32.9 C
Phnom Penh

កាលបរិច្ឆេទ​​ប្រកាស​សាលក្រម​​​​​មិន​ទាន់ច្បាស់នៅ​ឡើយ​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​​ឧកញ៉ា​មួយរូប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាង២ខែបន្ទាប់ពីសាលក្រមដល់ពេលត្រូវប្រកាសនៅក្នុងសវនាការជំនុំជម្រះទោសអតីតឧត្ដមសេនីយ៍យោធាមួយរូប និងអង្គរក្សរបស់គាត់ដែលជាប់ចោទថាពាក់ព័ន្ធក្នុងអំពើឃាតកម្មកាលពីឆ្នាំ២០១៤លើឧកញ៉ាមួយរូបនៅរាជធានីភ្នំពេញ មេធាវី និងអ្នកនាំពាក្យតុលាការបានបញ្ជាក់កាលពីម្សិលមិញថា ពេលនេះកាលបរិច្ឆេទប្រកាសសាលក្រមមិនទាន់កំណត់នៅឡើយទេ។

លោក ថោង សារ៉ាត់ ឧកញ៉ាខាងអចលនទ្រព្យជាប់ចោទថាជាអ្នកបញ្ជាឱ្យឃាតករសម្លាប់ឧកញ៉ា អុឹង ម៉េងជឺ អាយុ៥៣ឆ្នាំ ខណៈពេលជនរងគ្រោះចេញពីរថយន្តលុចស៊ីសរបស់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅខាងក្រៅហាងលក់ផ្លែឈើមួយកន្លែង។

សវនាការជំនុំជម្រះទោសលោក ថោង សារ៉ាត់ និងអង្គរក្សបួននាក់របស់គាត់បានបញ្ចប់កាលពីខែមេសា ហើយសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសថា ថ្ងៃទី៥ ខែឧសភា គឺជាកាលបរិច្ឆេទដែលត្រូវប្រកាសសាលក្រម។

ទោះជាយ៉ាងណា តុលាការនេះនៅស្ងាត់ស្ងៀមចាប់តាំងពីពេលនោះមក ខណៈលោក ទួត លុច មេធាវីការពារឧកញ៉ារូបនេះបានលើកឡើងកាលពីម្សិលមិញថា កាលបរិច្ឆេទប្រកាសសាលក្រមមិនទាន់កំណត់ដោយសារតែសំណុំរឿងនេះ “ស្មុគស្មាញ”។

លោកមានប្រសាសន៍ថា “មូលហេតុគឺថា សំណុំរឿងនេះមានភាពស្មុគស្មាញ ហើយត្រូវការពេលដើម្បីពិនិត្យមើលឱ្យហ្មត់ចត់។ យើងពេញចិត្តចំពោះការទុកពេលសម្រាប់ពិចារណាឱ្យបានហ្មត់ចត់”។

លោក សួស វិធារ៉ាន់ឌី អ្នកនាំពាក្យតុលាការបានថ្លែងកាលពីម្សិលថា លោកមិនដឹងថាសាលក្រមនេះនឹងចេញនៅពេលណាទេ ហើយលោកក៏មិនដឹងពីមូលហេតុនៃការពន្យារពេលនេះដែរ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស