27 C
Phnom Penh

ស្ថានទូត​​​ខ្មែរ​​នៅ​ម៉ាឡេស៊ី​​ផ្ដល់​​ជម្រក​ដល់​​ពលករ​ខ្មែរ​​អំឡុង​​ការ​បង្ក្រាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលករខ្មែរយ៉ាងច្រើនបានសម្រុកទៅស្ថានទូតខ្មែរ នៅទីក្រុងកូឡាឡាំពួ ដើម្បីសុំជំនួយ ធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានលិខិតស្នាមការងារ រួមជាមួយចំណីអាហារ និងការជ្រកកោនផង ស្របពេលកំពុងមានការបង្ក្រាបលើពលករដែលមិនចុះបញ្ជីនៅក្នុងប្រទេសនេះ នេះបើយោងតាមមន្ត្រីស្ថានទូតមួយរូបលើកឡើងកាលពីម្សិលមិញ។

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី ដែលបានដកស្រង់ប្រសាសន៍របស់លោក មូស្តាហ្វា អាលី (Mustafar Ali) អគ្គនាយកអន្តោប្រវេសន៍នៃប្រទេសនេះបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែកក្កដាមក អាជ្ញាធរនៅប្រទេសម៉ាឡេស៊ី បានចាប់ឃុំខ្លួនជនបរទេសជាង៣.០០០នាក់ដែលធ្វើការនៅប្រទេសនេះដោយខុសច្បាប់  ខណៈពេលកំពុងមានការចុះបង្ក្រាបនៅកន្លែងធ្វើការនានាទូទាំងប្រទេសនេះ។ សេចក្ដីរាយការណ៍បញ្ជាក់ថា ពលករដែលត្រូវបានចាប់ខ្លួនទាំងនោះមកពីប្រទេសបង់ក្លាដែស ប្រទេសឥណ្ឌូណេស៊ី ប្រទេសភូមា ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសហ្វីលីពីន រួមជាមួយ៦៤៣នាក់ “ទៀត” គិតមកទល់ថ្ងៃអង្គារ។

រហូតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ទេថា តើពលរដ្ឋខ្មែរប៉ុន្មាននាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបនេះ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមានប្រសាសន៍ថា ស្ថានទូតខ្មែរនៅទីក្រុងកូឡាឡាំពួ ទទួលបានការណែនាំឱ្យសិក្សាថា តើពលរដ្ឋខ្មែរប៉ុន្មាននាក់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន។ ប៉ុន្តែលោកថ្លែងថាក្រសួងមិនទាន់ទទួលបានដំណឹងត្រឡប់មកវិញទេ។

អ្នកនាំពាក្យរូបនេះបានបដិសេធមិនឆ្លើយទេ នៅពេលសួរថាតើក្រសួងខកចិត្តទេចំពោះរដ្ឋាភិបាលម៉ាឡេស៊ី  ដែលមិនផ្ដល់តួលេខពលរដ្ឋខ្មែរត្រូវបានឃាត់ខ្លួនរហូតមកទល់ពេលនេះ ប៉ុន្តែបែរជាបញ្ជាក់ថា ប្រទេសទាំងពីរ “មានកិច្ចសហប្រតិបត្តិការល្អ” ទៅវិញ។

លោក ណុប ចាន់វណ្ណៈ លេខាទី១នៃស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីថ្លែងថា លោកក៏មិនដឹងដែរថា ពលរដ្ឋខ្មែរប៉ុន្មាននាក់ត្រូវបានចាប់ខ្លួន។ លោកលើកឡើងថា “ខ្ញុំដឹងថាមានមួយចំនួន ប៉ុន្តែខ្ញុំមិនដឹងថាមានប៉ុន្មានទេ”។

លោកបានមានប្រសាសន៍ថា លោក នូ ប៊ុនណារ៉ា មន្ត្រីទទួលបន្ទុកកិច្ចការការងារប្រចាំនៅស្ថានទូត បានមិនស្ថិតនៅក្នុងការិយាល័យទេ ហើយមិនអាចទាក់ទងបានឡើយ។

លោក ណុប ចាន់វណ្ណៈ លើកឡើងថា ពលករខ្មែរគ្មានលិខិតស្នាមដែលធ្វើការនៅប្រទេសម៉ាឡេស៊ី បានមកកាន់ស្ថានទូតដើម្បីសុំជំនួយចាប់តាំងពីការបង្ក្រាបចាប់ផ្ដើមមក។ លោកប្រាប់ថា “ឥឡូវមានជនអន្តោប្រវេសន៍ច្រើននៅទីនេះ ដោយសារតែរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីកំពុងអនុវត្តច្បាប់ថ្មី។ ពួកគាត់កំពុងស្នើសុំឯកសារ និងការស្នាក់នៅ ព្រមទាំងចំណីអាហារ”។

លេខាទី១រូបនេះបញ្ជាក់ថា ពេលនេះស្ថានទូតកំពុងផ្ដល់កន្លែងជ្រកកោនដល់ពលរដ្ឋខ្មែរជាង២០នាក់ ប៉ុន្តែលោកមិនដឹងថាមានប៉ុន្មាននាក់ទេដែលបានមកសុំជំនួយចាប់តាំងពីថ្ងៃទី០១ ខែកក្កដាមក។

រដ្ឋាភិបាលម៉ាឡេស៊ីនិយាយថា ខ្លួនបានទុកពេលរាប់ខែឱ្យថៅកែចុះបញ្ជីពលករគ្មានលិខិតស្នាមរាប់សែននាក់ដែលខ្លួនជឿថាកំពុងធ្វើការនៅក្នុងប្រទេសនេះ ប៉ុន្តែឱសានវាទនេះបានធ្វើឱ្យពលករតិចជាង១ភាគ៤ប៉ុណ្ណោះដែលបានក្លាយជាពលករស្របច្បាប់។

អង្គការសិទ្ធិមនុស្សនានានិយាយថា “ភាគច្រើននៃពលករទាំងនោះបានក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សរួចទៅហើយក្រោមស្នាដៃថៅកែរបស់ពួកគាត់ ហើយការបង្ក្រាបលើកចុងក្រោយនេះធ្វើឱ្យពួកគាត់ប្រឈមហានិភ័យកាន់តែខ្លាំង”៕ សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស