37 C
Phnom Penh

មន្ត្រីម្នាក់ដែលមានពិរុទ្ធភាពពីបទលក់ដី​​​រដ្ឋ​​​នឹង​​​មាន​​​សេរីភាព​​​នៅថ្ងៃ​​​នេះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារត្រូវបានរកឃើញពិរុទ្ធពីបទលក់ដីរដ្ឋកាលពីម្សិលមិញ ប៉ុន្តែនឹងនៅមានសេរីភាពនៅថ្ងៃនេះបន្ទាប់ពីចៅក្រមសម្រេចព្យួរទោសដែលនៅសល់រយៈពេល១៦ខែដោយមិនបានផ្តល់ការពន្យល់អ្វីឡើយ។

លោក គង់ មករា អាយុ៤៦ឆ្នាំ ប្រធានមន្ទីររ៉ែ និងថាមពល និងលោក នួន ផល្លី អាយុ៥៣ឆ្នាំ ប្រធានការិយាល័យហិរញ្ញវត្ថុត្រូវបានចោទប្រកាន់ពីបទគែបំបាត់ដោយទុច្ចរិតនិងបំផ្លាញដោយចេតនាកាលពីខែវិច្ឆិកា បន្ទាប់ពីការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ការចោទប្រកាន់នេះមានទោសជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។

លោក នួន ផល្លី ប្រធានការិយាល័យហិរញ្ញវត្ថុដើរចេញពីសាលសវនាការដោយយកកាសែតបាំងមុខ ។ រូបថតៈអ៊ូច សូនី/ឌឹ ខេមបូឌា ដេលី
លោក នួន ផល្លី ប្រធានការិយាល័យហិរញ្ញវត្ថុដើរចេញពីសាលសវនាការដោយយកកាសែតបាំងមុខ ។ រូបថតៈអ៊ូច សូនី/ឌឹ ខេមបូឌា ដេលី

ប៉ុន្តែ នៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ចៅក្រម ធាម ច័ន្ទពិសិដ្ឋ បានបន្ធូរបន្ថយបទចោទប្រកាន់នេះទៅជាការកេងយកផលប្រយោជន៍ដោយខុសច្បាប់វិញ  ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ហើយទោសដែលនៅសល់ត្រូវបានព្យួរជាធម្មតា។

ដោយមិនពន្យល់ពីមូលហេតុនៃការសម្រេច ចៅក្រមរូបនេះមានប្រសាសន៍ថា ”តុលាការសម្រេចផ្ដន្ទាទោសចុងចោទ នួន ផល្លី និង គង់ មករា ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ ដោយអនុវត្តទោសចាប់ពីថ្ងៃឃុំខ្លួនបណ្តោះអាសន្នរហូតដល់ថ្ងៃប្រកាសសាលក្រម ហើយទោសដែលនៅសល់នឹងត្រូវព្យួរ។

លោកទាំងពីរត្រូវបានឃុំខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃទី៣ ខែវិច្ឆិកា ហើយបានអនុវត្តទោស៨ខែក្នុងពន្ធនាគាររួចហើយ។ ទោសដែលនៅសល់១៦ខែក្នុងចំណោមទោស២ឆ្នាំនោះត្រូវបានព្យួរ។

លោក គង់ មករា ត្រូវបានផ្ដន្ទាទោសកំបាំងមុខ ប៉ុន្តែតុលាការមិនបានប្រាប់ពីមូលហេតុនៃការមិនបង្ហាញមុខនេះឡើយ។

ចៅក្រមរូបនេះក៏បានបង្គាប់ឱ្យរឹបអូសដីទំហំ៩៧៥ម៉ែត្រក្រឡា ដែលបានលក់ដោយខុសច្បាប់ និងរឹបអូសប្រាក់សរុបចំនួន៥.៥០០ដុល្លារពីមនុស្សបួននាក់ទៀតដែលទទួលបានពីការលក់នេះ។ តុលាកាមិនបានបង្គាប់ឱ្យលោក គង់ មករា ឬលោក នួន ផល្លី បង់ប្រាក់ពិន័យឡើយ។

កាលពីសប្ដាហ៍មុន លោក គង់ មករា បានអះអាងថា លោកលក់ដីដែលមានតម្លៃ៦៥.០០០ដុល្លារនេះតាមសំណើរបស់មន្ត្រីចាស់ៗ ហើយមិនបានលុយនោះដាក់ហោប៉ៅទេ។ លោកទទួលស្គាល់ថា បានទទួលប្រាក់១០.០០០ដុល្លារពីការលក់នេះមែន ប៉ុន្តែអះអាងថា លោកបានយកប្រាក់នេះទៅទិញម៉ូតូថ្មីមួយគ្រឿងសម្រាប់បម្រើការនៅមន្ទីរ ចំណែកប្រាក់នៅសល់យកទៅសងបំណុលរបស់មន្ទីរ និង “ជួយដល់ការងារសង្គម”។

ចេញពីតុលាការ ភរិយាលោក យ៉ាន់ សុធា ជាអ្នកទិញដីនេះដែលឥឡូវត្រូវបានរឹបអូសយកវិញ បានហៅសេចក្ដីសម្រេចរបស់តុលាការថាអយុត្តិធម៌។

ដោយបដិសេធមិនប្រាប់ឈ្មោះ អ្នកស្រីបាននិយាយថា “ខ្ញុំមិនសុខចិត្តទេ ពីព្រោះខ្ញុំបានទិញដីនេះដោយមានហត្ថលេខាពីភូមិ ឃុំ និងក្រុងទៀត” ហើយអ្នកស្រីបន្ថែមថា អ្នកស្រីបានទិញដីនេះជាមួយស្វាមីអ្នកស្រីក្នុងឆ្នាំ២០១៣ ហើយមានឯកសារពាក់ព័ន្ធគ្រប់គ្រាន់។

អ្នកស្រីនិយាយថា “ត្រូវតែមានសំណងឱ្យខ្ញុំ”។

ដើរចេញពីសាលសវនាការ លោក នួន ផល្លី គ្រាន់តែនិយាយដោយខ្លីថា “វាជាសេចក្ដីសម្រេចរបស់តុលាការ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស