សំណើរបស់លោក គឹម សុខ អ្នកវិភាគនយោបាយកំពុងជាប់ពន្ធនាគារដែលស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលបំពេញកិច្ចតទល់នៅក្នុងតុលាការជុំវិញបណ្តឹងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងញុះញង់ត្រូវបានតុលាការកំពូលច្រានចោលកាលពីម្សិលមិញជាមួយនឹងសំណើសុំនៅក្រៅឃុំមួយផ្សេងទៀត។
អ្នករិះគន់រដ្ឋាភិបាលរូបនេះត្រូវបានចាប់ខ្លួននិងចោទប្រកាន់កាលពីខែកុម្ភៈ បន្ទាប់ពីចោទប្រកាន់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចអំឡុងពេលផ្តល់បទសម្ភាសន៍តាមវិទ្យុថា នៅពីក្រោយការធ្វើឃាតលោក កែម ឡី អ្នកអត្ថាធិប្បាយនយោបាយដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងរាជធានីភ្នំពេញជិតមួយឆ្នាំកន្លងមកនេះ។ ប៉ុន្មានថ្ងៃក្រោយមកលោកបានធ្វើការអះអាងបែបនេះម្តងទៀត។
សាលាឧទ្ធរណ៍បានច្រានចោលរួចហើយនូវសំណើរបស់លោក គឹម សុខ ដែលស្នើសុំឲ្យលោក ហ៊ុន សែន ចូលបំពេញកិច្ចតទល់នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ពេលមានការបើកសវនាការណាមួយនាពេលអនាគត។
បន្ទាប់ពីចៅក្រមមួយរូបផ្សេងទៀតបានច្រានចោលសំណើសុំនៅក្រៅឃុំចុងក្រោយរបស់លោក គឹម សុខ ចៅក្រម សឹង បញ្ញាវុធ ក៏បានច្រានចោលសំណើរបស់អ្នកវិភាគ នយោបាយរូបនេះ ដែលស្នើសុំឱ្យកោះហៅលោកនាយករដ្ឋមន្ត្រីផងដែរ ដោយលើកឡើងថា លោក ជូង ជូងី ចៅក្រមរបស់លោកមិនបានផ្តល់ទឡ្ហីករណ៍ “សមហេតុសមផល” សម្រាប់តុលាការពិចារណានោះឡើយ។
ពេលចាកចេញពីបន្ទប់សវនាការ លោក គឹម សុខ បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីថាជាអ្នកនៅពីក្រោយការច្រានចោលនេះ ។
លោកបានស្រែកមុនពេលត្រូវបានបញ្ជូនចូលក្នុងរថយន្តថា “ការសម្រេចនេះមិនត្រឹមត្រូវតាមច្បាប់ទេ។ វាគឺជាការសម្រេចដ៏អយុត្តិធម៌ដែលរៀបចំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន”។
ពេលទាក់ទងបន្ទាប់ពីសវនាការ លោក ជូង ជូងី បានលើកឡើងថា លោក ហ៊ុន សែនគួរតែចូលបំពេញកិច្ចតទល់ពេលមានការបើកសវនាការជំនុំជម្រះរឿងក្តី របស់កូនក្តីលោកទោះបីជាមានការសម្រេចបែបនេះក៏ដោយ។
លោកបានសួរថា “ពេលចៅក្រមតុលាការកំពូលសម្រេចច្រានចោលសំណើនេះ អ៊ីចឹងតើសាលាដំបូងរាជធានីភ្នំពេញអាចពិចារណាសំណុំរឿងនេះយ៉ាងម៉េចទៅពេលបើកសវនាការ?”។ លោកបានបន្តថា ដើមចោទ និងចុងចោទត្រូវតែមកតទល់គ្នាអំឡុងពេលបើកសវនាការដើម្បីលើកឡើងពីហេតុផលផ្ទាល់ខ្លួនសម្រាប់ការពិចារណា”។
លោក គឹម សុខ ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ លោកនាយករដ្ឋមន្ត្រីដែលបដិសេធថា មិនជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតលោក កែម ឡី នោះ បានស្នើសុំសំណងជំងឺចិត្ត៥០០.០០០ដុល្លារ៕ ស៊ុយឈាង