29.3 C
Phnom Penh

ស្ត្រីម្នាក់ត្រូវ​​​ចាប់ខ្លួន​​​ពីបទ​​​ភ្ជាប់​​​នាយក​​​រដ្ឋមន្ត្រី​​​ទៅ​នឹង​​ឃាត​កម្ម​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលប្រឆាំងភេរវកម្មបានចាប់ខ្លួនស្ត្រីម្នាក់កាលពីម្សិលមិញចំពោះការភ្ជាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកទៅនឹងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយនៅក្នុងវីដេអូបន្តផ្ទាល់ក្នុងហ្វេសប៊ុក អំឡុងពិធីបុណ្យខួបអ្នករិះគន់រដ្ឋាភិបាលរូបនេះកាលពីថ្ងៃអាទិត្យ។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិមានប្រសាសន៍ថា ហេង លក្ខិណា ត្រូវបានសាកសួរ ហើយនឹងត្រូវឃុំខ្លួននៅនាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃមួយយប់។ ស្ត្រីរូបនេះត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការម្ដងទៀតនៅព្រឹកនេះ។

លោកថ្លែងថា “គាត់ចោទប្រកាន់ប្រមុខរាជរដ្ឋាភិបាលថានៅពីក្រោយអំពើឃាតកម្មមួយ”។ លោកបានបន្តថា “អានេះមិនមែនធម្មតាទេ”។

ហេង លក្ខិណា ដែលត្រូវបានចាប់ខ្លួនពីបទភ្ជាប់លោកនាយករដ្ឋមន្ត្រីទៅនឹងការធ្វើឃាតលោក កែម ឡី តាមទំព័រហ្វេសប៊ុក ត្រូវនគរបាលនាំខ្លួនទៅក្រសួងមហាផ្ទៃ កាលពីរសៀលម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ហេង លក្ខិណា ដែលត្រូវបានចាប់ខ្លួនពីបទភ្ជាប់លោកនាយករដ្ឋមន្ត្រីទៅនឹងការធ្វើឃាតលោក កែម ឡី តាមទំព័រហ្វេសប៊ុក ត្រូវនគរបាលនាំខ្លួនទៅក្រសួងមហាផ្ទៃ កាលពីរសៀលម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក អុី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មមិនអាចទាក់ទងបានទេ។ ប៉ុន្តែលោកបានប្រាប់គេហទំព័រព័ត៌មាន Fresh News ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលថា ហេង លក្ខិណា ត្រូវបានចាប់ខ្លួនខណៈពេលព្យាយាមឡើងជិះរថយន្តក្រុងនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ស្ត្រីរូបនេះបានធ្វើដំណើរទៅស្រុកកំណើតនៅក្នុងខេត្តបន្ទាយមានជ័យ។

វីដេអូឃ្លីបនោះត្រូវបានដកចេញពីទំព័រហ្វេសប៊ុករបស់ ហេង លក្ខិណា វិញតាំងពីពេលនោះ ប៉ុន្តែត្រូវបានរក្សាទុក (Save) ដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតដែលនៅតែមានក្នុងប្រព័ន្ធអុីនធឺណិតដដែល។

ហេង លក្ខិណា បាននិយាយនៅក្នុងវីដេអូឃ្លីបនោះកាលពីថ្ងៃអាទិត្យពីស្រុកកំណើតរបស់លោក កែម ឡី ស្ថិតក្នុងខេត្តតាកែវ កន្លែងដែលធ្វើពិធីបុណ្យខួបគម្រប់១ឆ្នាំចាប់តាំងពីអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពរូបនេះត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃនៅស្ថានីយប្រេងឥន្ធនៈមួយក្នុងរាជធានីភ្នំពេញថា “ម៉ាកូនចៅវាហ្នឹង អាណាក៏ឃាតករដែរមែនហ្ន៎…។ ម៉ាពូជវាហ្នឹង អាណាក៏ប្រឡាក់ឈាមលោកបណ្ឌិត កែម ឡី ដែរ”។

ស្ត្រីរូបនេះបាននិយាយថា លោកបណ្ឌិត កែម ឡី “គាត់ស្លាប់ទៅ គាត់មានមោទនភាព មានខ្មែរមួយប្រទេសគាំទ្រគាត់ ហើយមកធ្វើបុណ្យឱ្យគាត់ទៀតអត់អស់ទេ”។ ស្ត្រីរូបនេះបានបន្តថា “បើ ហ៊ុន សែន ងាប់ទៅ មានតែគេអូសទៅដាក់ចូលក្នុងរន្ធកណ្ដុរ”។

មិត្តភក្ដិម្នាក់របស់ ហេង លក្ខិណា ដែលបានសុំមិនប្រាប់ឈ្មោះ ដោយបារម្ភពីការរករឿងបាននិយាយថា ហេង លក្ខិណា អាយុ២៥ឆ្នាំ ជាអ្នកដេរខោអាវដែលជារឿយៗរិះគន់រដ្ឋាភិបាលតាមហ្វេសប៊ុក។

ស្ត្រីជាមិត្តភក្តិនេះបាននិយាយថា “អាមួយហ្នឹង ខ្ញុំអប់រំវាយូរហើយ វាអត់ស្ដាប់ វារិះគន់ដើម្បីកែលម្អ”។

ហេង លក្ខិណា ដែលត្រូវបានចាប់ខ្លួនពីបទភ្ជាប់លោកនាយករដ្ឋមន្ត្រីទៅនឹងការធ្វើឃាតលោក កែម ឡី តាមទំព័រហ្វេសប៊ុក ត្រូវនគរបាលនាំខ្លួនទៅក្រសួងមហាផ្ទៃ កាលពីរសៀលម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ហេង លក្ខិណា ដែលត្រូវបានចាប់ខ្លួនពីបទភ្ជាប់លោកនាយករដ្ឋមន្ត្រីទៅនឹងការធ្វើឃាតលោក កែម ឡី តាមទំព័រហ្វេសប៊ុក ត្រូវនគរបាលនាំខ្លួនទៅក្រសួងមហាផ្ទៃ កាលពីរសៀលម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ជុំ ហួរ សកម្មជនម្នាក់ដែលជិតស្និទ្ធនឹងលោក កែម ឡី បាននិយាយថា គាត់បានឃើញ ហេង លក្ខិណា ថតវីដេអូនេះ។ ការចាប់ខ្លួននេះគឺជាការប្រតិកម្មជ្រុល ហើយមានបំណងបញ្ជូនសារ។

គាត់បាននិយាយថា “អាហ្នឹងគឺជាការគំរាមកំហែង បំភិតបំភ័យ និងបំបិទមាត់ដើម្បីកុំឱ្យអ្នកដទៃហ៊ានបញ្ចេញមតិទៀត”។

កាលពីឆ្នាំមុន លោក ហ៊ុន សែន បានចាត់វិធានការតាមផ្លូវច្បាប់លើអ្នករិះគន់មួយចំនួនដែលលោកជឿថាបានចោទប្រកាន់រូបលោក និងគណបក្សរបស់លោកជាសាធារណៈថានៅពីក្រោយការសម្លាប់លោក កែម ឡី។ អតីតទាហានម្នាក់ឈ្មោះ អឿត អាង ត្រូវបានកាត់ឱ្យជាប់ទោសនៅក្នុងករណីធ្វើឃាតនេះកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

លោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងញុះញង់កាលពីខែកុម្ភៈ ចំពោះការភ្ជាប់គណបក្សកាន់អំណាចទៅនឹងការធ្វើឃាតនេះនៅក្នុងបទសម្ភាសន៍តាមវិទ្យុ។ មេធាវីរបស់លោកបានលើកឡើងកាលពីម្សិលមិញថា សវនាការរបស់កូនក្ដីលោក នឹងចាប់ផ្ដើមនៅថ្ងៃទី២៦ ខែកក្កដា។

ពាក្យបណ្ដឹងស្រដៀងគ្នាក៏បានធ្វើផងដែរទៅលើលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ដែលត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែកាលពីខែវិច្ឆិកា និងទៅលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ខែកាលពីខែមីនា។ ពួកគាត់ទាំងពីររស់នៅក្នុងភាពនិរទេសខ្លួនក្នុងតំបន់អឺរ៉ុប។

លោក សុក សំអឿន អ្នកជំនាញផ្នែកច្បាប់បានមានប្រសាសន៍ថា អាជ្ញាធរបានចាត់វិធានការភ្លាមៗលើ ហេង លក្ខិណា ដោយសារតែហ្វេសប៊ុកមានអ្នកចូលមើលច្រើន។

លោកបានថ្លែងថា “មនុស្សតិចតួចណាស់អានកាសែត តិចតួចណាស់មើលទូរទស្សន៍ ដែលមិនមានព័ត៌មានអ្វីសោះ ក្រៅតែពីចាក់ចម្រៀងកាយវិការនោះ”៕ សារុន (រាយការណ៍បន្ថែមដោយ Hannah Hawkins)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស