26 C
Phnom Penh

គណបក្សប្រជាជនកម្ពុជា​អនុម័ត​​​វិសោធន​​​កម្មបន្ថែម​​​ទៀត​​​លើ​​​ច្បាប់​ស្តីពី​​​គណ​​​បក្ស​​​នយោបាយនៅ​​​ក្នុង​​​សភា​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានអនុម័តសេចក្តីស្នើច្បាប់ថ្មីដ៏ចម្រូងចម្រាសដែលនឹងធ្វើឲ្យវាខុសច្បាប់ ប្រសិនបើគណបក្សសង្គ្រោះជាតិធ្វើការជាមួយលោក សម រង្ស៊ី ឥស្សរជនប្រឆាំាងដ៏មានប្រជាប្រិយភាព នៅក្នុងការបោះឆ្នោតសភាដែលត្រូវបានធ្វើពហិកាដោយគណបក្សសង្គ្រោះជាតិ ដែលចាត់ទុកការធ្វើវិសោធនកម្មនេះថា ផ្ទុយរដ្ឋធម្មនុញ្ញ។

វាជាការធ្វើវិសោធនកម្មលើកទី២ហើយចំពោះច្បាប់ស្តីពីគណបក្សនយោបាយដែលគណបក្សប្រជាជនកម្ពុជាបានស្នើឡើងនៅក្នុងឆ្នាំនេះដើម្បីដាក់សម្ពាធលើគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏សំខាន់របស់ខ្លួនក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ។កាលពីខែកុម្ភៈ អំឡុងពេលគណបក្សសង្គ្រោះជាតិធ្វើពហិការមួយផ្សេងទៀត គណបក្សប្រជាជនកម្ពុជាបានអនុម័តវិសោធនកម្មដែលផ្តល់អំណាចថ្មីទាំងស្រុកដល់រដ្ឋាភិបាល និងតុលាការនៅក្នុងការផ្អាកសកម្មភាព ឬរម្លាយគណបក្សណាមួយចោលពាក់ព័ន្ធបទល្មើសដែលមិនមានការចែងច្បាស់លាស់។ វិសោធនកម្មនោះបានបង្ខំឲ្យលោក សម រង្ស៊ី លាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិដើម្បីកុំឲ្យការផ្តន្ទាទោសជាបន្តបន្ទាប់មកលើរូបលោកដែលមជ្ឈដ្ឋានទូទៅមើលឃើញថាជារឿងនយោបាយនោះធ្វើឲ្យគណបក្សរបស់លោកមានបញ្ហា។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះវត្តមានចូលប្រជុំសភាកាលពីម្សិលមិញ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា បានអនុម័តវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនៅក្នុងការបោះឆ្នោតដែលគណបក្សប្រឆាំងធ្វើពហិការ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះវត្តមានចូលប្រជុំសភាកាលពីម្សិលមិញ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា បានអនុម័តវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនៅក្នុងការបោះឆ្នោតដែលគណបក្សប្រឆាំងធ្វើពហិការ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ការធ្វើវិសោធនកម្មថ្មីបំផុតនេះរារាំងគណបក្សនយោបាយមិនឲ្យប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណអក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឬ”យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយ”ទណ្ឌិតជាប់ទោសដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន។ គណបក្សនយោបាយដែលធ្វើរឿងទាំងនោះអាចត្រូវបានផ្អាកសកម្មភាពមិនលើសពី៥ឆ្នាំ ឬរម្លាយតែម្តង។ ទោះបីជាបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសដើម្បីគេចពីការផ្តន្ទាទោសជាប់ពន្ធនាគារក៏ដោយ តែលោក សម រង្ស៊ី នៅតែជាបុគ្គលប្រឆាំងដ៏សំខាន់ចំពោះគណបក្សប្រជាជនកម្ពុជាហើយនៅតែបន្តធ្វើការរិះគន់ធ្ងន់ៗតាមអីុនធឺណិតដែលបន្តធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការមួរម៉ៅ។ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិទូទាំងប្រទេសនៅតែបង្ហាញរូបលោក សម រង្ស៊ី កាន់ដៃគ្នាជាមួយលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិក្នុងពេលបច្ចុប្បន្ន។

នៅក្នុងបទសម្ភាសន៍តាមវិទ្យុកាលពីសប្តាហ៍មុន លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា វិសោធនកម្មនេះ ធ្វើឡើងដោយមានគោលដៅ “សម្លាប់ជីវិតនយោបាយសម រង្ស៊ី “។

ទោះជាយ៉ាងណា នៅក្នុងសុន្ទរកថារយៈពេល១ម៉ោងមុនការបោះឆ្នោតសភាកាលពីម្សិលមិញ លោក ម៉ុម ជឹមហ៊ុយ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា វិសោធនកម្មនេះដែលគ្មានគោលដៅលើគណបក្សជាក់លាក់ណាមួយនោះ គឺមានបំណង “ធានានូវតម្លាភាព យុត្តិធម៌”។

លោកបានមានប្រសាសន៍ថា “យើងឃើញ ថាច្បាប់នេះមានមូលដ្ឋានរឹងមាំណាស់ មិនអាចដទៃបដិសេធបានទេ នោះគឺការគោរពរដ្ឋធម្មនុញ្ញយ៉ាងមឺុងម៉ាត់ ការគោរពច្បាប់ជាធរមានទាំងអស់”។ លោកបានបន្ថែមថា “វាមិនមានលក្ខណៈធ្វើដើម្បីគោលបំណងអាក្រក់ ធ្វើឲ្យមានការលំបាកដល់គណបក្សនេះ ឬគណបក្សនោះ ក្រុមនេះ ឬក្រុមនោះ”។

លោក ហ៊ុន សែន មិនបានចូលរួមការបោះឆ្នោតសភានេះទេ។ ប៉ុន្តែ កូនប្រុសពៅរបស់លោក គឺលោក ហ៊ុន ម៉ានី ដែលក៏ជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាដែរនោះ បានបង្ហាញជំហរមិនស្របភ្លាមៗចំពោះ ការអះអាងរបស់សហសេវិករបស់លោក ដែលថា វិសោធនកម្មនេះគ្មានគោលដៅនយោបាយ។នៅក្នុងការការពារវិសោធនកម្មនេះ លោកបានលើកឡើងពីសំដីរបស់លោក សម រង្ស៊ី កាលពីឆ្នាំមុនដែលស្នើឲ្យសហភាពអឺរ៉ុបពិចារណាការមិនយកពន្ធចំពោះការនាំចូលសម្លៀកបំពាក់ពីកម្ពុជា ដោយសារប្រវត្តិសិទ្ធិមនុស្សរបស់រដ្ឋាភិបាល។ លោក ហ៊ុន ម៉ានី បន្ទាប់មកបានងាកមកផ្តោតគោលដៅលើលោក កឹម សុខា ដែលកាលពីខែឧសភាបានរិះគន់បន្តុះបង្អាប់រដ្ឋាភិបាលរឿងខ្វះខាតបង្គន់នៅទូទាំងប្រទេស។

កៅអីទំនេររបស់សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិមុនពេលចាប់ផ្តើមកិច្ចប្រជុំអំពីសំណើរវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។គណបក្សប្រឆាំងធ្វើពហិការទំនាស់នឹងច្បាប់នេះដោយថា មិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកបានថ្លែងថា “សូមឥស្សរជននយោបាយកុំយកមុខមាត់ប្រទេសខ្លួនឯងដើម្បីយកទៅ ដើម្បីសំឡេងសន្លឹកឆ្នោតបន្តិចបន្តួច…យើងមិនលក្ខណៈថា ខ្មែរក្រណាស់ ខណៈគ្មានបង្គន់ជុះនោះទេ”។ លោកបានថ្លែងបន្តថា “យើងគួរតែពិចារណា បើសិនជាទិដ្ឋភាពមួយចំនួនឬក៏ទង្វើ ពាក្យសំដី។ មានទង្វើមួយចំនួនរបៀបអាចនាំដល់ការប៉ះពាល់ ដូចខ្ញុំបានបញ្ជាក់សន្តិសុខប្រទេសជាតិ និងប៉ះពាល់ដល់ប្រយោជន៍ប្រទេសជាតិ”។

វិសោធនកម្មដែលបានស្នើឡើងនេះត្រូវបានអនុម័តយល់ព្រមដោយគ្មានការកែប្រែដោយសមាជិកសភាចំនួន៦៦រូបដែលបានចូលរួមក្នុងការបោះឆ្នោតសភា។

គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ច្រានចោលវិសោធនកម្មនេះថា ជារឿងនយោបាយ។ សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា សេចក្តីស្នើច្បាប់នេះ “មិនស្របតាមគោលការណ៍នីតិរដ្ឋហើយផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា”។

ពេលទាក់ទងបន្ទាប់ពីការបោះឆ្នោតលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា ច្បាប់រឹតបន្តឹងសិទ្ធិរបស់ពលរដ្ឋខ្មែរម្នាក់នៅក្នុងការចូលរួមក្នុងការងារនយោបាយគឺរំលោភច្បាប់កំពូលរបស់ប្រទេសយ៉ាងច្បាស់ក្រឡែត។

លោកបានមានប្រសាសន៍ថា “[បើ]សិទ្ធិពលរដ្ឋម្នាក់អាចចូលប្រឡូកក្នុងការងារនយោបាយជាដើម ត្រូវបានបាត់បង់ដោយសារការបង្កើតច្បាប់របៀបនេះ ដូច្នេះខ្ញុំយល់ថា វាមានមូលដ្ឋានគ្រប់គ្រាន់អាចថា ជាការរំលោភលើរដ្ឋធម្មនុញ្ញ”។លោកបានបន្ថែមថា គេហៅ Rule of Law (នីតិរដ្ឋ) និងRule By Law (ការបង្កើតច្បាប់ដើម្បីរក្សាអំណាច) អ្វី ដែលគេកំពុងធ្វើគឺ Rule By Law”។

លោក សុន ឆ័យ បានលើកឡើងទៀតថា លោកសង្ឃឹមថា សហគមន៍អន្តរជាតិនឹងជួយដាក់សម្ពាធលើរដ្ឋាភិបាលឲ្យកែប្រែវិសោធនកម្មនេះ ហើយថា គណបក្សសង្គ្រោះជាតិនឹងពិចារណាស្នើសុំព្រះមហាក្សត្រ នរោត្តម សីហមុនី កុំឱ្យទ្រង់ឡាយព្រះហស្តលេខាឱ្យវិសោធនកម្មនេះក្លាយជាច្បាប់។

ប៉ុន្តែការថ្កោលទោសរបស់អន្តរជាតិចំពោះវិសោធនកម្មឈុតដំបូងកាលពីដើមឆ្នាំនេះ មិនមានឥទ្ធិពលគួរឱ្យកត់សម្គាល់ទេ ហើយព្រះមហាក្សត្រក៏មិនដែលបដិសេធដោយបើកចំហមិនឡាយព្រះហស្តលេខាលើច្បាប់នុម័តដោយរដ្ឋសភានោះដែរ។ ខណៈព្រះមហាក្សត្រគង់នៅក្រៅប្រទេសកាលពីដើមឆ្នាំនេះ វិសោធនកម្មឈុតដំបូងត្រូវបានចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់ដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមន្ត្រីដ៏ស្មោះស្ម័គ្ររបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើជាប្រមុខរដ្ឋស្ដីទីពេលព្រះមហាក្សត្រមិនគង់នៅក្នុងប្រទេស។

លោក សុន ឆ័យ បានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់គណបក្សសង្គ្រោះជាតិជាមួយលោក សម រង្ស៊ី ប៉ុន្តែលោកមិនបញ្ជាក់ថាប៉ះពាល់ដោយរបៀបណាឡើយ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិគ្រោងនឹងពិភាក្សាជាមួយអតីតប្រធានបក្សរបស់ខ្លួនក្នុងពេលឆាប់ៗទាក់ទិនផលវិបាកនេះ។

រូបលោក សម រង្ស៊ី អាចនឹងបាត់ពីផ្ទាំងប៉ូស្ទ័រ និងស្លាកសញ្ញាគណបក្ស បើមិនរាប់ពាន់ទេ ក៏ខ្ទង់រាប់រយដែរនៅទូទាំងប្រទេស។

ប៉ុន្តែលោក សុន ឆ័យ ថ្លែងថា ការប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីលុបលោក សម រង្ស៊ី ចេញពីមនស្សិការរបស់សាធារណជន គឺមានតែធ្វើឱ្យគណបក្សប្រជាជនទទួលការប្រមាថកាន់តែច្រើនប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា “ការបាត់រូបបុគ្គលមិនមែនបានន័យថា គាត់ភ្លេចបុគ្គលទេ”។

ទិន្នន័យផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាបង្ហាញថា ការលើកឡើងរបស់លោកប្រហែលជាត្រឹមត្រូវ។ ការស្ទង់មតិមួយធ្វើឡើងដោយគណបក្សកាន់អំណាចកាលពីឆ្នាំមុន និងដែលបានបែកធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយកាលពីខែមុនបានរកឃើញថា ការព្យាយាមដាក់កំហិតយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិទំនងជាធ្វើឱ្យប្រជាពលរដ្ឋកាន់តែច្រើនបោះឆ្នោតគាំទ្រគណបក្សប្រឆាំង។

តាមរយៈសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនមួយស្ដីពីវិសោធនកម្មថ្មីទាំងនេះ លោក សម រង្ស៊ី បានលើកឡើងថា លោកមានកិត្តិយសដែលលោក ហ៊ុន សែន “នឹកមមៃ” ដល់រូបលោក។ លោកលើកឡើងថា “ខ្ញុំសុំស្នើក្នុងលក្ខណៈមិត្តភាព និងប្រកបដោយការទទួលខុសត្រូវថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី គាត់គួរតែប្រើប្រាស់ពេលវេលា និងថាមពលរបស់ខ្លួនឲ្យបានល្អប្រសើរដើម្បីជំរុញការអនុម័តច្បាប់មានប្រយោជន៍ពិតប្រាកដ ដើម្បីកែប្រែស្ថានភាពឱ្យល្អប្រសើរនៅក្នុងប្រទេសដែលកំពុងតែក្រឡាប់ចាក់។ គាត់ក៏គួរតែបង្ហាញទស្សនៈរបស់ខ្លួនដែរស្តីពីកម្ពុជានាសម័យថ្មី និងដែលមានការអភិវឌ្ឍជំនួសឱ្យការបន្តធ្វើខ្លួនដូចមេបញ្ជាការយោធាខ្មែរក្រហម ដែលលោកធ្លាប់ធ្វើ”។

ប្រៀបប្រដូចខ្លួនឯងទៅនឹងមនុស្សខ្លាំងពូកែលោក សម រង្ស៊ី មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីគួរតែបានដឹងខ្លួនហើយថា ការព្យាយាមមិនឲ្យលោកចូលសង្វៀនជាច្រើនឆ្នាំមកនេះគ្មានប្រយោជន៍នោះទេ។

លោកលើកឡើងថា “ដូចនៅក្នុងសាសនា រឿងព្រេង ឬជំនឿអញ្ចឹង អ្នកឯងកាន់តែព្យាយាមសម្លាប់បុគ្គលដ៏សំខាន់ បុគ្គលនោះកាន់តែនៅរស់ ហើយកាន់តែរស់រវើក និងកាន់តែមានប្រជាប្រិយភាព”៕ ស៊ុយឈាង និង សុខុម

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស