក្កដា ។

លោក មឿន តុលា បានសរសេរសារក្នុងទំព័រហ្វេសប៊ុកកាលពីម្សិលមិញថា “ខ្ញុំគ្មានគម្រោងចាកចេញពីប្រទេសទេ ដោយសារមានការងារច្រើនណាស់ដែលត្រូវធ្វើនៅទីនោះ។ ខ្ញុំគ្មានបារម្ភទាល់តែសោះ ថាតើរដ្ឋាភិបាលគោរពច្បាប់ ឬក៏អត់ ហើយវាគួរឲ្យអស់សំណើចក្នុងការចោទបន្ទប់ស្ថានការណ៍ថា ជាមូលដ្ឋាននៃបដិវត្តន៍ពណ៌នោះ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស