30.7 C
Phnom Penh

តុលាការ​កោះហៅ​មន្ត្រីកងរាជ​អាវុធ​ដែល​​​សង្ស័យថា បាន​ទទួល​សំណូក​ពី​ឈ្នួញ​រកស៊ី​ឈើ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងខេត្តតាកែវបានកោះហៅមន្ត្រីកងរាជអាវុធហត្ថម្នាក់ពាក់ព័ន្ធការចោទប្រកាន់ដែលថា មន្ត្រីរូបនេះបានទាមទារសំណូកពីឈ្មួញរកស៊ីឈើដើម្បីអនុញ្ញាតឲ្យពួកគេបន្តដំណើរទៅមុខ ប៉ុន្មានសប្តាហ៍បន្ទាប់ពីថ្នាក់លើរបស់មន្ត្រីរូបនេះអះអាងថា មន្ត្រីរូបនេះគ្មានទោសកំហុសទេ ក្រោយពេលធ្វើការសើុបអង្កេតផ្ទៃក្នុងរួច។

គេហទំព័រព័ត៌មាន CEN និង Fresh News ដែលសុទ្ធតែមានសម្ពន្ធភាពជាមួួយរដ្ឋាភិបាលបានចុះផ្សាយកាលពីថ្ងៃទី១០ខែមិថុនាថា នៅយប់មុននោះ មន្ត្រីកងរាជអាវុធហត្ថ៤រូប រួមទាំងលោក សុខ ឡេះ នាយសេនាធិការរងកងរាជអាវុធហត្ថខេត្តផង បានឃាត់រថយន្តពីរគ្រឿងដែលដឹកឈើប្រណិតទៅកាន់ប្រទេសវៀតណាម ដោយរំលោភបំពានបម្រាមលើការនាំចេញឈើ។ សេចក្តីរាយការណ៍ព័ត៌មាននេះអះអាងថា អ្នកកាសែតនៅកន្លែងកើតហេតុបានឮមន្ត្រីទាំងនោះទារប្រាក់១.៥០០ដុល្លារពីឈ្មួញរកស៊ីឈើទាំងនោះ មុនពេលអនុញ្ញាតឲ្យពួកគេបន្តដំណើរទៅមុខ។

កាលពីម្សិលមិញ លោក ផាន់ សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះ បានលើកឡើងថា លោកបានចេញដីកាកោះហៅលោក សុខ ឡេះ នៅថ្ងៃទី១៤ ខែមិថុនា ឲ្យបង្ហាញខ្លួនសម្រាប់ការសាកសួរនៅថ្ងៃទី១៤ខែកក្កដា ។ លោក ផាន់ សុភ័ក្រ្ត បានលើកឡើងទៀតថា លោកក៏បានកោះហៅ ឈ្មួញរកស៊ីឈើម្នាក់ក្នុងចំណោមឈ្មួញរកស៊ីឈើដែលជាប់សង្ស័យថា បានផ្តល់សំណូកផងដែរសម្រាប់ការសាកសួរនៅថ្ងៃទី១២ គឺបុរសម្នាក់ដែលលោកស្គាល់ត្រឹមតែថា ឈ្មោះ មី ។

ព្រះរាជអាជ្ញារងរូបនេះបានមានប្រសាសន៍ថា”យើងមិនប្រាកដថា លោក សុខ ឡេះ បានប្រព្រឹត្តបទល្មើសហ្នឹងទេ។ ប៉ុន្តែ យើងត្រូវការសាកសួរឈ្មួញរកស៊ីឈើហ្នឹងជាមុនសិនថា តើគាត់ពិតជាបានឲ្យលុយលោក សុខ ឡេះ មែន ឬអត់។ បន្ទាប់មកយើងនឹងសាកសួរគាត់[លោក សុខ ឡេះ] ថា តើគាត់បានទទួលលុយពីឈ្មួញរកស៊ីឈើហ្នឹងដែរ ឬអត់”។

លោក ផាន់ សុភ័ក្រ្ត បានលើកឡើងបន្តទៀតថា លោកមិនស្គាល់អត្តសញ្ញាណរបស់ មន្ត្រីផ្សេងៗទៀតដែលសង្ស័យថា មានជាប់ពាក់ព័ន្ធដែរនោះឡើយ ប៉ុន្តែនឹងសម្រេចថាតើត្រូវកោះហៅពួកគេ ឬយ៉ាងណា បន្ទាប់ពីសាកសួរលោក សុខ ឡេះ រួចនៅសប្តាហ៍ក្រោយ។ លោក សុខ ឡេះ មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ។

លោក ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានលើកឡើងថា លោកមិនទាន់បានឃើញដីកាកោះហៅនាយសេនាធិការរងរបស់លោកនៅឡើយទេ ហើយមិនដឹងឡើយថា តើមន្ត្រីរូបនេះនឹងបង្ហាញខ្លួនសម្រាប់ ការសាកសួរតាមពេលកំណត់ឬក៏អត់។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។

មួយថ្ងៃបន្ទាប់ពីសេចក្តីរាយការណ៍ព័ត៌មានត្រូវបានចុះផ្សាយ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ បានមានប្រសាសន៍ថា លោកបានធ្វើការសើុបអង្កេតរួចហើយលើករណីនេះតាមបទបញ្ជារបស់លោកអភិបាលខេត្តឡាយ វណ្ណៈ ហើយបានសន្និដ្ឋានថា មន្ត្រីទាំង៤រូបនោះគ្មានទោសកំហុសទេ។

រដ្ឋាភិបាលបានដាក់បម្រាមលើការនាំចេញឈើទាំងអស់ទៅប្រទេសវៀតណាមកាលពីខែមករា ឆ្នាំ២០១៦។ ប៉ុន្តែ ទិន្នន័យគយវៀតណាមបង្ហាញថា ឈើដែលមានតម្លៃរាប់សិបលានដុល្លារនៅតែបន្តឆ្លងកាត់ព្រំដែន៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស