40.9 C
Phnom Penh

រដ្ឋ​​​មន្ត្រី​​​ព្រមាន ​NGO​​​​​ ឱ្យ​អនុ​វត្ត តាម​ច្បាប់​ បើ​មិន​ដូច្នោះទេនឹង​ត្រូវ​​​​​​​​​ប្រឈម​វិធានការ​ផ្លូវ​​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរិះគន់អង្គការសង្គមស៊ីវិលកាលពីយប់ថ្ងៃអង្គារ ដោយព្រមានអង្គការមិនមែនរដ្ឋាភិបាលនានាឱ្យគោរពតាមច្បាប់ បើមិនដូច្នោះទេនឹងត្រូវប្រឈមវិធានការតាមផ្លូវច្បាប់ នៅពេលតែមួយដែលក្រសួងនេះបានបញ្ជាឱ្យ “បន្ទប់ស្ថានការណ៍” (Situation room) ក្រុមឃ្លាំមើលការបោះឆ្នោតបញ្ឈប់សកម្មភាពឃ្លាំមើលនៅថ្ងៃអនាគត។

កាលពីម្សិលមិញ ប្រធានប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty international) បានចាត់ទុកចំណាត់ការលើបន្ទប់ស្ថានការណ៍ថាជា ”ការប៉ុនប៉ងយ៉ាងច្បាស់ក្រឡែតក្នុងបំណងបំបិតមាត់អង្គការសង្គមស៊ីវិលដែលធ្វើការងារស្របច្បាប់ក្នុងប្រទេសកម្ពុជា” ហើយបានជំរុញឱ្យរដ្ឋាភិបាល  ”ដកច្បាប់រឹតបន្តឹងលើអង្គការមិនមែនរដ្ឋាភិបាលនេះចេញ”។

តាមរយៈសេចក្ដីជូនដំណឹងមួយចុះកាលបរិច្ឆេទថ្ងៃអង្គារ បង្ហោះលើគេហទំព័ររបស់ក្រសួងមហាផ្ទៃកាលពីយប់ថ្ងៃដដែល លោក ស ខេង បានលើកឡើងថា “សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន” មិនបានយកចិត្តទុកដាក់អនុវត្តច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាច្បាប់ដ៏ចម្រូងចម្រាសមួយដែលនាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់អង្គការសង្គមស៊ីវិល នៅពេលច្បាប់នេះត្រូវបានអនុម័តកាលពីឆ្នាំ២០១៥។

លោកបានគូសបញ្ជាក់ពីមាត្រា១០នៃច្បាប់នេះដែលតម្រូវឱ្យអង្គការមិនមែនរដ្ឋាភិបាលផ្ដល់ព័ត៌មានស្ដីពីគណនីធនាគាររបស់ខ្លួនដល់ក្រសួងមហាផ្ទៃ ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងអំឡុងពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃចុះបញ្ជី។ រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលនានាមានពេលរហូតដល់ដំណាច់ខែកញ្ញា ដើម្បីផ្ដល់ព័ត៌មានបច្ចុប្បន្នភាព។

cam-photo-sar-kheng-channa-KHMERលោកក៏បានជំរុញឱ្យអង្គការមិនមែនរដ្ឋាភិបាលនានាផ្ញើរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនមកក្រសួងទាំងពីរត្រឹមដំណាច់ខែកុម្ភៈ ដូចមានចែងក្នុងមាត្រា២៥នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

លើកឡើងពីបទប្បញ្ញត្តិផ្សេងទៀតនៃច្បាប់នេះ លោក ស ខេង បានមានប្រសាសន៍ថា អង្គការនានាក៏ត្រូវជូនដំណឹងដល់ក្រសួងមហាផ្ទៃផងដែរក្នុងករណីមាការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬការផ្លាស់ប្ដូរទីស្នាក់ការ ឬការប្រែប្រួលព័ត៌មានគណនីធនាគារ ព្រមទាំងការផ្លាស់ប្តូរតំណែងប្រធាន ឬតំណែងនាយកប្រតិបត្តិរបស់ខ្លួន ហើយត្រូវផ្ដល់ឯកសារក្នុងអំឡុងពេល៣០ថ្ងៃគិតចាប់ពីថ្ងៃទទួលបានការជំនួយ។

រដ្ឋមន្ត្រីរូបនេះបានសរសេរថា វិធានការទាំងនេះគឺដើម្បី “លើកកម្ពស់នីតិរដ្ឋ” ហើយអង្គការមិនមែនរដ្ឋាភិបាលណាដែលមិនអនុវត្តតាម នឹងត្រូវ “ទទួលវិធានការតាមច្បាប់”។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចាត់ទុកសេចក្ដីជូនដំណឹងនេះជាការរំឭកដាស់តឿនដល់អង្គការមិនមែនរដ្ឋាភិបាលដែលគួរតែដឹងឱ្យបានច្បាស់ បន្ទាប់ពីចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយបានគូសបញ្ជាក់ជាថ្មីម្តងទៀតថា អ្នកដែលមិនបានដាក់ជូនឯកសារឱ្យបានត្រឹមត្រូវតាមពេលវេលាកំណត់ នឹងត្រូវប្រឈមវិធានការផ្លូវច្បាប់។ លោកគូសបញ្ជាក់ថា “អាហ្នឹងទៅតុលាការ”។

អ្នកនាំពាក្យរូបនេះបានបដិសេធមិនបញ្ជាក់លម្អិតទេថា តើផ្នែកណាមួយនៃច្បាប់នេះត្រូវបានបំពាន ហើយអ្នកណាជាអ្នកបំពាន ហើយអ្នកបំពាននឹងត្រូវប្រឈមវិធានការអ្វីឡើយ។ លោកគ្រាន់តែលើកឡើងថា “មើលច្បាប់ទៅ ច្បាប់យើងមាន។ អ្នកសារព័ត៌មានរៀនឧស្សាហ៍បន្តិចទៅ”។

យោងតាមច្បាប់នេះ អង្គការណាដែលបំពានដដែលៗលើមាត្រា១០ និងបទប្បញ្ញត្តិណាមួយដូចមានចែងក្នុងមាត្រា២៥ អង្គការនោះនឹងត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះអង្គការមិនមែនរដ្ឋាភិបាល។

ក្រសួងមហាផ្ទៃក៏បានបង្ហោះសេចក្ដីជូនដំណឹងជម្រាបដល់អង្គការខុមហ្វ្រែល និងអង្គការនិកហ្វិច ដែលបានបង្កើតក្រុមបណ្ដោះអាសន្នមួយឱ្យឈ្មោះថា “បន្ទប់ស្ថានការណ៍” ហើយបានបញ្ជាឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន។

លោក ស ខេង បានចោទប្រកាន់ថា បន្ទប់ស្ថានការណ៍បានបំពានច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅពេលខ្លួនចេញសេចក្ដីថ្លែងការណ៍រិះគន់ចំណុចមួយចំនួនទាក់ទិនការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ដែលលោកអះអាងថា “មិនមានតម្លៃគតិយុត្តិ និងមិនបានឆ្លុះបញ្ចាំងពីអព្យាក្រឹតភាព” ចំពោះគណបក្សនយោបាយដូចមានចែងក្នុងមាត្រា២៤នៃច្បាប់នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងកាលពីសប្ដាហ៍មុនថា ការរិះគន់របស់បន្ទប់ស្ថានការណ៍គឺដូចគ្នាខ្លាំងទៅនឹងការរិះគន់ដោយគណបក្សប្រឆាំង ហើយលោកលើកឡើងថា វាជាការឃុបឃិតគ្នា។

ការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន ត្រូវបានលោក ខៀវ សុភ័គ បន្ទរតាមកាលពីម្សិលមិញ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ប៉ុន្តែត្រូវបានលោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែលច្រានចោល។

លោក យឿង សុធារ៉ា មានប្រសាសន៍ថា បន្ទប់ស្ថានការណ៍បានប្រើស្ដង់ដារបោះឆ្នោតអន្តរជាតិដើម្បីឈានទៅដល់ការធ្វើសេចក្ដីសន្និដ្ឋានរបស់ខ្លួនថា ការបោះឆ្នោតនេះមិនមានលក្ខណៈសេរី និងត្រឹមត្រូវយុត្តិធម៌ទាំងស្រុងនោះទេ ហើយទន្ទឹមនេះក៏បានគូសបញ្ជាក់ថាមានចំណុចវិជ្ជមានមួយចំនួនដែរចាប់តាំងពីឆ្នាំ២០១៣មក។

អង្គការខុមហ្វ្រែលមានគម្រោងបន្តភារកិច្ចឃ្លាំមើលការបោះឆ្នោតរបស់ខ្លួនទៀតសម្រាប់ការបោះឆ្នោតឆ្នាំក្រោយ ប៉ុន្តែនឹងបាត់បង់ធនធានមនុស្ស និងធនធានផ្សេងៗដែលទទួលបានពីការធ្វើការជាមួយអង្គការផ្សេងៗទៀតដូចកាលនៅជាក្រុមបន្ទប់ស្ថានការណ៍។ លោកមានប្រសាសន៍ថា “យើងចង់ពិភាក្សាជាមួយរដ្ឋាភិបាលពីអ្វីដែលយើងយល់ខុសចំពោះការអនុវត្តរបស់យើង”។

តាមរយៈសេចក្ដីថ្លែងការណ៍មួយកាលពីសប្ដាហ៍មុន Global Network of Domestic Election Monitors បានអំពាវនាវឱ្យរដ្ឋាភិបាល “បញ្ឈប់ការដាក់គំនាបលើអង្គការឃ្លាំមើលការបោះឆ្នោត និងថ្នាក់ដឹកនាំរបស់អង្គការទាំងនោះ”។ កាលពីម្សិលមិញ លោក ចូសេហ្វ បេណេឌីក (Josef Benedict) អនុប្រធានផ្នែកយុទ្ធនាការប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឱ្យក្រសួងកែប្រែបម្រាមរបស់ខ្លួនជាបន្ទាន់។

លោកបានសរសេរក្នុងសារអេឡិចត្រូនិកមួយកាលពីម្សិលមិញថា ”វាគួរឲ្យខ្លាចដែលរដ្ឋាភិបាលកំពុងមានចំណាត់ការរួចទៅហើយ ដើម្បីការរឹតបន្តឹងការជជែកដេញដោលជាសាធារណៈ សូម្បីការបោះឆ្នោតសកលនៅសល់ពេលជាង១ឆ្នាំទៀតក្ដី”។

លោកសរសេរទៀតថា ច្បាប់នានាដូចជាច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាដើម និងចំណាត់ការធ្ងន់ដៃរបស់តុលាការ “បានធ្វើឱ្យវិស័យសង្គមស៊ីវិលងាយរងគ្រោះយ៉ាងខ្លាំង  ដែលមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលជាច្រើនរស់នៅជាមួយនឹងការគំរាមកំហែងរាល់ថ្ងៃតាមអំពើចិត្តចំពោះសេរីភាពរបស់ពួកគាត់”។

លោកស្រី ចក់ សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានទទួលស្គាល់ថា ក្រុមនេះពិតជាមិនបានគោរពតាមលក្ខខណ្ឌធ្វើសេចក្ដីរាយការណ៍ដូចមានចែងក្នុងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមែន ប៉ុន្តែមានប្រសាសន៍ថា របាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនត្រូវបានបង្ហោះលើគេហទំព័ររបស់ខ្លួនហើយ។

លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយថា “បទប្បញ្ញត្តិនានានៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានរងការរិះគន់យ៉ាងខ្លាំងតាំងពីមុនពេលអនុម័តវាម៉្លេះ ដោយសារច្បាប់នេះមិនស្របតាមស្ដង់ដារអន្តរជាតិសម្រាប់សេរីភាពជួបជុំ និងការបញ្ចេញមតិ។ យើងមានការបារម្ភខ្លាចថា ពេលនេះបទប្បញ្ញត្តិទាំងនេះកំពុងត្រូវបានប្រើប្រាស់ដើម្បីប្រតិកម្មតបទៅនឹងសកម្មភាពឃ្លាំមើលការបោះឆ្នោតរបស់សង្គមស៊ីវិល”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស