28 C
Phnom Penh

តុលាការ​​​កោះហៅ​​​​​សមាជិក​​​ CNRP ​​​​​​នៅ​​​​​​​​​ខេត្ត​​​តាកែវ និង​​​ភ្នំពេញមក​​​សាកសួរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងខេត្តតាកែវបានចេញដីកាកោះហៅបេក្ខជនបោះឆ្នោតឃុំសង្កាត់គណបក្សសង្គ្រោះជាតិ៦រូបមកសាកសួរនៅថ្ងៃេនះទាក់ទិនការប្រឈមមុខដាក់គ្នាអំឡុងពេលធ្វើយុទ្ធនាការដែលក្នុងនោះសមាជិករបស់គណបក្សនេះម្នាក់បានហៅអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាម្នាក់ថា “អាភ្លើ” ។

ក្នុងករណីដាច់ដោយឡែកមួយទៀត កាលពីថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅលោក ម៉ន ផល្លាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញមកសាកសួរទាក់ទិនការប៉ះទង្គិចគ្នាអំឡុងពេលធ្វើយុទ្ធនាការក្នុងរាជធានីដែលលោក ម៉ន ផល្លា និយាយ ថាលោកមិនបានចូលរួមទេ។

យោងតាមដីកាកោះហៅជនសង្ស័យ៦នាក់កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ជនសង្ស័យពាក់ព័ន្ធករណីក្នុងខេត្តតាកែវនោះប្រឈមការចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ” ជុំវិញហេតុការណ៍ពេលធ្វើយុទ្ធនាការកាលពីខែឧសភាដែលក្នុងនោះសមាជិកគណបក្សសង្គ្រោះជាតិ២០នាក់តាមចោទថា បានរារាំងការជួបជុំគ្នារបស់គណបក្សប្រជាជនកម្ពុជា។

វីដេអូឃ្លីបពីការប្រឈមមុខដាក់គ្នានោះបង្ហាញថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់បានហៅអ្នកគាំទ្រដែលជាគូប្រជែងម្នាក់ថា “អាភ្លើ”ហើយទំនងជាចោទគណបក្សប្រជាជនកម្ពុជាពីបទមនុស្សឃាត។ដើមចោទក្នុងរឿងក្តីនោះបានប្រាប់អ្នកយកព័ត៌មានថា “ថ្នាក់លើ”របស់គណបក្សប្រជាជនកម្ពុជាបានស្នើសុំឲ្យអ្នកស្រីដាក់ពាក្យបណ្តឹងទៅតុលាការ។

ជនសង្ស័យ៥នាក់ ដែល៣នាក់ក្នុងចំណោម ពួកគាត់ទីបំផុតត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សា ដំបូងឡើយត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកសាកសួរ ប៉ុន្តែ តុលាការបានយល់ព្រមពន្យារពេលសវនាការនេះរហូតដល់ក្រោយការបោះឆ្នោតឃុំសង្កាត់។

ដីកាកោះហៅកាលពីសប្តាហ៍មុននោះបានបន្ថែមអ្នកស្រី ស៊ុន វឿន អាយុ៣១ឆ្នាំជាបេក្ខជនគណបក្សសង្គ្រោះជាតិដែលមិនត្រូវបានលើកឡើងក្នុងដីកាពីដំបូង។

លោក ផាន់ សុភ័ក្ត្រ អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវបានមានប្រសាសន៍ថា ព្រះរាជអាជ្ញាសង្ស័យថា អ្នកស្រី ស៊ុន វឿន ជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នោះ។

ប៉ុន្តែ លោក កែវ អ៊ាត ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យក្នុងករណីនោះដែលត្រូវបានជាប់ឆ្នោតជាជំទប់ទី២ឃុំព្រៃខ្លា ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤ មិថុនា បានមានប្រសាសន៍ថា អ្នកស្រី ស៊ុន វឿន មិនមានវត្តមាននៅពេលប៉ះទង្គិចគ្នានោះទេ។

លោកបានថ្លែងថា “គ្នាអត់ដឹងអីសោះ”។ លោកបានបន្ថែមថា “គាត់អត់នៅទីតាំងហ្នឹងអីទេ។ គាត់គ្មានវត្តមានអីទេ គឺគាត់កូនខ្ចី”។ អ្នកស្រី ស៊ុន វឿន មិនអាចទាក់ទងសុំការបំភ្លឺបានទេ។

លោក កែវ អា៊ាត បានហៅករណីនេះថា “ជាហេតុផលនយោបាយ” ប៉ុន្តែ បាននិយាយថា ក្រុមនេះនឹងបង្ហាញខ្លួនសម្រាប់ការសាកសួរនៅថ្ងៃនេះ។

ទន្ទឹមនឹងនោះដែរ លោក ម៉ន ផល្លា មិនអាចទាក់ទងសុំការអត្ថាធិប្បាយពាក់ព័ន្ធដីកាកោះដែលចេញដោយសាលាដំបូងរាជធានីភ្នំពេញ ដែលបានសុំលោកឲ្យមកមកបង្ហាញខ្លួនសម្រាប់ការសាកសួរនៅពេលណាមួយឱ្យបានមុនថ្ងៃទី១៧ ខែកក្កដា បន្ទាប់ពីលោកមិនបានឆ្លើយតបតាមសំណើពីរលើកមុនរបស់នគរបាល។

មន្ត្រីគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញរូបនេះប្រឈមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសជុំវិញការចោទថាបានវាយទៅលើអ្នកជិះម៉ូតូម្នាក់ ដោយអ្នកគាំទ្រគណបក្សប្រឆាំងអំឡុងពេលយុទ្ធនាការឃោសនាកាលពីខែឧសភាដែលលោក ម៉ន ផល្លា អះអាង លោកមិនបានចូលរួមទេ៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស