29 C
Phnom Penh

ច្បាប់​​​​គណបក្ស​​​នយោបាយ​​​​​​នឹង​​​ផ្តាច់ទំនាក់​​​ទំនង​​​លោក សម រង្ស៊ី ពី CNRP

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី ឥស្សរជនគណបក្សប្រឆាំងនឹងត្រូវកាត់ផ្ដាច់រាល់ទំនាក់ទំនងទាំងអស់ពីគណបក្សសង្គ្រោះជាតិក្រោមវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសស្ដីពីគណបក្សនយោបាយដែលគាំទ្រដោយគណបក្សប្រជាជនកម្ពុជា។

គណបក្សនយោបាយទាំងអស់នឹងត្រូវហាមឃាត់មិនឱ្យធ្វើសកម្មភាពជាមួយទណ្ឌិតជាប់ទោសពីបទបទឧក្រិដ្ឋ ឬមិនឱ្យប្រើប្រាស់រូបភាព សារជាសំឡេង និងឯកសារជាលាយលក្ខណ៍អក្សរដែលបង្កើតឡើងដោយអ្នករំលោភបំពានច្បាប់ដើម្បីផ្សព្វផ្សាយបុព្វហេតុរបស់ខ្លួនឡើយ នៅក្នុងកំណែទម្រង់ដែលហាក់ដូចជាផ្តោតគោលដៅលើលោក សម រង្ស៊ី។

អតីតប្រធានគណបក្សប្រឆាំងនិរទេសខ្លួនរូបនេះរងការចោទប្រកាន់ពីបណ្ដឹងផ្លូវច្បាប់ជាច្រើនចាប់តាំងពីលោកចាកចេញពីប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ហើយមិនដែលវិលត្រឡប់មកវិញឡើយ។

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិប្ដេជ្ញាថានឹងមិនចូលរួមការបោះឆ្នោតនៅរដ្ឋសភានៅថ្ងៃច័ន្ទស្ដីពីការធ្វើវិសោធនកម្មច្បាប់នេះឡើយ ដែលរួមមានបទប្បញ្ញត្តិថ្មីស្ដីពីឈ្មោះ និងសញ្ញាសម្គាល់គណបក្សជាដើម ដោយលើកឡើងថា វារំលោភរដ្ឋធម្មនុញ្ញ និងសិទ្ធិមនុស្ស។

លោក ឈាង វុន (ស្តាំ)តំណាងរាស្ត្រគណបក្សប្រជាជនឈរជិតលោក យ៉ែម បុញ្ញប្ញទ្ធិ (កណ្តាល)តំណាងរាស្ត្របក្សសង្គ្រោះជាតិ និងលោក អេង ឆៃអ៊ាង អនុប្រធានបក្សសង្គ្រោះជាតិក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋសភាកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ឈាង វុន (ស្តាំ)តំណាងរាស្ត្រគណបក្សប្រជាជនឈរជិតលោក យ៉ែម បុញ្ញប្ញទ្ធិ (កណ្តាល)តំណាងរាស្ត្របក្សសង្គ្រោះជាតិ និងលោក អេង ឆៃអ៊ាង អនុប្រធានបក្សសង្គ្រោះជាតិក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋសភាកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ការធ្វើវិសោធនកម្មនេះធ្វើឡើងតាមសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងកាលពីសប្ដាហ៍មុន។ ដោយមិនចេញឈ្មោះលោក សម រង្ស៊ី លោក ហ៊ុន សែន បានចោទអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះថា បានលូកដៃនៅក្នុងគណបក្ស និងកិច្ចការប្រទេសជាតិ និងបង្កការបែកបាក់។

សេចក្តីស្នើច្បាប់នេះកត់សម្គាល់ឱ្យឃើញពីការធ្វើវិសោធនកម្មលើកទី២ចំពោះច្បាប់នេះក្នុងរយៈពេល៦ខែចុងក្រោយ។ ការធ្វើវិសោធនកម្មលើកទី១អនុញ្ញាតឱ្យតុលាការរម្លាយគណបក្សណាដែលមានមេដឹកនាំជាប់ទោសព្រហ្មទណ្ឌ ជាហេតុធ្វើឱ្យលោក សម រង្ស៊ី ដែលញាំញីដោយបណ្តឹងជាច្រើននោះបង្ខំចិត្តលាលែងពីប្រធានគណបក្សកាលពីខែកុម្ភៈ។

ខ្លឹមសារនៃវិសោធនកម្មថ្មីនេះ ត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូងកាលពីម្សិលមិញនៅកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលទុកគម្រោងពិចារណាសំណើធ្វើវិសោធនកម្មនេះមួយឡែក។  សេចក្តីស្នើច្បាប់បន្ថែមបីចំណុចចំពោះមាត្រា៦នៃច្បាប់នេះ។

ចំណុចថ្មីពីរហាមឃាត់គណបក្សទាំងអស់មិនឱ្យ “ប្រើប្រាស់សារជាសំឡេង រូបភាពឬឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមឬ “យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋឱ្យធ្វើសកម្មភាពណាមួួដើម្បីជាប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន។ ចំណុចទី៣ ហាមឃាត់គណបក្សទាំងអស់មិនឱ្យឃុបឃិតជាមួយរាល់បុគ្គលដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា។

គណបក្សទាំងឡាយណាដែលរំលោភបទប្បញ្ញត្តិ តុលាការអាចផ្អាកសកម្មភាពគណបក្សនយោបាយនោះមិនលើសពី៥ឆ្នាំ ឬរម្លាយគណបក្សបក្សនោះ។

មាត្រា១១ដែលត្រូវបានកែប្រែ ហាមឃាត់គណបក្សទាំងអស់មិនឱ្យប្រើឈ្មោះរូបវ័ន្តបុគ្គលណាមួយដាក់ជាឈ្មោះគណបក្សឡើយ។ សញ្ញាសម្គាល់របស់គណបក្សនយោបាយមិនត្រូវចម្លង ឬយកតាមសញ្ញាជាតិ រូបភាពតំណាងឱ្យសាសនា ប្រាសាទអង្គរវត្ត ឬព្រះឆាយាល័ក្ខណ៍ ឬរូបសំណាករបស់ព្រះមហាក្សត្រខ្មែរគ្រប់អង្គ ឬរូបភាពរបស់រូបវ័ន្តបុគ្គលឡើយ។ ឈ្មោះរបស់គណបក្សនយោបាយថ្មីទាំងអស់ត្រូវតែខុសពីគណបក្សដែលមានស្រាប់។

គណបក្ស សម រង្ស៊ី គណបក្សហ្វុ៊នស៊ិនប៉ិច គណបក្សយុវជនកម្ពុជា គណបក្សអំណាចខ្មែរ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យទំនងជារំលោភបទប្បញ្ញត្តិថ្មី អាស្រ័យលើការបកស្រាយ។

ការផ្លាស់ប្តូរឈ្មោះ ឬសញ្ញាសម្គាល់ត្រូវធ្វើក្នុងរយៈពេល៩០ថ្ងៃយ៉ាងយូរគិតចាប់ពីថ្ងៃដែលច្បាប់នេះចូលជាធរមាន។

លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណៈកម្មាធិការបានសម្រេចបញ្ជូនសេចក្តីស្នើវិសោធនកម្មនេះ ដែលលោកអះអាងថានឹង “ការពារផលប្រយោជន៍ជាតិ ប្រជាធិបតេយ្យ សេរីពហុបក្ស ហើយនឹងការពារអំណាចរបស់រដ្ឋ” ដើម្បីធ្វើការបោះឆ្នោតនៅក្នុងសម័យប្រជុំពេញអង្គ ដែលគ្រោងធ្វើនៅថ្ងៃច័ន្ទ។

លោកបានបដិសេធការដែលថា ច្បាប់នេះទាក់ទងទៅនឹងលោក សម រង្ស៊ី ដែលបណ្តឹងផ្លូវច្បាប់របស់លោកត្រូវមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ ហើយសូម្បីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងកាលពីដើមសប្ដាហ៍នេះថា សំណើនេះធ្វើឡើងដើម្បី “សម្លាប់ជីវិតនយោបាយរបស់ សម រង្ស៊ី”។

ស្របពេលជាមួយគ្នានេះ លោក ឈាង វុន បានមានប្រសាសន៍ថា រដ្ឋាភិបាល “មិនអាចបណ្ដោយឱ្យទណ្ឌិតមួយមកកើតទេ”។ ហើយលោកបានថ្លែងថា ការអន្តរាគមន៍ណាមួយពីបរទេសដើម្បីធានាឱ្យមានការត្រឡប់មកវិញ នឹងធ្វើឱ្យ “បែកបាក់សង្គមជាតិ”។

ប៉ុន្តែលោកបានអះអាងថា គណបក្សប្រជាជនកម្ពុជាមិនចង់ឃើញគណបក្សសង្គ្រោះជាតិរលាយទេ។ លោក ឈាង វុន បានបន្តថា “យើងត្រូវការដៃគូមួយដើម្បី…ឱ្យប្រជាធិបតេយ្យយើងមានភាពរស់រវើក”។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិជំទាស់នឹងសំណើនេះ ហើយបានថ្លែងថា គណបក្សរបស់លោកនឹងមិនចូលរួមការបោះឆ្នោតនៅថ្ងៃច័ន្ទឡើយ លោកបានលើកឡើងបន្ទាប់ពីកិច្ចប្រជុំថា ”យើងមិនអាចទៅចូលរួមធ្វើច្បាប់មួយដែលរឹតត្បិតសេរីភាពប្រជាពលរដ្ឋ រំលោភរដ្ឋធម្មនុញ្ញ រំលោភកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយឡើយ”។

ទោះយ៉ាងណា លោក អេង ឆៃអ៊ាង បានថ្លែងថា គណបក្សសង្គ្រោះជាតិនឹងពិនិត្យមើលដំណាក់កាលនៃការដករូបលោក សម រង្ស៊ី ចេញពីបដា និងស្លាកសញ្ញាគណបក្សទូទាំងប្រទេស និងកែប្រែច្បាប់នេះវិញ បើគណបក្សឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ។

លោក សម រង្ស៊ី បានចាត់ទុកការខំប្រឹងប្រែងរបស់រដ្ឋាភិបាលថា “គួរឱ្យអស់សំណើច” ហើយបានអះអាងថា ការប្រឹងប្រែងនេះបង្ហាញថា លោក ហ៊ុន សែន ខ្លាចគូប្រជែងយូរអង្វែងរបស់ខ្លួន។

លោកបានសរសេរនៅក្នុងអុីម៉េលកាលពីម្សិលមិញថា “ប៉ុន្តែ ខ្ញុំបារម្ភថា អតីតសហសេវិកគណបក្សសង្គ្រោះជាតិមានឆន្ទៈដូចខ្ញុំ អ្នករិះគន់រដ្ឋាភិបាលទាំងអស់ អ្នកប្រជាធិបតេយ្យទាំងអស់នៅកម្ពុជានឹងត្រូវចាប់ជាចំណាប់ខ្មាំងដោយរដ្ឋាភិបាលផ្ដាច់ការដឹកនាំដោយគណបក្សប្រជាជនកម្ពុជានេះ ប៉ុន្តែខ្ញុំនឹងតតាំងនឹងចំណាត់ការបែបហ្នឹង ហើយនឹងខិតខំធ្វើយ៉ាងណាដើម្បីធានាថា ខ្ញុំនឹងជាមនុស្សតែម្នាក់គត់ដែលនឹងស្ដីបន្ទោស និងចង់ឱ្យដាក់ទោសទណ្ឌ”។

លោក Markus Karbaum អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិអាឡឺម៉ង់ដែលសិក្សាស្រាវ ជ្រាវពីប្រទេសកម្ពុជាមានប្រសាសន៍ថា សំណើនេះផ្អែកលើការយល់ខុសដែលថាគណ បក្សសង្គ្រោះជាតិមានមនុស្សខ្លាំងតែម្នាក់។

លោកបានសរសេរនៅក្នុងអុីម៉េលថា “ខ្ញុំគិតថា គណបក្សប្រឆាំងគឺមានច្រើនជាងនេះ បើទោះជារចនាសម្ព័ន្ធផ្ទៃក្នុងមិនសូវមានប្រសិទ្ធភាព និងមានសមត្ថភាពនៅទន់ខ្សោយទូទៅក៏ដោយ។មានអ្នកនយោបាយមានប្រជាប្រិយភាពមួយចំនួន ដែលអាចគ្រប់គ្រងគណបក្ស និងទាក់ទាញអ្នកបោះឆ្នោតបានដោយការធ្វើការងារជាក្រុម។

អ្នកបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិផ្សេងទៀតត្រូវបានជំរុញទឹកចិត្ត ដោយភាគច្រើនមានការមិនពេញចិត្តនឹងគណបក្សកាន់អំណាច ហើយមិនងាករេឡើយ បើទោះជាមានការធ្វើវិសោធនកម្មនេះក៏ដោយ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស