27.5 C
Phnom Penh

នគរបាល​ស្នើសុំប្រាក់ជាងកន្លះលានដុល្លារ​​សម្រាប់​ផ្តល់​រង្វាន់ដល់​មន្ត្រី​បង្ក្រាបគ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា នគរបាលជាតិបានស្នើប្រាក់ជាងកន្លះលានពីក្រសួងមហាផ្ទៃដើម្បីទុកសម្រាប់ផ្តល់រង្វាន់លើកទឹកចិត្តដល់មន្ត្រីនគរបាលដែលបានចូលរួមនៅក្នុងការរឹបអូសគ្រឿងញៀនខុសច្បាប់។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសកាលពីខែមីនាថា មន្ត្រី និងអង្គភាពដែលរឹបអូសថ្នាំញៀនបាន១គីឡូក្រាម ឬលើសពីនេះនឹងទទួលបានរង្វាន់លើកទឹកចិត្ត១០.០០០ដុល្លារជាផ្នែកនៃការលើកទឹកចិត្តរបស់រដ្ឋាភិបាលដែលមានគោលបំណងបង្កើនផលិតភាពក្នុងចំណោមមន្ត្រីប្រឆាំងគ្រឿងញៀន។

កាលពីម្សិលមិញ អង្គការតស៊ូមតិសិទ្ធិមនុស្សបានលើកឡើងថា គម្រោងនេះអាចជំរុញឲ្យមានការកើនឡើងនៅក្នុងការអនុវត្តច្បាប់ អំពើពុករលួយ និងការខិតខំចាប់ខ្លួនហួសប្រមាណ ហើយថា មូលនិធិនេះគួរតែប្រើប្រាស់សម្រាប់ការបន្សាបគ្រឿងញៀនវិញប្រសើរជាង។

cam-photo-drugs-channaលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានលើកឡើងថា ថ្នាក់លើរបស់លោក គឺលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានស្នើសុំប្រាក់ជាង៥០០.០០០ដុល្លារទុកសម្រាប់ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តអំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រនៅក្រសួងមហាផ្ទៃដែលមានលោក ស ខេង ចូលរួមផងដែរនោះ។ លោកបានលើកឡើងថា លោកមិនចាំចំនួនទឹកប្រាក់ជាក់លាក់នោះឡើយ។

លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានលើកឡើងទៀតថា គោលនយោបាយផ្តល់រង្វាន់លើកទឹកចិត្តនេះកើតចេញពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន”ដើម្បីលើកទឹកចិត្តដល់កម្លាំង និងអង្គភាពណាដែលបង្ក្រាបករណីគ្រឿងញៀន”។

ឧត្តមសេនីយ៍ឯករូបនេះ បានបន្តថា ប្រតិបត្តិការនគរបាលដែលរឹបអូសបានថ្នាំញៀនទម្ងន់យ៉ាងតិច១គីឡូក្រាមនឹងទទួលបានរង្វាន់លើកទឹកចិត្តរហូតដល់៤០លានរៀល ប្រហែល១០.០០០ដុល្លារ ដោយផ្អែកលើបរិមាណ និងកម្រិតជាតិសុទ្ធនៃថ្នាំញៀន។

កិច្ចប្រជុំកាលពីថ្ងៃសុក្រពិនិត្យរបាយការណ៍វិវឌ្ឍភាពនៃយុទ្ធនាការប្រយុទ្ធប្រឆាំងញឿងញៀនរយៈពេល៦ខែកន្លងមកនេះរបស់រដ្ឋាភិបាល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ខែមករា។

លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានលើកឡើងបន្តទៀតថា មន្ត្រីនឹងធ្វើការប្រកាស ថា តើប្រាក់ជាងកន្លះលានដុល្លារដែលស្នើឡើងនេះនឹងត្រូវផ្តល់ឱ្យនៅកិច្ចប្រជុំមួយទៀតដែលទំនងជានឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ឬយ៉ាងណា។

លោកឧត្តមសេនីយ៍ នេត សាវឿន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។

ចាប់តាំងពីថ្ងៃទី១ខែមករា រហូតដល់ថ្ងៃទី១ ខែកក្កដា មានមនុស្សជាង៩.៦០០នាក់ត្រូវ បានចាប់ខ្លួនពីបទសង្ស័យថាមានជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមទាំងមនុស្សប្រហែល៥.២០០នាក់ដែលសង្ស័យថា ចែកចាយគ្រឿងញៀនផងដែរ នេះបើយោងតាមតួលេខរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក អិុន សុង ប្រធានការិយាល័យរដ្ឋបាលនៅមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានលើកឡើងថា គម្រោងផ្តល់រង្វាន់លើកទឹកចិត្តនេះនឹងលើកទឹកចិត្តឲ្យមន្ត្រីកាន់តែខិតខំធ្វើការ ទោះជាយ៉ាងណា លោកលើកឡើងថា នគរបាលប្រឆាំងគ្រឿងញៀនខិតខំធ្វើការស្រាប់ទៅហើយ ទោះបីគ្មានរង្វាន់លើកទឹកចិត្តក៏ដោយ។

ប៉ុន្តែ អង្គការសិទ្ធិមនុស្ស និងអង្គការតស៊ូមតិដើម្បីសុខុមាលភាពបានសំដែងមន្ទិលកាលពីម្សិលមិញ។

លោកស្រី ចក់ សុភា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងតាមរយៈអីុម៉េលមួយថា “រង្វាន់លើកទឹកចិត្តគួរតែផ្តល់ចំពោះការអនុវត្តតាមបទដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាជាងលើកកម្ពស់គោលនយោបាយរយៈពេលខ្លីដែលអាចផ្តល់ផលប៉ះពាល់អវិជ្ជមានលើការធ្វើគោលនយោបាយជារួម”។

លោកស្រីបានបន្ថែមថា វាអាចជំរុញឲ្យមន្ត្រី “អនុវត្តច្បាប់ហួសកម្រិត” ឬក៏មិនគោរពតាមនីតិវិធី និងសិទ្ធិបុគ្គល។

លោកស្រី ស៊ូ សុចិន្តា អ្នកគ្រប់គ្រងគម្រោងនៅអង្គការខាណា ជាអង្គការមិនមែនរដ្ឋាភិបាលដែលគាំទ្រការបន្សាបគ្រឿងញៀនស្ម័គ្រចិត្គ បានលើកឡើងនៅក្នុងអុីម៉េលមួយថា ម្រោងផ្តល់រង្វាន់លើកទឹកចិត្តនេះ”មិនសូវមានប្រសិទ្ធភាពទេក្នុងការទប់ស្កាត់តម្រូវការថ្នាំញៀន ឬបង្ក្រាបអ្នកដែលទទួលបានផលចំណេញពីការជួញដូរគ្រឿងញៀន”។

លោកស្រីបានបន្តថា ប្រាក់ទុកសម្រាប់ផ្តល់រង្វាន់លើកទឹកចិត្ត ដែលលោក ស ខេង បានលើកឡើងកាលពីខែមីនា ថា រដ្ឋាភិបាលមានបំណងយកចេញពីទ្រព្យសម្បត្តិដែលរឹបអូសបានពីអ្នកជួញដូរគ្រឿងញៀននោះ គួរតែយកទៅប្រើប្រាស់នៅក្នុងការបន្សាបគ្រឿងញៀនថ្នាំ និងសេវាផ្សេងៗដែលជួយកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាព ដោយសារការប្រើប្រាស់គ្រឿងញៀន។

លោកស្រី ណាលី ពីឡូក អនុប្រធានផ្នែកតស៊ូមតិនៅអង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងថា នៅក្នុង “ប្រទេសគ្មានច្បាប់” ដែលពោរពេញដោយអំពើពុករលួយ និងបញ្ហាពាក់ព័ន្ធការអនុវត្តច្បាប់ និងតុលាការនោះ គម្រោងនេះហាក់បីដូចជា “ផ្តល់ផលលំបាក” ទៅវិញទេ៕ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស