29 C
Phnom Penh

មន្ត្រី​​​ជាន់ខ្ពស់ចំនួន​​​​​​១១រូប​​​​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ស្ថិត​​​ក្រោម​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ពាក់​​​ព័ន្ធ​​​ការ​​​ជួញដូរ​​​ឈើ​​​​​​ខុស​​​ច្បាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា ការសើុបអង្កេតរបស់តុលាការពាក់ព័ន្ធការជួញដូរឈើខុសច្បាប់បានផ្តោតគោលដៅលើមន្ត្រីខេត្តចំនួន១១រូប រួមមានមេបញ្ជាការយោធា និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងអាចទាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះបណ្តាលឱ្យមានការផ្ទេរសំណុំរឿងនេះមករាជធានីភ្នំពេញតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

យោងតាមលោក ជឹង សុចន្ថា អភិបាលរងខេត្តបានឲ្យដឹងថា ការសើុបអង្កេតនេះដោយសារទទួលបានព័ត៌មានពីអ្នកជាប់ឃុំ៦នាក់ជាជនជាតិវៀតណាមដែលត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ នៅពេលពួកគេដឹកឈើកាប់រួចខុសច្បាប់ទៅកាន់ប្រទេសវៀតណាម។

លោក ជឹង សុចន្ថា បានមានប្រសាសន៍កាលពីម្សិលមិញថា បញ្ជីឈ្មោះមន្ត្រី១១រូបដែលត្រូវបានសើុបអង្កេតនោះរួមមានលោក តូច យ៉ុន ស្នងការនគរបាលខេត្តដែលនឹងចាកចេញពីតំណែង លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក ឈិត ម៉េងស្រេង មេបញ្ជាការយោធាខេត្ត។

លោក ជឹង សុចន្ថា បានថ្លែងថា វាក៏រួមមានលោក លាង ភារ័ត្ន ដែលជានាយប៉ុស្តិ៍ច្រកព្រំដែន អូរហ៊ុច ព្រមទាំងលោក ជុំ រតនា ជានាយរងប៉ុស្តិ៍ផងដែរ។

លោកអភិបាលរងខេត្តរូបនេះបានបន្ថែមថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក៏ស្ថិតក្រោមការសើុបអង្កេតផងដែរ ប៉ុន្តែ លោកបានបដិសេធប្រាប់ឈ្មោះព្រះរាជអាជ្ញារូបនោះទេ។

យោងតាមលោកអភិបាលរងខេត្តដដែលបានឱ្យដឹងថា ឧត្តមសេនីយ៍ត្រីតូច យ៉ុន និងឧត្តមសេនីយ៍ត្រី ឈិត ម៉េងស្រេង ដំបូងឡើយបានធ្វើការសើុបអង្កេតពីការជាប់ពាក់ព័ន្ធរបស់មន្ត្រីមួយចំនួនក្នុងការជួញដូរឈើកាលពីខែមុន បន្ទាប់ពីមានរបាយការណ៍ចុះផ្សាយក្នុងគេហទំព័រព័ត៌មាន Fresh News ថាកូនចៅរបស់ពួកគេចូលរួមក្នុងការរត់ពន្ធឈើខុសច្បាប់ ប៉ុន្តែ ឥឡូវនេះពួកគេសុទ្ធតែស្ថិតក្រោមការសើុបអង្កេតទាំងអស់។ឧត្តមសេនីយ៍ត្រី តូច យ៉ុន គ្រោងផ្ទេរមកកាន់នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែននៃនគរបាលជាតិ។

ឧត្តមសេនីយ៍ត្រី តូច យ៉ុន ឧត្តមសេនីយ៍ត្រី ឈិត ម៉េងស្រេង និងឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ។

ពួកគេធ្លាប់ត្រូវបានសាកសួរកាលពីខែមីនា ដោយក្រុមការងារពិសេសថ្នាក់ជាតិឲ្យបញ្ឈប់ការជួញដូរឈើខុសច្បាប់ដែលដឹកនាំដោយលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីបានមានប្រសាសន៍កាលពីម្សិលមិញថា លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក៏ត្រូវ បានកោះហៅមកសាកសួរដោយឧត្តមសេនីយ៍ សៅ សុខា ផងដែរ ប៉ុន្តែ លោកមិនច្បាស់ថា តើវាពាក់ព័ន្ធសំណុំរឿងថ្មីៗនេះឬយ៉ាងណានោះឡើយ។

អ្នកនាំពាក្យរូបនេះបានថ្លែងថា “លោក ឡុង ហុកម៉េង ត្រូវបានហៅទៅសាកសួរម្តងរួចមកហើយនៅរាជធានីភ្នំពេញ ដោយឯកឧត្តម សៅ សុខា ប៉ុន្តែ ខ្ញុំមិនដឹងថា គាត់ត្រូវបានសាកសួរពីអ្វីខ្លះទេ”។

លោក ឡុង ហុកម៉េង បានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយបានបង្វែរសំណួរទៅលោក មាស ប្រុស។

លោក មាស ប្រុស ក៏បានលើកឡើងកាលពីម្សិលមិញផងដែរថា សុំណុំរឿងនេះត្រូវបានផ្ទេរទំនងជាដោយសារថ្នាក់ជាតិគិតថា សាលាដំបូងខេត្តនេះមិនអាចដោះស្រាយការស៊ើបអង្កេតនេះបាន។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ការផ្ទេរសំណុំរឿងនេះទៅសាលាដំបូងរាជធានីភ្នំពេញដោយសារតែពួកគេមិនទុកចិត្តទៅលើសមត្ថកិច្ចតុលាការខេត្តយើង ពីព្រោះមនុស្សដែលពាក់ព័ន្ធសុទ្ធតែជាមន្ត្រីរបស់ខេត្ត”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បម្រាមមិនឲ្យមានការនាំឈើចេញទៅប្រទេសវៀតណាមកាលពីខែមករាឆ្នាំមុន ហើយបានបង្កើតក្រុមការងារពិសេសមួយដែលដឹកនាំដោយឧត្តមសេនីយ៍ សៅ សុខា ដើម្បីបញ្ឈប់ការជួញដូរឈើខុសច្បាប់នេះ។ បម្រាមនោះជាក់ស្តែង មិនសូវមានប្រសិទ្ធភាព នេះបើតាមការលើកឡើងក្នុងរបាយការណ៍ជាច្រើនដែលបានចេញផ្សាយដោយអង្គការមិនមែនរដ្ឋាភិបាលនានាដែលបង្ហាញថា ឈើដែលគិតជាទឹកប្រាក់តម្លៃរាប់លានដុល្លារនៅតែឆ្លងកាត់ព្រំដែនរៀងរាល់ខែដដែល។

លោក ប៉ែន ប៊ុណ្ណារ៍ អ្នកសើុបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិដីធ្លីនិងធនធានធម្មជាតិនៅសមាគមសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា អ្នកជាប់ឃុំទាំង៦នាក់ជាជនជាតិវៀតណាមនោះបានប្រាប់អាជ្ញាធរថា ពួកគេបានបង់ប្រាក់សំណូក១៧០.០០០ដុល្លារក្នុងមួយខែៗ រួមទាំងប្រាក់មួយចំនួនទៀតទៅលោក ឡុង ហុកម៉េង ឧត្តមសេនីយ៍ត្រី តូច យ៉ុន និងឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់អះអាងកាលពីម្សិលមិញថា សំណុំរឿងនេះត្រូវបានផ្ទេរមកកាន់រាជធានីហើយ ប៉ុន្តែ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។

ចៅក្រមសើុបសួរដែលត្រូវបានចាត់តាំងឲ្យទទួលបន្ទុកសំណុំរឿងនេះក្នុងរាជធានីភ្នំពេញ គឺលោក យ៉ា ណារិន បានមានប្រសាសន៍ថា សុំណុំរឿងនេះត្រូវបានបញ្ជូនមកកាលពីថ្ងៃសុក្រតាមការបង្គាប់របស់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប៉ុន្តែ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីចំនួនឬអត្តសញ្ញាណជនសង្ស័យទាំងនោះឡើយ។

មុនពេលចុចបិទទូរស័ព្ទលោកបានថ្លែងថា “ខ្ញុំមិនអាចប្រាប់បានទេ ដោយសារករណីនេះស្ថិតក្នុងដំណើរការនៃការសើុបអង្កេត”។

លោក ប៉ែន ប៊ុណ្ណារ៍ បានស្វាគមន៍ការផ្ទេរសំណុំរឿងនេះមកកាន់រាជធានីភ្នំពេញដោយកត់សម្គាល់ថា សាលាដំបូងខេត្តមិនបានដំណើរការរឿងក្តីនេះទៅមុខ។

លោកបានថ្លែងថា “យើងសង្កេតឃើញថា បើរដ្ឋាភិបាលទុកឲ្យសាលាដំបូងខេត្តចាត់ការរឿងហ្នឹង ដំណើរការរឿងក្តីនេះមិនអាចទៅមុខបានទេ”។

លោកបានបន្ថែមថា “ខ្ញុំគិតថា នេះគឺជាការសម្រេចចិត្តដ៏ល្អមួយដែលក្រសួងយុត្តិធម៌ផ្ទេរសំណុំរឿងនេះមកសាលាដំបូងរាជធានីភ្នំពេញ ហើយយើងសង្ឃឹមថា តុលាការនឹងអាចរកយុត្តិធម៌ជូនសង្គមជាតិបាន”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស