មិនថាមេដឹកនាំគណបក្សប្រឆាំងចោទប្រកាន់រដ្ឋាភិបាលថាជាអ្នកស្ថិតនៅពីក្រោយអំពើឃាតកម្ម សកម្មជនសិទ្ធិការងារគប់ស្បែកជើងសង្រែកទៅលើស្លាកគណបក្សកាន់អំណាច ឬក៏សមាជិកនៃក្រុមដែលរដ្ឋាភិបាលហៅថាក្រុម “ភេរវករ” ធ្វើសន្និសីទសារព័ត៌មាននោះទេ ទង្វើទាំងអស់នេះសុទ្ធសឹងតែត្រូវបានចោទប្រកាន់ពីបទ “ញុះញុង់” ក្រោមតុលាការកម្ពុជា។
នៅខេត្តតាកែវ កាលពីដើមសប្តាហ៍នេះ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់៦រូបមកពីគណបក្សសង្គ្រោះជាតិ ត្រូវបានសាកសួរក្នុងតុលាការទាក់ទិនជម្លោះមួយដែលបានកើតឡើងក្នុងក្បួនឃោសនារបស់គណបក្សកាន់អំណាចនៅមុនការបោះឆ្នោតឃុំ សង្កាត់កាលពីខែមុន។ បន្ទាប់ពីសក្មភាពប្រឈមមុខដាក់គ្នារវាងក្រុមអ្នកគាំទ្រនៃគណបក្សទាំងពីរត្រូវបានគេថតជាវីដេអូឃ្លីប អាជ្ញាធរបានចោទប្រកាន់បេក្ខជនគណបក្សប្រឆាំងពីបទជេរប្រមាថជាសាធារណៈ បទបរិហារកេរ្តិ៍ជាសាធារណៈ និង “បទញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ”។
យើងអាចនឹងទាយដឹងមុនថា គេប្រាកដជាចោទពីបទប្រមាថ និងបទញុះញង់ដោយសារតែនៅក្នុងវីដេអូឃ្លីប អ្នកគាំទ្រគណបក្សប្រឆាំងម្នាក់បានហៅអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាម្នាក់ទៀតថា “អាភ្លើ” ប៉ុន្តែវាពិតជាពិបាកយល់ថា តើបេក្ខជនជាប់ចោទទាំង៦រូបនោះញុះញង់នរណាគេ ហើយញុះញង់ឲ្យគេធ្វើអ្វី។

តាមទ្រឹស្តី បទញុះញង់សំដៅដល់ការជំរុញ្យអ្នកដទៃប្រព្រឹត្តបទល្មើសជាក់លាក់ណាមួយ។ ប៉ុន្តែជាក់ស្តែង អ្នកវិភាគច្បាប់ និងនយោបាយមួយចំនួនលើកឡើងថា បទចោទទាំងនេះត្រូវបានប្រែក្លាយទៅជាឧបករណ៍សម្រាប់ធ្វើទុក្ខបុកម្នេញអ្នករិះគន់រដ្ឋាភិបាល។
លោក អ៊ា សុផល អ្នកវិភាគគោលនយោបាយ និងជាអ្នកនិពន្ធសៀវមានចំណងជើងថា “Aid Dependence in Cambodia: How Foreign Assistance Undermines Democracy” (ការពឹងផ្អែកជំនួយនៅកម្ពុជា៖ របៀបដែលជំនួយបរទេសធ្វើឲ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យ) បានមានប្រសាសន៍ថា “អ្វីក៏អាចក្លាយជាបទញុះញង់បានដែរនៅប្រទេសកម្ពុជា”។
លោកថ្លែងថា “វាបានក្លាយជាបទចោទប្រកាន់មួយដែលគេនិយមប្រើ នៅពេលនរណាម្នាក់ដែលមានអាជ្ញាធរជាខ្នងបង្អែក ឬអាជ្ញាធរខ្លួនឯងចង់រកលេសបញ្ជូនខ្លួនអ្នកណាម្នាក់ទៅតុលាការ”។
លោក ប៊ីលលី ឈាឡុង ថៃ (Billy Chia-Lung Tai) ជាអ្នកប្រឹក្សាយោបល់ផ្នែកសិទ្ធិមនុស្ស និងច្បាប់ដែលធ្លាប់មានមូលដ្ឋាននៅរាជធានីភ្នំពេញ បានយល់ស្របថា បទចោទទាំងនេះត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីបំបិទសំឡេងប្រឆាំង។
លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “វាបានបង្ហាញថា វាជាឧបករណ៍ដ៏មានប្រយោជន៍ និងដ៏មានប្រសិទ្ធភាពសម្រាប់ទប់ស្កាត់ការប្រឆាំង (ហើយការប្រឆាំងត្រង់ចំណុចនេះ ខ្ញុំចង់និយាយថា អ្នកណាក៏ដោយដែលធ្វើសកម្មភាពប្រឆាំងផលប្រយោជន៍ផ្ទាល់របស់រដ្ឋាភិបាល ហើយមិនសំដៅតែទៅលើគណបក្សសង្គ្រោះជាតិនោះទេ) ហើយឃុំខ្លួនពួកគេ ‘ដោយស្របច្បាប់’ ប្រសិនបើសកម្មភាពរបស់ពួកគេសមនឹងទទួល ‘ទោស’ បែបនេះ”។
លោកបានលើកឡើងបន្ថែមទៀតថា “រដ្ឋាភិបាលនៅតែអាចយកលេសនេះមកប្រើយ៉ាងមានប្រសិទ្ធភាពនៅចំពោះមុខសារព័ត៌មាន ដោយធ្វើការចោទប្រកាន់ និងពេលខ្លះចោទប្រកាន់មន្ត្រីបក្សប្រឆាំងពីបទ ‘ញុះញង់’ ឃុំខ្លួនពួកគេមុនការជំនុំជម្រះរាប់ខែ ហើយពេលខ្លះរាប់ឆ្នាំក៏មាន”។
យោងតាមក្រមព្រហ្មទណ្ឌ បទញុះញង់សំដៅដល់បទចោទជាក់លាក់មួយចំនួន ហើយបទចោទដែលទូទៅបំផុតក្នុងចំណោមបទចោទទាំងនោះគឺបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និង “បទញុះញង់ឲ្យមានការរើសអើង”។
ក្រមនេះចែងថា បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋត្រូវបានកំណត់និយមថាជាការញុះញង់អ្នកដទៃដោយផ្ទាល់ឲ្យ “បង្កអសន្តិសុខសង្គម”។ ការញុះញង់អាចកើតឡើងតាមរយៈ ”ពាក្យសម្ដីណាមួយដែលនិយាយនៅកន្លែងសាធារណៈ ឬការជួបប្រជុំ” ការសរសេរ ឬការគូររូបភាពបង្ហាញ ឬចែកដល់សាធារណជន ការទំនាក់ទំនងតាមរូបភាព និងសំឡេងជាមួយសាធារណជន។ បទល្មើសនេះត្រូវមានទោសជាប់ពន្ធនាគារពី៦ខែដល់២ឆ្នាំ។
បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋត្រូវបានប្រើប្រាស់ក្នុងសំណុំរឿងធំៗមួយចំនួន ក្នុងនោះរួមមានទាំងសំណុំរឿងប្រឆាំងនិស្សិតម្នាក់ឈ្មោះ គង់ រ៉ាយ៉ា អាយុ២៥ឆ្នាំដែលកាលពីឆ្នាំមុនត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១៨ខែ បន្ទាប់ពីអំពាវឲ្យនាវតាមហ្វេសប៊ុកឲ្យធ្វើ “បដិវត្តន៍ពណ៌” ផងដែរ។
ការឃុំខ្លួន គង់ រ៉ាយ៉ា ត្រូវបានអង្គការសិទ្ធិមនុស្សនានារិះគន់យ៉ាងខ្លាំង ប៉ុន្តែយ៉ាងហោចណាស់សំណុំរឿងនេះហាក់សមនឹងនិយមន័យនៃបទល្មើសនេះច្រើនជាងសំណុំរឿងប្រឆាំងព្រះសង្ឃមួយអង្គព្រះនាម ហន សុផានី។ ព្រះតេជគុណ ហន សុផានី សមាជិកនៃបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដែលល្បីខាងប្រើវេហារសាស្ត្រប្រឆាំងរដ្ឋាភិបាល ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋកាលពីខែមុន បន្ទាប់ពីបែកធ្លាយរូបថតមួយសន្លឹកបង្ហាញពីសកម្មភាពព្រះអង្គលេងកាំភ្លើងដែលក្រុមនេះអះអាងថាជាកាំភ្លើងជ័រ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញនេះបានមានសង្ឃដីកានៅពេលនោះថា អាជ្ញាធរ “ប្រើអំណាច និងច្បាប់ដើម្បីគាបសង្កត់” ប្រជាពលរដ្ឋរបស់ខ្លួន។
ទន្ទឹមនឹងនេះ បទញុះញង់ឲ្យមានការរើសអើងតែងតែត្រូវបានប្រើប្រាស់ប្រឆាំងមន្ត្រីគណបក្សប្រឆាំង។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបាននិរទេសខ្លួនលើកចុងក្រោយក្នុងឆ្នាំ២០១៥ បន្ទាប់ពីតុលាការចេញដីកាចាប់ខ្លួនលោកពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងកាលពី៤ឆ្នាំមុននេះទាក់ទិនការអត្ថាធិប្បាយដែលលោកបានធ្វើកាលពីឆ្នាំ២០០៨ ដោយចោទប្រកាន់លោក ហោ ណាំហុង ដែលកាលនោះជារដ្ឋមន្ត្រីក្រសួងការបរទេស ថាជាប់ពាក់ព័ន្ធបទឧក្រិដ្ឋប្រព្រឹត្តនៅមន្ទីរឃុំឃាំងមួយរបស់ខ្មែរក្រហម។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទញុះញង់ឲ្យរើសអើងកាលពីខែតុលា ហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទបង្ហោះសារតាមហ្វេសប៊ុកចោទប្រកាន់ម្តងហើយម្តងទៀតថា រដ្ឋាភិបាលប្រើប្រាស់ផែនទីកំណត់ព្រំដែនមិនត្រឹមត្រូវជាមួយវៀតណាម។
សូម្បីតែសាធារណជនដែលប្រឆាំងរដ្ឋាភិបាលក៏ត្រូវបានចាត់ទុកថា ញុះញង់ឲ្យរើសអើងដែរ។កាលពីថ្ងៃអង្គារ សប្តាហ៍មុនតុលាការបានចេញដីកាចាប់ខ្លួនសកម្មជនការងារមួយរូបដើម្បីយកមកសាកសួរ បន្ទាប់ពីវីដេអូបង្ហោះតាមហ្វេសប៊ុកកាលពីខែមេសា បង្ហាញថា សកម្មជនរូបនេះយកស្បែកជើងគប់ស្លាកគណបក្សប្រជាជនកម្ពុជាដែលមានរូបលោក ហ៊ុន សែននិងលោកហេង សំរិន។
គេមិនច្បាស់ទេ ថា តើេក្រុមជាតិ ពូជសាសន៍ ឬសាសនាណាដែលសកម្មជនរូបនេះញុះញង់ឲ្យរើសអើងនោះ។
យោងតាមលោក ប៊ីលលី ឈាឡុង ថៃការនិយមចូលចិត្តលេងហ្វេសប៊ុកកាន់តែច្រើនឡើងៗនៅកម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានធ្វើឲ្យមានការផ្តន្ទាទោសពីបទញុះញង់កាន់តែច្រើនឡើងៗដោយសារគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចខ្លាចអ្នកលេងហ្វេសប៊ុកផ្សព្វផ្សាយព័ត៌មាន ឬបញ្ចេញមតិនានា ពេលពួកគេមានសិទ្ធិសេរីភាពតាមហ្វេសប៊ុក។
លោកបានថ្លែងថា “ខ្ញុំមិនភ្ញាក់ផ្អើលទេ បើមន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាលមានការស្តាយក្រោយថា ខ្លួនមិនបានធ្វើតាមលំអានរបស់ប្រទេសចិន ហើយហាមឃាត់ហ្វេសប៊ុកតាំងពីដើមទីនោះ។ ដល់ពេលនេះមិនអាចធ្វើអ៊ីចឹងបានទេ ដូចខ្ញុំបានគិតហើយថា វាអាចជាកត្តាមួយដែលអាចផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ប្រសិនបើពួកគេព្យាយាមធ្វើដូច្នេះ”។ លោកបានថ្លែងបន្តថា “ហេតុដូច្នេះយុទ្ធសាស្ត្រគឺមានតែត្រូវធ្វើឲ្យប្រាកដថា ការចាប់ខ្លួន និងការផ្តន្ទាទោសគឺជាសារព្រមានដ៏ខ្លាំងចំពោះអ្នកផ្សេងៗដែលប្រហែលជាធ្វើការបង្ហោះតាមហ្វេសប៊ុករបស់ខ្លួន ‘យ៉ាងសេរី'”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលនៅតែលើកឡើងថា តុលាការឯករាជមិនស្ថិតក្រោមការគ្រប់គ្រងគណបក្សកាន់អំណាចទេ ប៉ុន្តែ សាធារណជនគួរតែមានការប្រុងប្រយ័ត្នចំពោះពាក្យសំដីរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “អស់លោកត្រូវតែយល់អ្វីទៅដែលជាអ្នកវិភាគ។ ពួកគេមានសិទ្ធិនិយាយអ្វីៗគ្រប់យ៉ាងប៉ុន្តែមិនត្រូវចោទប្រកាន់គេជាសាធារណៈទេ។ វារំលោភបំពានច្បាប់”។
លោកបានបន្ថែមថា លោកជឿជាក់ថា ការយកស្បែកជើងគប់ស្លាកគណបក្សប្រជាជនកម្ពុជាគឺជាការញុះញង់។
លោកបានបន្ថែមថា “រដ្ឋាភិបាលលើកទឹកចិត្តប្រជាពលរដ្ឋឲ្យរិះគន់មិនមែនជេរប្រមាថ មិនមែនយាយីនោះទេ”។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា មិនមែនរាល់សកម្មភាពទាំងអស់សុទ្ធតែត្រូវបានចាត់ទុកថា ញុះញង់នោះទេ។
លោកបានលើកឡើងទៀតថា ដើម្បីចាត់ទុកបទល្មើសថាជាញុះញង់ ចាំបាច់ត្រូវតែមានមាត្រាចែងនៅក្នុងច្បាប់ពាក់ព័ន្ធនឹងបញ្ហាហ្នឹង ហេតុការណ៍ដែលកើតមានឡើងត្រូវតែកើតមានដូចមានចែងក្នុងច្បាប់ហ្នឹងដូចជាជនសង្ស័យម្នាក់ដែលញុះញង់អ្នកផ្សេងឲ្យបង្កអសន្តិសុខសង្គម ចាំបាច់ត្រូវមានចេតនាធ្វើដូច្នោះ។
លោកបានបន្ថែមថា ពលរដ្ឋអាចបញ្ចេញមតិដោយសេរីកុំឲ្យតែមាន “ចេតនាទុច្ចរិត”។
លោកបានថ្លែងថា “ខ្ញុំជឿជាក់ថា អ្នកវិភាគដែលមានវិជ្ជាជីវៈត្រឹមត្រូវហើយមានការវិភាគដោយផ្អែកលើការសិក្សាស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្រច្បាស់លាស់ មានទិន្នន័យច្បាស់លាស់… អ្នកវិភាពបែបហ្នឹងមិនមានអ្វីត្រូវបារម្ភទេ”។
លោកបានបន្ថែមទៀតថា “ប៉ុន្តែ អ្នកដែលគួរឲ្យព្រួយបារម្ភ គឺអ្នកវិភាគដែលមានចេតនានយោបាយ និងចេតនាទុច្ចរិត”។
ទោះជាយ៉ាងណា លោក អ៊ា សុផល បានលើកឡើងថា ការអនុវត្តច្បាប់ស្តីពីការញុះញង់គឺលម្អៀងទៅម្ខាង។
លោក ហ៊ុន សែន ជារឿយៗតែងតែថ្លែងសុន្ទរកថាវាយប្រហារធ្ងន់ៗលើគណបក្សប្រឆាំង និងក្រុមប្រឆាំង។ មិនដល់ពីរផងទេ លោកបានគំរាមកម្ចាត់មនុស្សប៉ុន្មានរយនាក់ដើម្បីបានរក្សាអំណាចតទៅមុខទៀត ហើយទំនងជាប្រាប់លោក សម រង្ស៊ី ឲ្យ “ត្រៀមក្តារមឈូសឲ្យហើយទៅ”។
លោក អ៊ា សុផល បានមានប្រសាសន៍ថា “បើអ្វីអាចជាការញុះញង់ អ៊ីចឹងការញុះញង់បាត់បង់អត្ថន័យអស់ហើយ។ មានឧទាហរណ៍ជាច្រើនពាក់ព័ន្ធការញុះញង់ពីអ្នកដែលមានបទពិសោធន៍ច្រើនបំផុតខាងចោទប្រកាន់អ្នកផ្សេងពីបទញុះញង់។ មាត្រា១ចែងថា អ្នកធំមិនចេះ បើអ្នកធំខុសសូមមើលមាត្រាទី១”។
លោកបានបន្ថែមថា “វារងការរំលោភ បំពានយ៉ាងពិតប្រាកដពីសំណាក់អ្នកដែលមានអំណាចនៅតុលាការដើម្បីឲ្យតុលាការធ្វើតាមបញ្ជារបស់ពួកគេ។ ប្រសិនបើនរណាម្នាក់ប្រព្រឹត្តបទល្មើស នោះមិនមែនជាការញុះញង់ទេ។ ប្រសិនបើនរណាម្នាក់មានអារម្មណ៍មិនពេញចិត្ត នោះក៏មិនមែនជាការញុះញង់ដែរ”។
វាច្បាស់ណាស់ថា គណបក្សកាន់អំណាចកំពុងគ្រប់គ្រងលើតុលាការនេះបើយោងតាមការលើកឡើងរបស់លោក ប៊ីលលី ឈាឡុង ថៃ ។ លោកបានលើកឡើងថា វាជាការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិថា តើត្រូវមានប្រតិកម្មដូចម្តេច។
លោកបានមានប្រសាសន៍ថា “បញ្ហាចោទមិនមែននៅត្រង់ថា តើ ‘ពួកគេអនុវត្តច្បាប់ដោយត្រឹមត្រូវឬយ៉ាងណានោះទេ’ ប៉ុន្តែ ត្រូវតែមានការទទួលស្គាល់ថា ពួកគេពេញចិត្តនិងមានចេតនាមិនខ្វាយខ្វល់អំពីនីតិរដ្ឋដើម្បីបន្តតាមធ្វើទុក្ខបុកម្នេញមន្ត្រីគណបក្សប្រឆាំង”។
លោកបានបន្ថែមទៀតថា “អ៊ីចឹងបញ្ហាចោទគឺនៅត្រង់ថា តើ’សហគមន៍អន្តរជាតិគួរតែធ្វើដូចម្តេចដើម្បីឆ្លើយតបនឹងបញ្ហាហ្នឹង?'”៕សុខុម និងស៊ុយឈាង (រាយការណ៍បន្ថែមដោយ អ៊ូច សូនី)