34 C
Phnom Penh

សាក្សី​​​​​​រិះគន់​​​ KNLF ហើយ​​​​​​សរសើរ​​​លោក ហ៊ុន សែន ​បន្ទាប់​ពី​ការ​សាកសួរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសពីរនាក់ដែលត្រូវបានឃាត់ខ្លួនរយៈពេលខ្លីក្នុងខែឧសភាអំឡុងសន្និសីទកាសែតមួយដែលរៀបចំឡើងដោយរណសិរ្សរំដោះជាតិខ្មែរ (KNLF) ជាក្រុមដែលរដ្ឋាភិបាលចាត់ទុកថា “ក្រុមភេរវកម្ម” នោះ ត្រូវបានសាកសួរក្នុងនាមជាសាក្សីកាលពីម្សិលមិញ ដោយម្នាក់អះអាងថា តាមពិតពិធីនោះត្រូវបានរៀបចំឡើងក្នុងគោលបំណង “រំសាយរណសិរ្សនេះ”។

លោក ឌឹត លឹមសុភវត្តី អាយុ៤២ឆ្នាំ និង លោក ឃុន សាវៈខែត អាយុ៧៣ឆ្នាំ ត្រូវបានឃាត់ខ្លួនជាមួយលោក ធុយ វី អាយុ២៩ឆ្នាំ ជាសមាជិក KNLF អំឡុងពិធីនោះក្នុងរាជធានីភ្នំពេញកាលពីខែឧសភា។លោក ឌឹត លឹមសុភវត្តី និងលោក ឃុន សាវៈខែត ត្រូវបានដោះលែងបន្តិចក្រោយមក។ ប៉ុន្តែ លោក ធុយ វី ដែលជា “រដ្ឋមន្ត្រីក្រសួងកសិកម្ម” ក្នុង “រដ្ឋាភិបាលនិរទេស” ដែលបង្កើតឡើងដោយលោក សម សេរី មេដឹកនាំ KNLF ក្នុងប្រទេសដាណឺម៉ាកកាលពីឆ្នាំមុន ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។

និយាយបន្ទាប់ពីត្រូវបានសាកសួរក្នុងនាមជាសាក្សីក្នុងករណីនេះនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ឃុន សាវៈខែត ជាតំណាងឧត្ដមស្នងការអន្តរសាសន៍ដែលគេមិនសូវស្គាល់ បានលើកឡើងថា តាមពិតពិធីនោះធ្វើឡើងក្នុងបំណងប្រកាសពីការរំសាយ KNLF។

លោកថ្លែងថា “យើងហៅគាត់មកដើម្បីធ្វើសន្និសីទកាសែតរំសាយរណសិរ្សនេះ ដើម្បីធ្វើឱ្យប្រទេសរបស់យើងមានសុខសន្តិភាព និងស្របតាមអ្វីដែលលោក [នាយករដ្ឋមន្ត្រី] ហ៊ុន សែន ចង់បាន។ គាត់ចង់បានសន្តិភាព”។

លោកបានបន្ថែមថា “ខ្ញុំភ័យ…ដោយឮថានឹងមានសង្គ្រាមជាថ្មីម្ដងទៀតក្នុងប្រទេសរបស់ យើង ប្រសិនបើមានរណសិរ្ស”។

ម៉្យាងវិញទៀត លោក ឌឹត លឹមសុភវត្តី បានថ្លែងថា លោកគ្រាន់តែជួយរៀបចំសន្និសីទកាសែតដើម្បីរក្សាសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។ លោកបានបដិសេធមិនឆ្លើយសំណួរដោយផ្ទាល់អំពីការជាប់ពាក់ព័ន្ធរបស់លោកជាមួយ KNLF ឡើយ។

នេះមិនមែនជាលើកទី១ទេដែលអ្នកជាប់សង្ស័យថាមានទំនាក់ទំនងទៅនឹង KNLF បានប្ដូរភក្តីភាពរបស់ខ្លួននៅក្នុងតុលាការនោះ។

កាលពីខែតុលា សមាជិកក្រុមនេះប្រហែល១១នាក់ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៤ ជុំវិញផែនការ ជាអ្វីដែលពួកគេនិយាយថា នឹងជាការតវ៉ាដោយសន្តិវិធីនៅស្ថានទូតវៀតណាម ប៉ុន្តែក្នុងនោះក្រុមមន្ត្រីអះអាងថា ធ្វើឡើងក្នុងបំណងបង្កហិង្សា និងចលាចលបានចាប់ផ្ដើមច្រៀងសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានច្រានចោលទំនាក់ទំនងរបស់ខ្លួនជាមួយ KNLF។ អ្នកទាំងអស់នោះត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ៩ឆ្នាំកាលពីខែធ្នូ។

នៅពេលទាក់ទងបន្ទាប់ពីការសាកសួរ លោក សម សេរី បានច្រានចោលការអះអាងរបស់លោក ឃុន សាវៈខែត ហើយបានលើកឡើងថា គាត់ទំនងជាដកថយវិញដើម្បីចៀសវាងកុំឱ្យធ្លាក់ចូលក្នុងបញ្ជីខ្មៅរបស់លោកនាយករដ្ឋមន្ត្រី។

លោក សម សេរី បានសរសេរនៅក្នុងអុីម៉េលថា គាត់ “ហាក់ដូចជា…ធ្វើតាមពាក្យសម្តីរបស់លោក ហ៊ុន សែន ដើម្បីសុវត្ថិភាពរបស់ខ្លួន បើមិនដូច្នោះទេ ពួកគេនឹងត្រូវចាប់ខ្លួនដូច លោក ធុយ វី អញ្ចឹង”៕ សារុន (រាយការណ៍បន្ថែមដោយ George Wright)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស