33 C
Phnom Penh

អ្នក​​​រកស៊ីទិញ​​​លក់​​​ម៉ូតូពីរនាក់​​​​​​ត្រូវបាន​​​សម្លាប់​​​ក្នុង​​​អំពើ​​​ប្លន់​​​ប្រដាប់អាវុធ​​​នៅក្នុង​​​ខេត្ត​​​បាត់​​​ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នករកស៊ីទិញលក់ម៉ូតូពីរនាក់ត្រូវបានសម្លាប់កាលពីម្សិលមិញក្នុងខេត្តបាត់ដំបងក្នុងអ្វីដែលនគរបាលសនិ្ឋដ្ឋានថាជាការ “ពួនស្ទាក់ប្លន់” អំឡុងអំពើប្លន់ប្រដាប់អាវុធ។

យោងតាមគេហទំព័រនគរបាលជាតិបានឱ្យដឹងថា លោក ហួត ឈឿង អាយុ៤៥ឆ្នាំ និងបុរសម្នាក់ទៀតដែលប្រាប់អត្តសញ្ញាណត្រឹមតែថា ឈ្មោះ រិត អាយុ៣៥ឆ្នាំ បានដើររកទិញម៉ូតូដោយធ្វើដំណើរតាមផ្លូវលំមួយក្នុងឃុំខ្នាចរមាស ស្រុកបវេល ស្រាប់តែពេលនោះ អ្នកភូមិបានឮស្នូរកាំភ្លើងនៅម៉ោងប្រហែលជា៧ព្រឹក។

គេហទំព័រនេះបន្តថា លោក ហួត ឈឿងត្រូវបានបាញ់មួយគ្រាប់ចំដងខ្លួន រីឯឈ្មោះរិត នៅឃុំគោកឃ្មុំ ស្រុកថ្មគោល ត្រូវបានកាប់មួយពូថៅចំក្បាលផ្នែកខាងក្រោយ។

លោក ជេត វណ្ណី ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា នគរបាលកំពុងស្វែងរកជនសង្ស័យម្នាក់ ដែលគេបានស្គាល់អត្តសញ្ញាណហើយ ប៉ុន្តែលោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

លោក ម៉ី គឹមសាន អធិការរងនគរបាលស្រុកបានចាត់ទុកអំពើមនុស្សឃាតនេះថា ជាការគិតទុកជាមុន ហើយបានថ្លែងថា ម៉ូតូមួយគ្រឿងជារបស់បុរសម្នាក់ក្នុងចំណោមបុរសទាំងពីរនាក់ដែលស្លាប់នោះ ត្រូវបានប្លន់យក។ លោក ម៉ី គឹមសាន បានបន្ត ថា “យើងបានចុះទៅសិក្សានៅកន្លែងកើតហេតុឃើញថា វាហាក់ដូជាមានការពួនស្ទាក់ប្លន់”។

លោកបានថ្លែងថា នគរបាលសង្ស័យថា ជនរងគ្រោះត្រូវបានទូរស័ព្ទទាក់ទង ហើយបញ្ចុះបញ្ចូលឱ្យមកកាន់កន្លែងនោះ “ព្រោះជនរងគ្រោះទាំងពីរនាក់មានមុខរបរជាអ្នករកស៊ីទិញលក់ម៉ូតូ”៕សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស