30 C
Phnom Penh

មេឃុំ ចៅសង្កាត់​​​ និង​សមាជិកក្រុមប្រឹក្សា​​​​​​ជាប់ឆ្នោត​​ថ្មី​​​​​​​​​ចូលកាន់​​​តំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ ទើបជាប់ឆ្នោតថ្មី បានចាប់ផ្ដើមចូលកាន់តំណែងកាលពីម្សិលមិញជាមួយនឹងការប្ដេជ្ញាធ្វើការងារឱ្យបានល្អតាមការសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយធ្វើឱ្យសេវាមូលដ្ឋានមានភាពប្រសើរឡើងនិងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។

យោងតាមលោកស្រី តៅ សុខម៉ារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានឱ្យដឹងថា សមាជិកក្រុមប្រឹក្សាចំនួន១១.៥៧២រូប និងមេឃុំ ចៅសង្កាត់១.៦៤៦រូប ដែលបានជាប់ឆ្នោតក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនា នឹងចូលកាន់តំណែងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះតាមប្រតិទិនដែលបានកំណត់ដោយអាជ្ញាធរខេត្ត។

លោក ស្រី ញ្ញាណ ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីពិធីចូលកាន់តំណែងជាចៅសង្កាត់ចាក់អង្រែលើ ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ស្រី ញ្ញាណ ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីពិធីចូលកាន់តំណែងជាចៅសង្កាត់ចាក់អង្រែលើ ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកស្រី តៅ សុខម៉ារ៉ា មានប្រសាសន៍ថា មន្ត្រីថ្មីទាំងនេះនឹងធ្វើពិធីចូលកាន់តំណែងរហូតដល់ថ្ងៃអាទិត្យ រយៈពេលពីរសប្ដាហ៍បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ដែលគេឃើញថា គណបក្សប្រជាជនកម្ពុជាទទួលបានប្រហែល៥១ភាគរយនៃសំឡេងឆ្នោតសរុប គឺ៧០ភាគរយនៃអាសនៈមេឃុំ ចៅសង្កាត់ទាំងអស់ ដោយគណបក្សសង្គ្រោះជាតិទទួលបានស្ទើរតែទាំងអស់នៃសំឡេងឆ្នោតដែលនៅសល់។

លោកស្រី តៅ សុខម៉ារ៉ា មានប្រសាសន៍ថា ”ឥឡូវយើងកំពុងធ្វើការរៀបចំដើម្បីឱ្យទាន់ពេល”។

លោក កាន់ ឡឹង ដែលត្រូវបានជាប់ឆ្នោតជាចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុដដែលសម្រាប់គណបក្សប្រជាជនកម្ពុជា ហើយបានចូលកាន់តំណែងនៅក្នុងពិធីមួយកាលពីម្សិលមិញ បានមានប្រសាសន៍ថា លោកសង្ឃឹមថានឹងពន្លឿនសេវា និងពង្រីកការខិតខំប្រឹងប្រែងកន្លងមក ដោយដាក់ធុងសំរាមឱ្យបានច្រើនបន្ថែមទៀតនៅក្នុងតំបន់។

លោក កាន់ ឡឹង ដែលបានកាន់តួនាទីនេះចាប់តាំងពីឆ្នាំ២០០២មកបានមានប្រសាសន៍ថា “យើងផ្ដោតលើការផ្ដល់សេវាដល់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងឱ្យលឿនជាងមុន។ លោកបានបន្ថែមថា “យើងធ្វើការលើបញ្ហាបរិស្ថានក្នុងតំបន់ទេសចរណ៍ ជាពិសេសប្រមូលសំរាម”។

លោក ស្រី ញ្ញាណ ដែលបានកាន់តួនាទីជាចៅសង្កាត់ចាក់អង្រែលើមកពីគណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញកាលពីម្សិលមិញបានមានប្រសាសន៍ថា លោកនិងសមាជិកក្រុមប្រឹក្សាទាំងអស់នឹងកំណត់របៀបវារៈរបស់ខ្លួនក្រោយពីជួបប្រជុំជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបានថ្លែងថា “យើងត្រូវជួបពិភាក្សាជាមួយប្រជាពលរដ្ឋជាមុនសិន ដើម្បីឱ្យដឹងថាគាត់ត្រូវការអ្វីឱ្យពិតប្រាកដ”។ លោកបន្ថែមថា  គណៈកម្មការនានានឹងត្រូវបង្កើតឡើងដើម្បីដោះស្រាយការចង់បាននិងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការបោះឆ្នោតកាលពីពេលថ្មីៗបង្ហាញពីភាពជោគជ័យជាដុំកំភួនលើកដំបូងរបស់គណបក្សប្រឆាំងក្នុងការគ្រប់គ្រងថ្នាក់មូលដ្ឋាន ដោយគណបក្សច្របាច់បញ្ចូលគ្នាទាំងពីរទទួលបានអាសនៈមេឃុំ ចៅសង្កាត់រួមគ្នាតែ៤០ប៉ុណ្ណោះក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១២។

ឥឡូវនេះ គណបក្សកំពុងជំរុញផែនការ១០០ថ្ងៃក្នុងការធ្វើឱ្យថ្នាក់ដឹកនាំកាន់តែងាយទំនាក់ទំនងដោយការបិទផ្សាយលេខទូរស័ព្ទរបស់មន្ត្រីមូលដ្ឋាន និងតម្លៃសេវាសាធារណៈ ហើយគំរាមបណ្ដេញមន្ត្រីណាដែលមិនអនុវត្តតាមស្ដង់ដារ។

កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិ បាននិយាយកាលពីម្សិលមិញថា តំណាងជាប់ឆ្នោតថ្មីទាំងនេះនឹងទទួលបានការបណ្ដុះបណ្ដាលអំពីការងាររដ្ឋបាលឃុំ សង្កាត់ មុនពេលចូលកាន់តំណែង ហើយនឹងទទួលបានការបណ្ដុះបណ្ដាលបន្តសម្រាប់រយៈពេល៥ឆ្នាំបន្ទាប់។

លោក សួស យ៉ារ៉ា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីខែមុនថា ទន្ទឹមនឹងនោះដែរគណបក្សប្រជាជនកម្ពុជានឹងផ្តល់ការបណ្ដុះបណ្ដាលដល់មន្ត្រីរបស់ខ្លួនក្នុង “ការដោះស្រាយជម្លោះ និងការដឹកនាំថ្នាក់មូលដ្ឋាន”៕ សារុន (រាយការណ៍បន្ថែមដោយ Ben Paviour)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស