30 C
Phnom Penh

អាជ្ញាធរ​​ថា​ អ្នក​​​​​​តាំង​​​លំនៅ​​​ខុស​​​ច្បាប់​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​​​​តំបន់​​​ឧទ្យាន​​​​​​បុរាណ​​​អង្គរ​​​​​​​​​​​​ដើម្បី​​ចៀស​​​​វាង​​​អំពើ​​​ហិង្សា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងតំបន់ឧទ្យានបុរាណអង្គរ បានទទួលស្គាល់កាលពីម្សិលមិញថា ប្រជាពលរដ្ឋរាប់រយគ្រួសារដែលឥឡូវកំពុងតស៊ូជំទាស់នឹងការបណ្តេញចេញត្រូវបានអនុញ្ញាតឱ្យចូលមកតាំងលំនៅក្នុងតំបន់នេះដោយខុសច្បាប់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា ប៉ុន្តែលោកបាននិយាយការពារការសម្រេចនេះ។

អាជ្ញាធរអប្សរាបានលើកឡើងថា អ្នកភូមិជាង៥០០គ្រួសារ បានសាងសង់ផ្ទះ និងតូបលក់ដូរនៅក្នុងតំបន់ឧទ្យានបុរាណអង្គរជាកន្លែងដែលការសាងសង់ត្រូវបានរឹតបន្តឹងដើម្បីការពារប្រាសាទក្នុងតំបន់នេះ ដោយគ្មានការអនុញ្ញាតនៅប៉ុន្មានសប្តាហ៍មុនការបោះឆ្នោត ហើយថាអាជ្ញាធរបានប្រាប់ពួកគាត់ឱ្យរុះរើសំណង់ទាំងនោះរួចចាកចេញតាំងពីពេលនោះមកម្លេ៉ះ។

A still image taken from video shows a roadblock set up by villagers in Siem Reap province in June to protest the removal of a home by authorities. (Social Breaking News)

អាជ្ញាធរបាន និងកំពុងអះអាងថា អ្នកមកតាំងលំនៅខុសច្បាប់ត្រូវបានប្រាប់ឱ្យឈប់សាងសង់មុនការបោះឆ្នោត ប៉ុន្តែ ពួកគាត់បន្តតាំងលំនៅពីក្រោយខ្នងអាជ្ញាធរ។ អ្នកមកតាំងលំនៅខុសច្បាប់បានលើកឡើងថា អាជ្ញាធរដឹងយ៉ាងច្បាស់ពីអ្វីដែលពួកគាត់ធ្វើ ប៉ុន្តែអត់បានចាត់វិធានការអ្វីនោះទេ ដោយទំនងជាដើម្បីទាក់ទាញសន្លឹកឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។

អំឡុងសន្និសីទសារព័ត៌មានក្នុងខេត្តសៀមរាបកាលពីម្សិលមិញ លោក ស៊ុំ ម៉ាប់ ប្រធានអាជ្ញាធរអប្សរាបានទទួលស្គាល់ថា មន្ត្រីមូលដ្ឋានពិតជាមិនបានខិតខំបញ្ឈប់ គ្រួសារទាំងនោះមែនដោយអះអាងថា ពួកគេមិនចង់ធ្វើឱ្យកើតមានភាពចលាចលមុនការបោះឆ្នោត។

លោកបានមានប្រសាសន៍ថា “យើងមិនហ៊ានបញ្ឈប់ប្រជាពលរដ្ឋមិនឱ្យសាងសង់ផ្ទះក្នុងតំបន់ឧទ្យានបុរាណអង្គរ ព្រោះអាជ្ញាធរអប្សរាព្រួយបារម្ភខ្លាចកើតមានអំពើហិង្សាប្រសិនបើយើងប្រឈមមុខជាមួយប្រជាពលរដ្ឋ ហើយយើងមិនអើពើព្រោះយើងចង់ឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មានដំណើរការដោយរលូន”។

លោកបានបន្ថែមថា “យើងប្រាប់ប្រជាពលរដ្ឋទាំងនោះកុំឱ្យសាងសង់ផ្ទះនៅក្នុងតំបន់ឧទ្យានបុរាណអង្គរ ព្រោះពួកគាត់មិនត្រូវបានអនុញ្ញាតឱ្យធ្វើនៅក្នុងតំបន់ហាមឃាត់នោះទេ ប៉ុន្តែ ប្រជាពលរដ្ឋទាំងនោះមិនបានស្តាប់អាជ្ញាធរយើងទេ”។

លោក ស៊ុំ ម៉ាប់ បានលើកឡើងទៀតថា ស្ថាប័នបេតិកភណ្ឌពិភពលោកដែលឃ្លាំមើលតំបន់ឧទ្យានបុរាណអង្គរនេះ និងតំបន់បេតិកភណ្ឌពិភពលោកផ្សេងៗទៀតនៅទូទាំងពិភពលោកបានសរសេរលិខិតផ្ញើជូនអាជ្ញាធរអប្សរា សួរនាំថា តើហេតុអ្វីបានជាគ្រួសារទាំងនេះត្រូវបានអនុញ្ញាតឱ្យសាងសង់ផ្ទះសំបែង។ លោកបានលើកឡើងថាអាជ្ញាធរបានពន្យល់ស្ថានភាពនេះហើយ ហើយថា អាជ្ញាធរកំពុងតែធ្វើការដើម្បី បណ្តេញពួកគាត់ឱ្យចេញទៅវិញ។

លោកអភិបាលរងខេត្ត លី សំរិទ្ធិ បានលើកឡើងថា ឥឡូវគ្រួសារទាំងនេះមានពេលរហូតដល់សប្តាហ៍ក្រោយដើម្បីរុះរើផ្ទះសំបែងនិងតូបលក់ដូររបស់ខ្លួនរួចចាកចេញពីទីនោះ បើពុំដូច្នោះទេអាជ្ញាធរនឹងចុះទៅរុះរើដោយផ្ទាល់។ លោកមិនបានប្រាប់ពីពេលកំណត់ជាក់លាក់ឡើយ។

ទោះជាយ៉ាងណា ពេលទាក់ទងបន្ទាប់ពីសន្និសីទសារព័ត៌មាន លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានលើកឡើងថា ពេលវេលាបានកំណត់រួចហើយ ប៉ុន្តែ មន្ត្រីមិនចង់បង្ហាញនោះទេ ព្រោះកុំឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលពេលអាជ្ញាធរចុះរុះរើ។

លោកបានថ្លែងថា “យើងនឹងចាប់ផ្តើមរុះរើសំណង់ខុសច្បាប់ទាំងនោះនៅថ្ងៃច័ន្ទ ប៉ុន្តែ នេះគឺជាព័ត៌មានក្រៅផ្លូវការ”។

ការសម្រេចរបស់រដ្ឋាភិបាលមិនហាមឃាត់អ្នកមកតាំងលំនៅខុសច្បាប់កុំឱ្យចូលមកក្នុងតំបន់ឧទ្យានបុរាណអង្គរប្រហែលគ្រាន់តែអាចពន្យារការប្រឈមមុខដែលខ្លួនចង់ចៀសវាងប៉ុណ្ណោះ។

លោក សិុន វុទ្ធី ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកមកតាំងលំនៅខុសច្បាប់បានលើកឡើងថា អាជ្ញាធរក៏មានកំហុសដែរពាក់ព័ន្ធបញ្ហានេះ ហើយគាត់នឹងតវ៉ាជំទាស់រាល់ការប៉ុនប៉ងណាមួយដើម្បីបណ្តេញគាត់ចេញ។

គាត់បាននិយាយថា “ខ្ញុំនឹងសំណូមពរអាជ្ញាធរកុំឱ្យរុះរើផ្ទះរបស់ខ្ញុំ ព្រោះខ្ញុំបានយកប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុ ចំនួន១៣.០០០ដុល្លារដើម្បីសាងសង់ផ្ទះហ្នឹង”។ គាត់បានបន្តថា “ប្រសិនបើអាជ្ញាធរមិនទទួលយកសំណូមពររបស់ខ្ញុំទេ យើងនឹងធ្វើការតវ៉ាជំទាស់នឹងការរុះរើនោះ ព្រោះវាមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋទាំងស្រុងនោះទេ វាក៏ជាកំហុសរបស់អាជ្ញាធរផងដែរ”៕ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស