29 C
Phnom Penh

១​ឆ្នាំ​បន្ទាប់ពី​ឃាតកម្ម​លើ​លោក ​​កែម ឡី ​អ្នក​វិភា​គ​នានា​​នៅ​តែ​ប្រយ័ត្ន​​ពាក្យ​សម្ដី​របស់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅចុងខែមិថុនាឆ្នាំមុន ខណៈពេលលោក ឆាំ ប៊ុនថេត កំពុងជួបពិភាក្សាជាមួយលោក កែម ឡី អ្នកវិភាគនយោបាយដូចគ្នាដូចសព្វមួយដងនៅហាងកាហ្វេមួយកន្លែងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ លោក កែម ឡី ដែលជាមិត្តភក្ដិរបស់លោកបានក្រើនរំឭកថានឹងមានរឿងអាក្រក់កើតឡើង។

លោក ឆាំ ប៊ុនថេត បានមានប្រសាសន៍នៅឯហាងកាហ្វេមួយកន្លែងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម កាលពីថ្ងៃអង្គារថា “ពេលនោះ ខ្ញុំបានយកកូនស្រីខ្ញុំទៅជាមួយ ហើយពេលពួកយើងកំពុងជួបពិភាក្សាគ្នាក្នុងបន្ទប់តូចមួយ កូនស្រីខ្ញុំអង្គុយលើកៅអីតូចមួយនៅខាងក្រៅញុាំដំឡូងបារាំង”។

លោកបានលើកឡើងបន្តថា “បន្ទាប់ពីពួកយើងជួបពិភាក្សាគ្នាចប់ កូនស្រីខ្ញុំបានគេងលក់នៅលើតុ ហើយគាត់ប្រាប់ខ្ញុំថា ‘ថេត ជីវិតពួកយើងកំពុងមានគ្រោះថ្នាក់។ យើងអាចនឹងត្រូវគេបាញ់ស្លាប់គ្រប់ពេល។ កុំយកកូនមកជាមួយអី ព្រោះពួកគេអាចនឹងរន្ធត់តក់ស្លុតខ្លាំងបើឃើញគេវាយប្រហារមកលើពួកយើង”។

ពីរសប្ដាហ៍ក្រោយមក លោក កែម ឡី ក៏ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃអាទិត្យ ក្នុងស្តាម៉ាតមួយកន្លែងដែលស្ថិតនៅចម្ងាយប្រហែល១គីឡូម៉ែត្រ។

ប្រជាពលរដ្ឋធ្វើខួប១ឆ្នាំនៃឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយ កាលពីម្សិលមិញនៅឯទីស្នាក់ការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រូបថតៈ ឡែន ឡេង/ឌឹ ខេមបូឌា ដេលី
ប្រជាពលរដ្ឋធ្វើខួប១ឆ្នាំនៃឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយ កាលពីម្សិលមិញនៅឯទីស្នាក់ការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រូបថតៈ ឡែន ឡេង/ឌឹ ខេមបូឌា ដេលី

ឃាតកម្មនេះបានបង្កភាពតក់ស្លុតទូទាំងប្រទេស ដោយមជ្ឈដ្ឋានជាច្រើនចាត់ទុកវាថាជាការវិលទៅរកស្ថានភាពឃាតកម្មនយោបាយដូចក្នុងអតីតកាល។ ការស៊ើបអង្កេតបានត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនកាន់តែសង្ស័យថា ឃាតកម្មលើអ្នកវិភាគនយោបាយលេចធ្លោបំផុតនៅក្នុងប្រទេសរូបនេះជារឿងនយោបាយ ក្នុងបំណងផ្ញើសារដាស់តឿនបណ្ដាអ្នករិះគន់មិនសំចៃមាត់ថា ៖ កុំធ្វើ ឬនិយាយហួសព្រំដែន។

លោក ឆាំ ប៊ុនថេត ដែលគេចាប់ផ្ដើមស្គាល់កាន់តែច្រើនចាប់តាំងពីលោក កែម ឡី ទទួលមរណភាពមក បានមានប្រសាសន៍ថា លោកយល់ថា ឃាតកម្មនេះបានធ្វើឲ្យប៉ះពាល់ដល់ទស្សនៈ និងការវិភាគនយោបាយក្នុងរយៈពេល១ឆ្នាំមកនេះ ទាំងដោយវិជ្ជមាន និងអវិជ្ជមាន។

ខណៈអ្នកវិភាគមួយចំនួនហាក់បានដកខ្លួនឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយ លោក ឆាំ ប៊ុនថេត បានមានប្រសាសន៍ថា អ្នកវិភាគជំនាន់ក្រោយ រួមមានទាំងអ្នកវិភាគដែលលោក កែម ឡី បានបណ្ដុះបណ្ដាលមុនពេលលោកទទួលមរណភាពផង កាន់តែមានសេចក្តីអង់អាចក្លាហាន។

លោកថ្លែងថា “ខ្ញុំចូលចិត្តយុវជនទាំងនេះ គឺកូនសិស្សរបស់លោក កែម ឡី ព្រោះអ្វីដែលពួកគាត់និយាយមិនមែនជាអ្វីដែលគេចង់ស្ដាប់ ប៉ុន្តែពួកគាត់ប្រាប់ប្រជាពលរដ្ឋថា ‘នេះជាអ្វីដែលអ្នកត្រូវតែស្ដាប់’”។

លោកលើកឡើងបន្ថែមថា “ឧទាហរណ៍ ដំណោះស្រាយ ការចរចារវាងមេដឹកនាំកំពូលៗ មិនមែនជាការប្រមាថរដ្ឋាភិបាលជាលក្ខណៈបុគ្គល ប៉ុន្តែវាជាការជជែកគ្នាច្រើនអំពីអ្វីទៅជាការរំលោភបំពានសិទ្ធិមនុស្សដែលចាំបាច់ត្រូវដោះស្រាយ។ អ្វីទៅជាបញ្ហាសេដ្ឋកិច្ច? ការងារប្រភេទណាដែលប្រជាពលរដ្ឋត្រូវការ? តើការបោះឆ្នោតប្រភេទណាដែលអាចមានលក្ខណៈសេរី និងត្រឹមត្រូវយុត្តិធម៌”។

លោកមានប្រសាសន៍ថា បញ្ហានានាដែលជាញឹកញាប់ត្រូវគេមើលរំលងដូចជា អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្ដូរភេទ ហៅកាត់ LGBT និងសិទ្ធិស្ត្រី កំពុងទទួលបានការចាប់អារម្មណ៍នៅពេលនេះ។

លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង (Young Analysts Group) ជាក្រុមអ្នកអត្ថាធិប្បាយនយោបាយក្មេងខ្ចី គឺជាម្នាក់ស្ថិតក្នុងចំណោមអ្នកវិភាគទាំងនោះដែលបានទទួលយកភារកិច្ចនេះចាប់តាំងពីគ្រូរបស់ពួកគេទទួលមរណភាពមក។ ជំនាញវិភាគរបស់លោក ហង្ស វិទូ ទទួលបានការបណ្ដុះបណ្ដាលពីលោក កែម ឡី បន្ទាប់ពីពួកលោកជួបគ្នានៅក្រុងបាងកក កាលពីឆ្នាំ២០១៣។

ខណៈអ្នកមួយចំនួននៅក្នុងក្រុមនេះបានដកខ្លួនចេញបន្ទាប់ពីលោក កែម ឡី ទទួលមរណភាព លោក ហង្ស វិទូ ថ្លែងថា លោកប្ដេជ្ញាបន្តការងាររបស់គ្រូលោក។ បច្ចុប្បន្នសំឡេងរបស់លោកបានបង្ហើរជាប្រចាំនៅតាមរលកធាតុអាកាសវិទ្យុ ហើយបណ្ដាអ្នកកាសែតកំពុងតែងាកទៅរកលោកកាន់តែច្រើន ដើម្បីសុំឱ្យលោកបញ្ចេញទស្សនៈយល់ឃើញជុំវិញបញ្ហានានា។

លោកបានលើកឡើងថា “ខ្ញុំគិតថា មនុស្សជាច្រើន និងសិស្សមួយចំនួនរបស់គាត់ពេលនេះបានឈប់ជជែកពិភាក្សា ឬនិយាយតាមកម្មវិធីវិទ្យុហើយដោយសារពួកគាត់ខ្លាចការធ្វើឃាត ឬអ្វីដែលអាចគំរាមកំហែងពួកគាត់ ប៉ុន្តែពួកយើងប៉ុន្មាននាក់នៅតែបន្តការងាររបស់ពួកយើង”។

ទោះជាយ៉ាងណា អ្នកវិភាគវ័យ២៧ឆ្នាំរូបនេះបានទទួលស្គាល់ថា មានពេលខ្លះលោកចាំបាច់ត្រូវ “កាត់បន្ថយ” វោហារសាស្ត្ររបស់ខ្លួន ដោយអះអាងថា លោកត្រូវគេតាមឃ្លាំមើលជាប្រចាំ។

លោកប្រាប់ថា “ពួកយើងបានសង្កេតឃើញមនុស្សដដែលតាមដានពួកយើង នៅពេលពួកយើងទៅណា ឬធ្វើអ្វីមួយ។ គេតែងតែដឹងពីអ្វីដែលពួកយើងគ្រោងនឹងធ្វើ។ វាពិបាកនឹងពន្យល់ណាស់”។

លោក ហង្ស វិទូ បញ្ជាក់អះអាងថា លោកនឹងបន្តការងារនេះ ទោះបីជាប្រឈមគ្រោះថ្នាក់ ឬការជំទាស់ពីគ្រួសាររបស់លោកក្ដី។ លោកថ្លែងថា “បា៉ម៉ាក់ខ្ញុំ តែងតែសុំឱ្យខ្ញុំឈប់ធ្វើការងារនេះ ហើយពួកគាត់តែងតែទាមទារឱ្យខ្ញុំទៅបរទេស ទៅប្រទេសថៃ ទៅប្រទេសណាផ្សេងក្រៅពីកម្ពុជា ព្រោះពួកគាត់យល់ថា ក្រុមរបស់ពួកយើងគ្មានសុវត្ថិភាពទេ ហើយខ្ញុំខ្លួនឯងក៏គ្មានសុវត្ថិភាពដែរ”។

ប្រជាពលរដ្ឋជាច្រើននៅឯផ្ទះរបស់លោក កែម ឡី អ្នកវិភាគនយោបាយដែលធ្លាប់រស់នៅកាលពីក្មេងក្នុងខេត្តតាកែវ ដើម្បីធ្វើខួប១ឆ្នាំនៃឃាតកម្មលើលោក កាលពីម្សិលមិញ។ លោក កិម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (ស្តាំ) បានចូលរួម។ រូបថតៈ Chomrern Phal

លោកបានលើកឡើងបន្ថែមថា “ប៉ុន្តែខ្ញុំគិតថា បើពួកយើងទៅ ហើយពួកយើងទុកការងារទាំងអស់នេះចោល អ៊ីចឹងបេសកកម្មរបស់លោកបណ្ឌិត កែម ឡី នឹងត្រូវចប់។ ដូច្នេះ មានជម្រើសតែមួយគត់ដែលពួកយើងអាចបន្តដំណើររបស់យើង”។

លោក អ៊ា សុផល អ្នកវិភាគគោលនយោបាយ និងជាសាស្ត្រាចារ្យរងបង្រៀនផ្នែកកិច្ចការទូត និងពិភពលោកនៅមហាវិទ្យាល័យ Occidental College មានមូលដ្ឋាននៅទីក្រុងឡូសអ៊ែនជើឡេស មានប្រសាសន៍ថា ឃាតកម្មលើលោក កែម ឡី បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងមកលើសំឡេងប្រឆាំង ប៉ុន្តែថា វានឹងជួយជំរុញបញ្ញវន្តជំនាន់ក្រោយដើរតាមគន្លងរបស់លោក។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយថា “ការស្លាប់របស់លោក កែម ឡី បានបង្កភាពរំជើបរំជួលយ៉ាងខ្លាំង ហើយវាប្រហែលជាការហែសពសាធារណៈដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា។ ភ្លាមៗ លោកទទួលបានការគោរព និងកោតសរសើរយ៉ាងខ្លាំង។ ក្នុងពេលជាមួយគ្នានេះ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺថា វាក៏មានផលប៉ះពាល់ខ្លាំងស្ទើរមិនគួរដែរមកលើទស្សនៈនយោបាយនៅក្នុងប្រទេសកម្ពុជា”។

លោក បានលើកឡើងទៀតថា “សារនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ការនិយាយឥតសំចៃ និងការអប់រំផ្នែកនយោបាយ អាចបង្កគ្រោះថ្នាក់ដល់លោកអ្នក”។

លោបានលើកឡើងបន្តទៀតថា ” ប៉ុន្តែតាម ពិត ដូចករណីលោក Martin Luther King Jr អ៊ីចឹង ការស្លាប់របស់លោក កែម ឡី មានតែបញ្ឆេះកំហឹងឲ្យមានការទាមទារយុត្តិធម៌កាន់តែខ្លាំងទៅវិញទេ។ ការស្លាប់របស់គាត់នឹងបង្កើតឲ្យមាន កែម ឡី ពេញមួយជំនាន់។ ពួកគេប្រហែលជានៅស្ងាត់ស្ងៀមនៅពេលនេះ ប៉ុន្តែមិនអាចធ្វើឲ្យចិត្តរបស់ពួកគេស្ងប់បាននោះឡើយ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលការបន្តការចោទប្រកាន់ពីអង្គការសិទ្ធិមនុស្ស និងមជ្ឈដ្ឋានទូទៅដែលថា រដ្ឋាភិបាលមានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតអ្នកធ្វើអត្ថាធិប្បាយនយោបាយរូបនេះ។

លោកបានមានប្រសាសន៍ថា “តើនរណាដែលទទួលបានប្រយោជន៍ពីការស្លាប់របស់លោក កែម ឡី? មិនមែនរដ្ឋាភិបាល មិនមែនក្រុងទេ”។

លោកបានលើកឡើងទៀតថា “ជាការពិត ពួកគេនឹងទម្លាក់កំហុសមកលើយើង។ហេតុដូច្នេះហើយរដ្ឋាភិបាលនៅតែបន្តតាមស្វែងរកថា តើនរណាដែលនៅពីក្រោយការធ្វើឃាតនេះ”។ លោកបានបន្ថែមទៀតថា សំណុំរឿងពាក់ព័ន្ធការធ្វើឃាតនេះនៅមិនទាន់ចប់នៅឡើយទេ។

លោក ផៃស៊ីផាន បានលើកឡើងទៀតថា អ្នកវិភាគនយោបាយផ្សេងៗទៀតមិនចាំបាច់ខ្លាចក្នុងការរិះគន់រដ្ឋាភិបាលទេ ព្រោះការរិះគន់គឺជាផ្នែកនៃ”សង្គមបើកចំហ”។

លោកបានថ្លែងថា “ពួកគេអាចនិយាយអ្វីៗបានវាជាសង្គមបើកចំហ”។ លោកបានបន្ថែម ថា រដ្ឋាភិបាលអាចបិទស្ថាប័នព័ត៌មានបរទេសបាន ប្រសិនបើមិនទទួលយកការរិះគន់ ” ប៉ុន្តែ យើងមិន ធ្វើអ៊ីចឹងទេ។ យើងរៀនសូត្រពីការរិះគន់នោះ ហើយកែលម្អ”។

លោកបានថ្លែងបន្តថា “យើងនៅមានការសោកស្តាយនៅឡើយចំពោះការស្លាប់របស់លោក កែម ឡី។ វាគួរឲ្យសោកសង្រេងណាស់”។

លោក មាស នី អ្នកវិភាគ នយោបាយបានទទួលស្គាល់ថា ការធ្វើឃាតលោក កែម ឡី និងការចាប់ខ្លួនលោក គឹម សុខ អ្នករិះគន់រដ្ឋាភិបាលដោយសារចោទប្រកាន់រដ្ឋាភិបាល ថានៅពីក្រោយការធ្វើឃាតនេះនោះ បានធ្វើឲ្យលោកសញ្ជឹងគិតមុនប្រើពាក្យពេចន៍រិះគន់រដ្ឋាភិបាល។

លោកបានមានប្រសាសន៍ថា “បន្ទាប់ពីការស្លាប់របស់លោក កែម ឡី និងការចាប់លោក គឹម សុខ អ្នកវិភាគនយោបាយមួយរូបទៀតដាក់ពន្ធនាគារ វាបានធ្វើឱ្យខ្ញុំត្រូវពិចារណាថា តើខ្ញុំគួរបន្តទៅមុខ ឬថាតើគួរតែដកខ្លួន”។ ទីបំផុតលោកបានសម្រេចបន្តការងាររបស់លោក ប៉ុន្តែមានការប្រុងប្រយ័ត្នក្នុងការប្រើពាក្យពេចន៍របស់លោក។

លោក មាស នី បានថ្លែងទៀតថា “ខ្ញុំបានព្យាយាមរិះរកវិធីរិះគន់ភាគីទាំងពីរ ហើយមិនបញ្ចេញឈ្មោះចំៗនោះឡើយ ពោលគឺមិនបញ្ចេញឈ្មោះគណបក្សប្រជាជនកម្ពុជា ឬគណបក្សសង្គ្រោះជាតិទេ”។

លោកបានថ្លែងបន្ថែមថា “ប៉ុន្តែ ភាគច្រើន ពេលនិយាយអំពីថ្នាក់ដឹកនាំគណបក្ស ទោះបីជាពេលខ្លះខ្ញុំចាំបាច់ត្រូវសំដៅដល់គណបក្សកាន់អំណាចក៏ដោយ ខ្ញុំមិនលើកឡើងនូវពាក្យ ‘កាន់អំណាច’ ទេ ព្រោះពួកគេអាច[បញ្ជូន] ខ្ញុំទៅតុលាការ ឬក៏ដាក់ពាក្យប្តឹងខ្ញុំបានគ្រប់ពេល”។

ការវិភាគរបស់លោក មាស នី មានការថមថយ ពេលលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានព្រមានលោក” កុំឲ្យធ្វើហួសព្រំដែន” កាលពីខែកុម្ភៈ បន្ទាប់ពីលោកបានធ្វើការកត់សម្គាល់ថា ការចាត់វិធានការផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជារារាំងគណបក្សសង្គ្រោះជាតិមិនឲ្យកោះហៅរដ្ឋមន្ត្រីផ្ទុយពីរដ្ឋធម្មនុញ្ញនោះ។

លោកបានលើកឡើងថា “ពេលក្រឡេកមើលករណីធ្វើឃាតលោក កែម ឡី និងការធ្វើឃាតសកម្មជនសង្គម ឬសកម្មជនបរិស្ថាននាពេលកន្លងមក ខ្ញុំមានហេតុផលជាច្រើនដែលត្រូវភ័យខ្លាច និងត្រូវប្រុងប្រយ័ត្នគ្រប់ពេល”។

លោក អ៊ូ វីរៈ ស្ថាបនិកអង្គការវេទិកាអនាគតដែលប្រឈមបណ្តឹងពីបទបរិហារកេរ្តិ៍របស់គណបក្សប្រជាជនកម្ពុជាកាលពីខែមេសាឆ្នាំមុន ដោយសារលើកឡើងថា គណបក្សកាន់អំណាចប្រើប្រាស់រឿងអាស្រូវផ្លូវភេទពាក់ព័ន្ធលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនៅពេលនោះដើម្បីជាមធ្យោបាយធ្វើឲ្យគណបក្សប្រឆាំងមួយនេះខូចកេរ្តិ៍ឈ្មោះនោះ ក៏បានទទួលស្គាល់ថា លោកក៏មានការប្រុងប្រយ័ត្នដែរក្នុងការប្រើប្រាស់ពាក្យពេចន៍។

លោកបានថ្លែងថា “មានការប្រុងប្រយ័ត្នជាងមុននិងត្រូវមានការប្រុងប្រយ័ត្នរាល់ពាក្យពេចន៍ ទោះបីជាខ្ញុំតែងតែព្យាយាមប្រកាន់ជំហរលើកឡើងនូវអ្វីដែលមហាជនដឹងក៏ដោយ”។

លោក បានបន្ថែមទៀតថា  “យើងមិនដឹងថា ការបញ្ចេញមតិបែបណាទើបត្រូវបានចាត់ទុកថា ជាការបញ្ចេញមតិពិតនោះទេ ជាហេតុធ្វើឱ្យមានការលំបាកជាងមុន ព្រោះពេលយើងធ្វើការវិភាគយើងត្រូវវិភាគតាមការយល់ឃើញ ហើយលើកឡើងម្តងហើយម្តងទៀតថា ‘នេះគឺជាការយល់ឃើញរបស់ខ្ញុំ នេះគឺជាការយល់ឃើញរបស់ខ្ញុំ'”។

លោកបានបន្ថែមទៀតថា “ប៉ុន្តែនេះគឺជារឿងមួយក្នុងចំណោមរឿងទាំងនោះ។ ថា តើយើងត្រូវនិយាយបែបហ្នឹងញឹកញាប់ប៉ុណ្ណាទៅ មុនពេលនិយាយថា គួរឲ្យអស់សំណើច?វាជាឧបសគ្គនៅក្នុងការនិយាយាក់ព័ន្ធរឿងនយោបាយនៅក្នុងបរិយាកាសដូចជានៅកម្ពុជា”។

ការប្រុងប្រយ័ត្នក្នុងការប្រើពាក្យពេចន៍របស់នរណាម្នាក់រួមមានការរិះគន់ជាប្រចាំលើបុគ្គលមានអំណាចជាដើម នេះបើយោងតាមលោក ឆាំ ប៊ុនថេត។

លោកបានមានប្រសាសន៍ថា “ពេលលោកអ្នកបង្ខំឲ្យពួកគេទាល់ច្រក ពួកគេនឹងដាល់ច្រមុះរបស់អ្នក ពួកគេនឹងសម្លាប់លោកអ្នក ពួកគេនឹងកម្ទេចលោកអ្នក នោះហើយគឺជាសារជាតិរបស់ពួកគេ”។ ពេលសួរថា តើលោកសំដៅដល់នរណាឲ្យពិតប្រាកដ លោកបានអះអាងថា លោកសំដៅដល់ “សារជាតិរបស់មនុស្សទូទៅ”។

លោកបានមានប្រសាសន៍បន្តថា “ហេតុអីបានជាអ៊ីចឹង? ព្រោះពួកគេភ័យខ្លាច។ ពួកគេខ្លាចបាត់បង់អំណាច ខ្លាចបាត់បង់សន្តិសុខផ្ទាល់ខ្លួន។ នោះហើយគឺជាហេតុផលដែលពួកគេត្រូវសម្លាប់យើង។ ហេតុដូច្នេះហើយត្រូវតែធ្វើឱ្យប្រាកដថា ពួកគេជឿទុកចិត្តថាយើងមិនមែន [កំពុងព្យាយាម] បំផ្លាញពួកគេទេ ប៉ុន្តែ កំពុងព្យាយាមជួយពួកគេ”។

លោក ឆាំ ប៊ុនថេត បានទទួលស្គាល់ថា លោកនិងក្រុមគ្រួសាររបស់លោកព្រួយបារម្ភខ្លាចទទួលបាលទល្ធផលដូចមិត្តភក្តិរបស់លោកកាលពីមួយឆ្នាំកន្លងមកនេះដែរ ប៉ុន្តែ បានលោកលើកឡើងថា វាមិនអាចបញ្ឈប់លោកមិនឲ្យនិយាយប្រឆាំងនឹងភាពអយុត្តិធម៌នោះឡើយ។

លោកបានមានប្រសាសន៍ថា “និយាយថា ខ្ញុំមិនខ្លាចគេបាញ់សម្លាប់ គឺខ្ញុំនិយាយកុហកហើយ” ។

លោកបានបន្ថែមថា “ប៉ុន្តែ សម្រាប់ខ្ញុំបើឲ្យជ្រើសរើសរវាងការនៅបន្តស្ងាត់ស្ងៀមហើយបន្ទាប់មករស់នៅក្នុងស្ថានភាពសង្គមជិះជាន់បែបនេះរហូតដល់ស្លាប់ និងការនិយាយស្តីហើយស្លាប់នោះ ខ្ញុំនឹងជ្រើសរើសការនិយាយស្តីហើយស្លាប់”៕ សុខុម និងស៊ុយឈាង (រាយការណ៍បន្ថែមដោយHannah Hawkins)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស