លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តវាយប្រហារអ្នកលេងហ្វេសប៊ុកម្នាក់ដែលអះអាងថាលោកនាយករដ្ឋមន្ត្រីចេញពីប្រទេសទៅព្យាបាលជំងឺ ដោយចាត់ទុកអ្នកលេងហ្វេសប៊ុករូបនេះថា ជាជនពាលដែលមានបំណងបង្កភាពចលាចល។
គេកត់សម្គាល់ឃើញថា លោក ហ៊ុន សែន គ្មានសកម្មភាពនយោបាយឡើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីត្រូវបានផ្អាក៣លើកជាប់ៗគ្នា។
លោក ឆាំ ឆានី អ្នកលេងហ្វេសប៊ុកមួយរូបដែលមានជម្លោះជាមួយគ្រួសារត្រកូលហ៊ុន រួមទាំងការភ្ជាប់ភរិយារបស់លោកនាយករដ្ឋមន្ត្រី គឺលោកស្រី ប៊ុន រ៉ានី និងកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត ទៅនឹងការជួញដូរឈើប្រណិតខុសច្បាប់ផងនោះ បានអះអាងនៅក្នុងសារបង្ហោះតាមហ្វេសប៊ុកថា លោកនាយករដ្ឋមន្ត្រីទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីមិនបានអនុញ្ញាតឲ្យនរណាម្នាក់ជំនួសតួនាទីក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទីទេ អំឡុងលោកអវត្តមាន។
លោក ឆាំ ឆានី បានលើកឡើងថា ប្រភពអនាមិកមួយបានជម្រាបលោកថា លោក ហ៊ុន សែន ព្រួយបារម្ភអំពីភាពស្មោះត្រង់របស់សមាជិកគណបក្សកាន់អំណាច។
លោកបានសរសេរថា ” ហ៊ុន សែន មិនផ្ទេរតំណែងនាយករដ្ឋមន្ត្រីស្តីទីឲ្យ ស ខេង [រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ] ឬ ប៊ិន ឈិន [ឧបនាយករដ្ឋមន្ត្រី] ទេ ព្រោះអត់ទុកចិត្ត ហើយសូម្បីតែពួកកូនៗ ហ៊ុន សែន ក៏អត់ហា៊នចេញទៅមើល ហ៊ុន សែន ឈឺម្តងទាំងអស់គ្នាដែរ(ម៉ាណែត ម៉ានី ម៉ានិត) ដោយខ្លាចមានបញ្ហាផ្ទៃក្នុង (ពាលស៊ីពាលក្នុងបក្សតែមួយ)”។
ជាការឆ្លើយតប កាលពីល្ងាចថ្ងៃច័ន្ទ លោក ហ៊ុន សែន បានបង្ហោះរូបភាពស្តីពីរូបលោកទទួលទានអាហារជាមួយលោក គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី អ្នកឧកញ៉ា គិត ម៉េង និងកូនប្រុសកណ្តាលរបស់លោក គឺលោក ហ៊ុន ម៉ានិត ព្រមទាំងមនុស្សដែលមានភាពជិតស្និទ្ធផ្សេងៗទៀត ដោយបង្ហាញអំពីរូបលោកដើរផ្សារទំនើបជាមួយសមាជិកគ្រួសារមួយចំនួនទៀត។
លោកបានសរសេរដោយមិនបង្ហាញទីតាំងថា “តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នា ពិសេសជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ?”។ លោកបានសរសេរបន្ថែមថា”ទោះខ្ញុំស្ថិតនៅទីណា ក៏នៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិ ពិសេសបង្ក្រាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម ក្រុមពួកកូនអាក្បត់ជាតិបានដែរ”។
លោកបានសរសេរបន្ថែមទៀតថា “បើចង់ដឹងសុំសាកល្បងមើល Sic!”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា លោកនាយករដ្ឋមន្ត្រី មិនបានចូលរួមកិច្ចប្រជុំគណៈ រដ្ឋមន្ត្រី និងសម័យប្រជុំសភាកាលពីថ្ងៃច័ន្ទដោយសារ “ហេតុផលផ្ទាល់ខ្លួន”។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “គាត់នៅភ្នំពេញ បើគាត់មិននៅភ្នំពេញគាត់នឹងផ្ទេរសិទ្ធិឲ្យនាយករដ្ឋមន្ត្រីស្តីទីផ្សេង”។
ដោយសំដៅដល់នាយកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លោក សុខ ឥសាន បានថ្លែងថា លោក ឆាំ ឆានី “ខួរក្បាលគាត់ប្រឆាំង៖ ស្អីក៏ធ្វើមិនត្រូវ ទាស់ចិត្តគាត់រហូត។ ឆាំ ឆានី និង ប្រេដ អាដាម មិនខុសគ្នាទេ”។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបដិសេធមិននិយាយថា តើអាជ្ញាធរ នឹងសើុបអង្កេតលោក ឆាំ ឆានី ពាក់ព័ន្ធការបង្ហោះសារតាមហ្វេសប៊ុកនេះ ឬក៏អត់ឡើយ៕ ស៊ុយឈាង