32 C
Phnom Penh

បុរស​​​ដែល​​​​​​ធ្វើ​​​ទារុណកម្ម​​​លើ​​​កុមារ និង​​​ប្រុស​​​ស្នេហ៍​​​ត្រូវ​​​បានតុលាការ​​​​​​ផ្តន្ទាទោស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុងសំណុំរឿងប្រើអំពើហិង្សាដែលធ្វើឲ្យផ្ទុះកំហឹងក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ជនជាតិហូឡង់ម្នាក់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកាលពីម្សិលមិញ ពីបទជួយមិត្តប្រុសជនជាតិវៀតណាមឲ្យចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីវីដេអូឃ្លីបដែលបង្ហាញសកម្មភាពជននេះធ្វើទារុណកម្មលើក្មេងប្រុសម្នាក់ដោយប្រើឧបករណ៍ឆក់ បានបែកធ្លាយតាមហ្វេសប៊ុកកាលពីខែធ្នូ។

មិត្តប្រុសរបស់លោក Stefan Struik ឈ្មោះ ង្វៀន ថាញ់ឌុង អាយុ៣៤ឆ្នាំដែលកំពុងឃុំខ្លួននៅក្នុងប្រទេសវៀតណាមចាប់តាំងពីពេលត្រូវបានចាប់ខ្លួនពេលទៅដល់ទីក្រុងហូជីមិញ ក៏ត្រូវបានផ្តន្ទាទោសកំបាំងមុខឲ្យជាប់បន្ធនាគាររយៈពេល១៨ឆ្នាំផងដែរ  នេះបើយោងតាមលោក  មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី។នគរបាលបានលើកឡើងពេល ង្វៀន ថាញ់ឌុង ត្រូវបានចាប់ខ្លួនថា មានវីដេអូឃ្លីបសរុបចំនួន៤៩ដែលបង្ហាញពីសកម្មភាពប្រើអំពើហិង្សាលើក្មេងប្រុសអាយុ២ឆ្នាំរូបនេះ ត្រូវបានរកឃើញនៅក្នុងទូរស័ព្ទរបស់ជននេះ។

cam-photo-child-tortureម្តាយក្មេងប្រុសរូបនេះបានលើកឡើងកាលពីម្សិលមិញថា អ្នកស្រីមានការពេញចិត្តចំពោះការសម្រេចរបស់តុលាការ ប៉ុន្តែ ចង់ឲ្យមានការបញ្ជូន ង្វៀន ថាញ់ឌុង មកកម្ពុជាវិញដើម្បីទទួលទោសរបស់ខ្លួន ជាក្តីសង្ឃឹមដែលអ្នកស្រីលើកឡើងថា ទំនងជាមិនអាចទៅរួចទេ ព្រោះនគរបាលវៀតណាមធ្លាប់បានប្រាប់អ្នកស្រីថា ជននេះនឹងត្រូវដាក់ទោសទណ្ឌនៅក្នុងប្រទេសកំណើតរបស់ខ្លួន។

អ្នកស្រីបាននិយាយថា ”ជននេះធ្វើរឿងនេះនៅកម្ពុជា ប៉ុន្តែ ឥឡូវកំពុងឃំុខ្លួននៅទី នោះ”។ អ្នកស្រីបានបន្ថែមថា “យើងមិនដឹងថា តើគេកំពុងឃុំខ្លួនជននេះដោយរបៀបណាឡើយ”។

ម្តាយក្មេងប្រុសរូបនេះបានបន្ថែមថា  បន្ទាប់ពីវីដេអូឃ្លីបពីការធ្វើទារុណកម្ម បាន បែកធ្លាយមក គ្រួសាររបស់គាត់បានផ្លាស់ទៅកាន់ខេត្តព្រះសីហនុដើម្បីចាប់ផ្តើមជីវិតថ្មីដែលនៅទីនោះបានជួយឱ្យក្មេងប្រុសរូបនេះមានអារម្មណ៍ធូរស្បើយ។

គាត់និយាយថា “វាអាចលេងជាមួយក្មេងដទៃទៀតធម្មតា។ ប្រសិនបើមានមនុស្សដែលវាមិនស្គាល់ គឺវាខ្លាច”។

លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តបានបន្ថែមថា លោក Struik អាយុ៥៣ឆ្នាំ ដែលត្រូវបានចាប់ខ្លួនកាលពីខែធ្នូ នោះ ត្រូវបានពិន័យជាប្រាក់ចំនួន៤លានរៀល ហើយ ង្វៀន ថាញ់ឌុង ចំនួន៨០លានរៀល។

លោក Struik ត្រូវបានរកឃើញមានពិរុទ្ធភាពចពីបទមិនបានដាក់ពាក្យបណ្ដឹង ពីការធ្វើបាបក្មេងប្រុសរូបនេះ ជាទោសដែលត្រូវជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល ចំណែក ង្វៀន ថាញ់ឌុង ត្រូវបានផ្ដន្ទាទោសពីបទធ្វើទារុណកម្ម និងប្រើសកម្មភាពឃោរឃៅមានស្ថានទម្ងន់ទោសឱ្យជាប់ពន្ធនាគារពី១០ឆ្នាំ ទៅ២០ឆ្នាំ។

អំឡុងសវនាការកាលពីខែមុន លោក Struik ដែលមានសញ្ជាតិខ្មែរ និងជាម្ចាស់ចម្ការកាកាវ កន្លែងដែលការធ្វើទារុណកម្មកើតឡើងនោះបាននិយាយថា គាត់មិនបានដឹងពីការធ្វើទារុណកម្មនេះទេ រហូតទាល់តែមានវីដេអូឃ្លីបបែកធ្លាយតាមប្រព័ន្ធអុីនធឺណិត។ គាត់បានទទួលស្គាល់ថា គាត់បានជំរុញឱ្យ ង្វៀន ថាញ់ឌុង ចាកចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតណាមមែន ប៉ុន្តែបានបដិសេធថា គាត់មិនបានជួយក្នុងរឿងហ្នឹងទេ។

លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា លោក Struik ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តដើម្បីអនុវត្តទោសរបស់ខ្លួន ហើយបានបន្ថែមថា ក្រុមមន្ត្រីវៀតណាមមិនបានផ្ដល់ព័ត៌មានបច្ចុប្បន្នភាពអំពីនីតិវិធីតុលាការរបស់ ង្វៀន ថាញ់ឌុង នៅទីនោះឡើយ៕ ស៊ុយឈាង និង សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស