33 C
Phnom Penh

ការ​ធ្វើ​ពហិការ​ទទួល​បាន​ផ្លែផ្កា​តិចតួច​សម្រាប់​គណបក្ស​​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈច្បាប់ថ្មីដ៏ចម្រូងចម្រាសត្រូវបានអនុម័តនៅរដ្ឋសភាកាលពីថ្ងៃច័ន្ទ ហាមឃាត់គណបក្សសង្គ្រោះជាតិមិនឱ្យសហការជាមួយលោក សម រង្ស៊ី អតីតមេដឹកនាំរបស់ខ្លួន រូបថតមួយចំនួនដែលបង្ហាញពីសកម្មភាពតំណាងរាស្ត្រជាន់ខ្ពស់នៃគណបក្សប្រឆាំងទទួលទានអាហារនៅឯសណ្ឋាគារមាត់ស្ទឹងក្នុងខេត្តកំពត ត្រូវបានបង្ហោះតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក ។

នេះគ្រាន់តែជាករណីចុងក្រោយប៉ុណ្ណោះដែលគណបក្សសង្គ្រោះជាតិបដិសេធមិនបោះឆ្នោតអនុម័តច្បាប់ដែលខ្លួនរិះគន់ថាបានរំលោភធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ។

កាលពីខែកុម្ភៈ តំណាងរាស្ត្រគណបក្សប្រឆាំងបានធ្វើពហិការការបោះឆ្នោតលើកដំបូងលើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលមជ្ឈដ្ឋានទូទៅរិះគន់ថាជារឿងនយោបាយ នៅពេលគណបក្សកាន់អំណាចបានអនុម័តវិសោធនកម្មនានាដែលបានផ្ដល់អំណាចថ្មីដល់រដ្ឋាភិបាល និងតុលាការឱ្យមានសិទ្ធិផ្អាក និងរម្លាយចោលគណបក្សណាដែលជាប់ពាក់ព័ន្ធបទល្មើសដែលមិនបញ្ជាក់ច្បាស់លាស់។

នោះកើតមានឡើងបន្ទាប់ពីក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរដ្ឋសភារយៈពេល៥ខែកាលពីឆ្នាំមុន ដើម្បីប្រឆាំងនឹងសំណុំរឿងតុលាការមួយលើលោក កឹម សុខា ដែលពេលនោះជាអនុប្រធានគណបក្សសង្គ្រោះជាតិ និងការដែលរដ្ឋាភិបាលមិនគោរពអភ័យឯកសិទ្ធិស្របច្បាប់របស់តំណាងរាស្ត្រខ្លួន។

CAMBODIA-POLITICS/គណបក្សប្រឆាំងបានអះអាងថា ការចូលរួមការបោះឆ្នោតដែលចាត់ទុកថាមិនស្របតាមរដ្ឋធម្មនុញ្ញ នឹងផ្តល់ភាពស្របច្បាប់ដល់គណបក្សកាន់អំណាចដែលអាចជំរុញច្បាប់ឱ្យចេញរួចដោយសារខ្លួនមានសំឡេងភាគច្រើន។

ប៉ុន្តែអ្នកផ្សេងបានជំរុញឱ្យតំណាងរាស្ត្រទាំងនេះបង្ហាញការតវ៉ារបស់ខ្លួននៅរដ្ឋសភា ហើយបោះឆ្នោតប្រឆាំងច្បាប់បែបនេះ។

លោក អ៊ូ វីរៈ នាយកវេទិកាសាធារណៈបានមានប្រសាសន៍ថា “រាល់លើកដែលគណបក្សប្រជាជនស្នើអ្វីមួយដែលពួកគាត់មិនយល់ស្រប ពួកគាត់បានត្រឹមតែនិយាយថា ពួកគាត់នឹងធ្វើពហិការ”។

នៅក្នុងការជ្រើសរើសច្បាប់ដែលត្រូវបោះឆ្នោតអនុម័ត លោក អ៊ូ វីរៈ លើកឡើងថា គណបក្សសង្គ្រោះជាតិចាំបាច់ត្រូវច្បាស់លាស់ខ្លួនឯងថា តើខ្លួនពិតជាមិនទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋសភាឬយ៉ាងណា។

លោកថ្លែងថា “ពិតណាស់ វាជាបញ្ហាបែកស្មារតី។ បើទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋសភា គួរតែនៅក្នុងសភា ហើយធ្វើឱ្យការបោះឆ្នោត និងសំឡេងរបស់ខ្លួនមានប្រយោជន៍ ឬបើមិនទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលទេ អញ្ចឹងធ្វើពហិការតែម្តងទៅ”។

លោកមានប្រសាសន៍ទៀតថា “សំណួរសួរថា តើគណបក្សសង្គ្រោះជាតិមានជំហរអ្វី? តើពួកគាត់ទទួលស្គាល់ភាពស្របច្បាប់ឬក៏អត់? ចម្លើយគឺថា ខ្ញុំយល់ថាពួកគាត់មិនទទួលស្គាល់ទេ។ បើពួកគាត់ទទួលស្គាល់ភាពច្បាប់របស់គណបក្សប្រជាជនកម្ពុជា អញ្ចឹងត្រូវតែទទួលស្គាល់ថា គណបក្សប្រជាជនមានសំឡេងភាគច្រើននៅក្នុងសភា ហើយមានសិទ្ធិជំរុញគោលនយោបាយដែលពួកគេជ្រើសរើស”។

លោក លី ម័រហ្គែនបេស័រ (Lee Morgen-besser) អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហ្គ្រីហ្វីស (Griffith University) មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “Behind the facade: Elections Under Authoritarianism in Southeast Asia” (នៅពីក្រោយរនាំងបាំង៖ ការបោះឆ្នោតក្រោមអំណាចផ្ដាច់ការនៅអាស៊ីអាគ្នេយ៍) បានមានប្រសាសន៍ថា យុទ្ធសាស្ត្របច្ចុប្បន្នរបស់គណបក្សសង្គ្រោះជាតិក្នុងការគេចវេះអ្វីដែលខ្លួនចាត់ទុកថាជាច្បាប់មិនស្របច្បាប់នោះ គឺទទួលបានផ្លែផ្កាតិចតួចណាស់។

លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ការសម្រេចធ្វើពហិការធ្វើឱ្យ [គណបក្សសង្គ្រោះជាតិ] ឈប់ទទួលបានអត្ថប្រយោជន៍ពីច្បាប់នេះ។ ការធ្វើដូច្នេះដដែលៗធ្វើឱ្យគណបក្សសង្គ្រោះជាតិទទួលបានប្រជាប្រិយភាពរយៈពេលខ្លី ប៉ុន្តែពួកគាត់នៅតែបន្តមិនអាចបញ្ចេញឥទ្ធិពលនៃប្រជាប្រិយភាពនេះទៅលើអ្វីដែលអាចមើលឃើញរយៈពេលវែង”។

លោកមានប្រសាសន៍ទៀតថា “លទ្ធផលនេះជាសញ្ញាបង្ហាញថា គណបក្សប្រឆាំងមិនបានអភិវឌ្ឍយុទ្ធសាស្ត្រដែលទៅហួសឱ្យហួសពីការចូលរួមនៅក្នុងស្ថាប័នអត្តាធិបតេយ្យនោះទេ”។

ទោះជាយ៉ាងណា លោកគូសបញ្ជាក់ថា ការបង្ហាញខ្លួននៅរដ្ឋសភាដើម្បីរិះគន់ និងបោះឆ្នោតប្រឆាំងច្បាប់ បានត្រឹមតែផ្តល់ភាពស្របច្បាប់ទៅវិញទេ។

លោកបានមានប្រសាសន៍ថា “ការចូលរួមបែបនេះ ដែលទោះបីខ្លួនមិនមានបំណងបោះឆ្នោតក្ដី ផ្ដល់ភាពគួរជឿទុកចិត្តដល់ដំណើរការនីតិវិធី។ គណបក្សកាន់អំណាចនឹងអះអាងថា ការចូលរួមរបស់ពួកគាត់ [បក្សប្រឆាំង] ជាភ័ស្តុតាងបង្ហាញថា កម្ពុជាមិនត្រឹមតែមានប្រព័ន្ធគណបក្ស ‘រឹងមាំ’ ប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រជាធិបតេយ្យ ‘រស់រវើក’ ផងដែរ”។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា គណបក្សប្រឆាំងមិនបានគេចវេះពីការបោះឆ្នោតលើបញ្ហានានាដែលខ្លួនមិនយល់ស្របនោះទេ។ លោកគូសបញ្ជាក់ថា ពហិការសមនឹងធ្វើសម្រាប់តែច្បាប់ដែលខ្លួនយល់ថាបានរំលោភលើរដ្ឋធម្មនុញ្ញរបស់ប្រទេសប៉ុណ្ណោះ។

លោក សុន ឆ័យ បានមានប្រសាសន៍ថា “ជាធម្មតា ពេលសភាមានការពិភាក្សាដេញដោលលើច្បាប់ដែលបម្រើប្រយោជន៍ប្រទេសជាតិ ទោះបីជាយើងមានការព្រួយបារម្ភខ្លះៗលើចំណុចខ្លះនៃច្បាប់ក៏ដោយក៏យើងនៅតែចូលរួមពិភាក្សាដេញដោលដែរ ហើយយើងនឹងលើកឡើងអំពីកង្វល់របស់យើងក្នុងសម័យប្រជុំសភានោះ “។

លោកបានបន្ថែមថា “ប៉ុន្តែ ករណីធ្ងន់ធ្ងរមួយចំនួន…ការចូលរួម គឺអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជារំលោភរដ្ឋធម្មនុញ្ញ ហេតុដូច្នេះពួកគេអាចរំលោភបំពានលើសមាជិកសភាមួយចំនួនរបស់យើងបាន”។

លោក សុន ឆ័យ បានលើកឡើងថា មានមធ្យោបាយផ្សេងជាច្រើនសម្រាប់គណបក្សសង្គ្រោះជាតិក្នុងការសំដែងការជំទាស់ចំពោះសកម្មភាពរបស់គណបក្សប្រឆាំង។

លោកបានថ្លែងថា “យើងអាចលើកឡើងពីកង្វល់នោះនៅក្រៅសភាបាន។ គ្មានបញ្ហាទេ”។ លោកបានថ្លែងទៀតថា “ហេតុអីយើងចាំបាច់ត្រូវអង្គុយនៅទីនោះឱ្យគ្រប់ចំនួនដើម្បីបំផ្លាញយើង។វាគ្មានន័យអ្វីទេក្នុងការធ្វើដូច្នេះ”។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គណបក្សរបស់លោកមិនចោទសួរពីភាពស្របច្បាប់របស់សភាទេ ប៉ុន្តែមានសិទ្ធិមិនចូលរួមការបោះឆ្នោត ក្នុងករណីលើកលេងមួយចំនួន ដូចជាច្បាប់ស្តីពីគណបក្សនយោបាយជាដើម។

លោកមានប្រសាសន៍ថា “ច្បាប់ខ្លះយើងមិនគ្រាំទ្រទេ ប៉ុន្តែយើងបន្តចូលរួមសម័យប្រជុំពិភាក្សាដេញដោលក្នុងសភា ប៉ុន្តែ ច្បាប់ខ្លះយើងធ្វើពហិការទាំងស្រុង”។លោកបានមានប្រសាសន៍បន្តថា “វាអាក្រក់ពេកដែលយើងមិនអាចបន្តចំណាយពេលពិភាក្សា ពីព្រោះការពិភាក្សា វាគ្មានប្រយោជន៍ អ្វីទេ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា គណបក្សប្រឆាំងគួរតែ   ចូលរួមក្នុងសភាមិនថា ខ្លួនជំទាស់កម្រិតណាចំពោះច្បាប់ដែលត្រូវបានលើកយកមកពិភាក្សានោះទេ។

លោកបានមានប្រសាសន៍ថា “នោះជាវប្បធម៌របស់ពួកគេ។ ពួកគេគ្មានធ្វើអ្វីទេ”។លោកបានបន្តថា “កាតព្វកិច្ចរបស់ពួកគេក្នុងសភា គឺត្រូវសំដែងកង្វល់ សំដែងការគាំទ្រឬអត់។ ការធ្វើពហិការគ្មានន័យអ្វីទេ”។

លោកបានបន្តទៀតថា គណបក្សប្រឆាំងមាន “កាតព្វកិច្ច” ត្រូវចូលសភាដើម្បីពិភាក្សាដេញដោលច្បាប់ដែលរង់ចាំការសម្រេច។

លោកបានថ្លែងថា “សាធារណជនចង់ដឹងចង់ឮការពិភាក្សាដេញដោលនោះ ប៉ុន្តែ ពួកគេអត់ចូលរួមទេ។ ពួកគេមិនចូលរួមការពិភាក្សាដេញដោលទេ តែបែរជាធ្វើការចោទប្រកាន់ទៅវិញ”។

លោក អ៊ូ វីរៈ ក៏បានលើកឡើងផងដែរ លោកចង់ឃើញគណបក្សសង្គ្រោះជាតិប្រើប្រាស់សភាដើម្បីជំរុញឲ្យមានជម្រើសផ្សេងសម្រាប់អ្នកបោះឆ្នោត។

លោកបានមានប្រសាសន៍ថា “នោះហើយគឺជាការប្រកួតប្រជែងដែលខ្ញុំចង់ឃើញ” លោកបានបន្ថែមថា “ប៉ុន្តែការរឿងបែបហ្នឹងមិនកើតមានទេនៅកម្ពុជា”៕ សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ អ៊ូច សូនី)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស