33.3 C
Phnom Penh

ចៅសង្កាត់​​​ CPP ​​​ដែល​​​ចាញ់​​​ឆ្នោត​​​​​​មិន​​​ព្រម​​​ប្រគល់​​​ការិយាល័យ​​​ឲ្យ​​​ចៅ​​​សង្កាត់​​​បក្សប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឈិត សូផាត ធ្វើជាចៅសង្កាត់លេខ១ ក្នុងក្រុងព្រះសីហនុ រយៈពេល១៥ឆ្នាំ មុនពេលលោកទីបំផុតបានចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែ មិថុនា។ ឥឡូវ ចៅសង្កាត់ចាញ់ឆ្នោតរូបនេះបដិសេធមិនព្រមប្រគល់ការិយាល័យចាស់របស់លោកទៅឲ្យចៅសង្កាត់ថ្មីនោះឡើយ ដោយលើកឡើងថា លោកបានចំណាយប្រាក់ទិញគ្រឿងសិង្ហារិម និងម៉ាស៊ីនត្រជាក់មកបំពាក់ ហើយថា ឯកសារផ្ទាល់ខ្លួនរបស់លោកអាចនឹងបាត់បង់ បើរើចេញ។

ខណៈមេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាទើបជាប់ឆ្នោត ឡើងកាន់តំណែងទូទាំង ប្រទេសក្នុងសប្តាហ៍នេះ លោក ឈិត សូផាតមកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងឥឡូវជាចៅសង្កាត់រងទី២នៃសង្កាត់លេខ១នោះ បានលើកឡើងថា ចៅសង្កាត់ដែលទើបជាប់ឆ្នោតអាចទៅធ្វើការនៅក្នុងបន្ទប់មួយក្នុងចំណោមបន្ទប់ស្រដៀងគ្នាចំនួន៣ផ្សេងទៀតនៅក្នុងអគារនេះជំនួសបាន។

002-CPP_Youth_Meetingលោក ឈិត សូផាត ដែលឥឡូវមានអាយុខ្ទង់៦០ឆ្នាំ និងធ្លាប់ធ្វើជាចៅសង្កាត់តាំងពីឆ្នាំ២០០២មកបានលើកឡើងថា “ខ្ញុំមិនទាន់សម្រេចរើចេញនៅឡើយទេ”។

លោក ឈិត សូផាត បានលើកឡើងទៀតថា អគារសង្កាត់នេះដែលចំណាយប្រាក់សាងសង់អស់២០.០០០ដុល្លារត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០១២ ហើយប្រាក់ដែលចំណាយលើការសាងសង់នេះភាគច្រើនបានមកពីការរៃអង្គាស រួមជាមួយប្រាក់ខ្លះដែលបានមកពីរូបលោកផ្ទាល់ និងរដ្ឋាភិបាល។

អតីតចៅសង្គាត់រូបនេះបានលើកឡើងទៀតថា ការិយាល័យចំនួន៤ក្នុងអគារនេះ គឺទុកសម្រាប់ចៅសង្កាត់ ចៅសង្កាត់រងចំនួន២រូប និងស្មៀនមួយរូប ហើយបន្ទប់ទាំងនេះសុទ្ធតែមានបំពាក់គ្រឿងបរិក្ខារល្អៗនិងមានទំហំប៉ុនៗគ្នា។

លោក ឈិត សូផាត បានថ្លែងថា “វាលំបាកសម្រាប់ខ្ញុំក្នុងការរើចេញ ព្រោះខ្ញុំអាចបាត់បង់…ឯកសារផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្នុងបន្ទប់នេះ”។លោកបានបន្ថែមថា លោកក៏បានទិញគ្រឿងសង្ហារិម និងមា៉ាស៊ីនត្រជាក់មកបំពាក់នៅក្នុងការិយាល័យនេះដោយប្រើប្រាក់ផ្ទាល់ខ្លួនផងដែរ។

ដោយឡើងកាន់តំណែងកាលពីថ្ងៃច័ន្ទ លោក អ៊ុក ចេតនី អាយុ២៨ឆ្នាំ ដែលជាចៅសង្កាត់ថ្មីមកពីគណបក្សសង្គ្រោះ ជាតិបានលើកឡើងថា លោកគ្មានការិយាល័យផ្ទាល់ខ្លួនទេ ហើយឥឡូវកំពុងធ្វើការនៅកន្លែងធ្វើការរួមក្នុងអគារនេះ។

សំដៅដល់ការិយាល័យដែលលោក ឈិត សូផាត បដិសេធមិនប្រគល់ឲ្យ លោក អ៊ុក ចេតនី បានថ្លែងថា “ប្រធានត្រូវតែធ្វើការក្នុងការិយាល័យប្រធាន ព្រោះប្រជាពលរដ្ឋស្គាល់” បន្ទប់នេះ ។

ក្រុមប្រឹក្សាចំនួន១១រូបក្នុងសង្កាត់លេខ១ ដែលមាន៦រូបមកពីគណបក្សសង្គ្រោះជាតិ និង៥រូបមកពីគណបក្សប្រជាជនកម្ពុជាបានបើកកិច្ចប្រជុំមួយកាលពីម្សិលមិញហើយនឹងផ្ញើរបាយការណ៍ជូនក្រុង និងអភិបាលខេត្តក្នុងសប្តាហ៍នេះដើម្បីដោះស្រាយបញ្ហា នេះបើយោងតាមការលើកឡើងបន្ថែមរបស់លោក អ៊ុក ចេតនី ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីមូលដ្ឋានគួរតែដោះស្រាយជម្លោះដោយខ្លួនឯង ហើយក្រុមប្រឹក្សាគួរតែធ្វើការជាមួយគ្នាដើម្បីបម្រើប្រជាពលរដ្ឋ។

លោកបានមានប្រសាសន៍ថា”ចៅសង្កាត់ចាស់គួរតែគោរពលទ្ធផលឆ្នោត”។ លោកបានបន្ថែមថា “សុំកុំបង្កបញ្ហា”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស