27 C
Phnom Penh

តុលាការ​​​កំពូល​​​បង្គាប់​​​ឱ្យ​​​សាលា​​​ឧទ្ធរណ៍​​​ពិនិត្យ​​​បណ្តឹង​​​ឧទ្ធរ​​​ណ៍​​​របស់​​​សកម្មជន​​​​​​ការពារ​​​បរិស្ថាន​​​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក វ៉ែន វ៉ន សកម្មជនការពារបរិស្ថានទទួលបានឱកាសលើកទី២ដោយការកាត់ឱ្យជាប់ទោសពីបទកាប់ឈើខុសច្បាប់ ត្រូវបានច្រានចោលក្រោយពីតុលាការកំពូល កាលពីម្សិលមិញបានបង្គាប់ឱ្យបញ្ជូនសំណុំរឿងរបស់លោកទៅឱ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញ។

លោក វ៉ែន វ៉ន ដែលមានទំនាក់ទំនងជាមួយអង្គការមាតាធម្មជាតិ ជាអង្គការមិនមែនរដ្ឋាភិបាល ទទួលបានការព្យួរទោសរយៈពេល១ឆ្នាំកាលពីខែមីនាឆ្នាំមុនពីបទកាប់ឈើក្នុងតំបន់ការពារយកទៅសាងសង់មជ្ឈមណ្ឌលសហគមន៍។ បណ្ដឹងឧទ្ធរណ៍របស់លោកត្រូវបានច្រានចោលកាលពីខែកញ្ញា។

លោកបានស្នើឱ្យតុលាការកំពូលច្រានចោលសាលដីកាកាលពីខែមុន ដើម្បីឱ្យឈ្មោះគាត់ជ្រះស្រឡះពីរឿងក្ដីតុលាការ បើទោះជាមានការដោះលែងក៏ដោយ។

កាលពីម្សិលមិញ លោកស្រី គឹម សត្ថាវី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចឱ្យសាលាឧទ្ធរណ៍វាយតម្លៃឡើងវិញនូវសាលដីការបស់ខ្លួន។

លោក វ៉ែន វន ពរកូនស្រីអាយុ៤ឆ្នាំ ឈ្មោះ វន សុវណ្ណ សេវ៉ា ក្នុងពេលដែលគាត់និយាយជាមួយអ្នកយកព័ត៌មាននៅឯក្រៅពន្ធធានាខេត្តកោះកុង កាលពីខែមីនា ឆ្នាំមុន។ រូបថតៈ ដែន សីមា

ចៅក្រមរូបនេះបានថ្លែងថា “តុលាការកំពូលបដិសេធនូវសាលដីការបស់សាលាឧទ្ធរណ៍ ហើយបង្វែរសំណុំរឿងនេះទៅសាលាឧទ្ធរណ៍វិញ ដើម្បីធ្វើការជំនុំជម្រះសាជាថ្មី”។

លោក វ៉ែន វ៉ន ជនជាតិដើមភាគតិចជងក្នុងខេត្តកោះកុងអះអាងថា លោកបានទិញឈើនេះដោយស្របច្បាប់ ដើម្បីយកទៅសាងសង់មជ្ឈមណ្ឌលសម្រាប់សិក្សាភាសាអង់គ្លេស ហើយវាស្ថិតក្នុងសិទ្ធិរបស់លោកក្នុងនាមជាជនជាតិដើមភាគតិចខ្មែរ ដោយគ្រាន់តែកាប់ឈើសម្រាប់ប្រើប្រាស់ក្នុងសហគមន៍នោះ។

លោក ចាន់ សុជាតិ អតីតមេធាវីដែលការពារក្ដីលោក វ៉ែន វ៉ន នៅសាលាឧទ្ធរណ៍បានស្វាគមន៍សេចក្ដីសម្រេចនេះ។

លោកមានប្រសាសន៍ថា “ខ្ញុំគិតថា ការកាត់ក្ដីរបស់សាលាដំបូងខេត្តកោះកុង និងសាលាឧទ្ធរណ៍ វាមិនយុត្តិធម៌ចំពោះលោក វ៉ែន វ៉ន ទេ ដោយសារតែគាត់មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការទាំងពីរទេ”។

លោកបានបន្ថែមថា ការបង្វែរសំណុំរឿងនេះទៅសាលាឧទ្ធរណ៍វិញ គឺ “ជាឱកាសដ៏ល្អមួយដើម្បីរកយុត្តិធម៌ជូនលោក វ៉ែន វ៉ន”។

លោក អុិន គង់ចិត្រ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តនេះ បានសាទរសេចក្ដីសម្រេចនេះ ហើយបានលើកឡើងថា សំណុំរឿងដំបូងគឺជាការប៉ុនប៉ងច្បាស់ក្រឡែតក្នុងការបំភិតបំភ័យជនជាតិដើមភាគតិចនៅក្នុងតំបន់អារ៉ែង។

លោកបានថ្លែងថា “ខ្ញុំគិតថា ការកាត់ក្ដីរបស់សាលាដំបូងខេត្តកោះកុងគឺវាមិនយុត្តិធម៌ចំពោះលោក វ៉ែន វ៉ន ទេ ហើយខ្ញុំយល់ថា ការកាត់ក្ដីនេះគ្រាន់តែជាការបំបាក់ស្មារតីជនជាតិដើមភាគតិចក្នុងតំបន់អារ៉ែងប៉ុណ្ណោះ”។

ទោះជាយ៉ាងណា លោក អាង ចាន់ដា ចៅក្រមសាលាដំបូងខេត្តកោះកុងបានមានប្រសាសន៍ថា លោកជឿថាសាលដីកាដំបូងគឺ “សុក្រឹត”។

មុនចុចបិទទូរស័ព្ទអ្នកយកព័ត៌មាន លោកបានថ្លែងថា”ខ្ញុំគ្មានគំនិតអ្វីនឹងត្រូវនិយាយទេ ព្រោះនេះជាសេចក្ដីសម្រេចរបស់តុលាការកំពូល ប៉ុន្តែខ្ញុំគិតថា ការកាត់ក្ដីរបស់សាលាដំបូងយើង គឺពិតជាត្រឹមត្រូវ ហើយសុក្រឹត”។ សាលាឧទ្ធរណ៍ និងលោក វ៉ែន វ៉ន មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស